• 2019-03-11 05:00:00
  • ព័ត៌មាន

១០​ចំណុច​សំខាន់ៗ​ដើម្បី​ចៀស​ពី Fake News

  • 2019-03-11 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​ជា​យុគ​សម័យ​បច្ចេកវិទ្យា មនុស្ស​ភាគ​ច្រើន​ទទួល​ព័ត៌មាន​តាម​អ៊ីនធឺណិត​ច្រើន​ជាង​អាន​កាសែត ស្ដាប់​វិទ្យុ និង​មើល​ទូរទស្សន៍​។ បណ្ដាញ​សង្គម​ជាប់​លំដាប់​លេខ​មួយ​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​។ ជាមួយ​គ្នា​នេះ ក៏​ជា​ឱកាស​សម្រាប់​ព័ត៌មាន​មិន​ពិត (Fake News) ចេញ​ផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង​ផង​ដែរ​។ បើ​តាម ភ្នាក់​ងារ​សារព័ត៌មានREUTERS បាន​ស្រង់​ទិន្នន័យ​មក​បង្ហាញ​ថា ៧០% នៃ​ព័ត៌មាន​មិន​ពិត​គឺ​ចែកចាយ​តាម​បណ្ដាញ​សង្គម Tweeter ។ ភ្នាក់ងារ​សារព័ត៌មាន​ដដែល​បង្ហាញ​ថា Tweeter និង Facebook ជា​មុខ​សញ្ញា​ក្នុង​ការ​ស៊ើប​អង្កេត​របស់​អ្នក​ច្បាប់​អាមេរិក ចំពោះ​ការ​មិន​បាន​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​។ នេះ​ជា​សាវតារ​ខ្លះៗ​ទាក់​ទិន​នឹង​ស្ថានភាព​ទូទៅ​នៃ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត (Fake News ឬ Fals News) ។

យោង​តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន Facebook បាន​បង្ហាញ​ពី​គន្លឹះ​មួយ​ចំនួន​ដើម្បី​ចៀស​វាង​ពី​ព័ត៌មាន​មិន​ពិត ដែល​អាច​ឈាន​ទៅ​ដល់​ការ​រើសអើង​ក្នុង​សង្គម និង​បង្ក​ភាព​វឹកវរ​ជា​ដើម​។

ទី១ មើល​លើ​ចំណង​ជើង​។​ Facebook អះអាង​ថា ព័ត៌មាន​បំពុល ឬ​មិន​ពិត​តែង​ចាប់​យក​ចំណង​ជើង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល អស្ចារ្យ មិន​គួរ​ឲ្យ​ជឿ​បាន​។ កាលណា​ឃើញ​ចំណង​ជើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពេល​ចុច​ទៅ​អាន ឬ​មើល​ខ្លឹមសារ គឺ​គ្មាន​ប្រយោជន៍​សោះ ឬ​អាច​និយាយ​ញុះញង់​ផ្លូវ​ចិត្ត​ក៏​មាន​។

ទី២ មើល​លើ Link ឲ្យ​ច្បាស់​។ ចំណុច​នេះ​គេ​តែង​សង្កេត​ឃើញ​មាន​គេហទំព័រ​ព័ត៌មាន​ក្លែងក្លាយ​ជា​ច្រើន​បន្លំ Link ឬ​ឈ្មោះ​ស្រដៀង​គ្នា​នឹង​គេហទំព័រ​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ ឧទាហរណ៍​ថា news.sabay.com.kh ជា​គេហទំព័រ​ដែល​មាន​ក្រមសីលធម៌​ត្រឹមត្រូវ និង​មាន​អ្នក​តាម​ដាន​ច្រើន ក៏​ប៉ុន្តែ​មាន​ជន​កំហូច​ខ្លះ​បាន​កែ​ប្រែ Link បន្តិច​ទៅជា newssabaynas.in ដូច្នេះ​វិញ ហើយ​បន្លំ​សរសេរ​ខ្លឹមសារ​មិន​ពិត​។

ទី៣ ពិនិត្យ​មើល​ប្រភព​។ ត្រូវ​ប្រាកដ​ថា​ព័ត៌មាន​ដែល​ពិត​គឺ​តែង​មាន​ប្រភព ដែល​បង្ហាញ​ដោយ​ឈ្មោះ តួនាទី ស្ថាប័ន រូបថត​ជា​អំណះអំណាង​។ ហើយ​មាន​គេហទំព័រ​ខ្លះ​ទៀត​ឈាន​ដល់​បង្ហាញ​សមាសភាព​អ្នក​និពន្ធ​ព័ត៌មាន​ផង​។ ដោយ​ឡែក​គេហទំព័រ​ព័ត៌មាន​មួយ​ចំនួន​មិន​ទាន់​ល្បី​ឈ្មោះ គួរ​តែ​ចូល​ទៅ​ឆែក​ត្រង់ «អំពី​យើង» ឬ «About» ។

ទី៤ ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​។ អ្នក​តាម​ដាន​ព័ត៌មាន​ត្រូវ​ពិនិត្យ​មើល​ទម្រង់​រូបរាង​គេហទំព័រ អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​ជាដើម​។ គេហទំព័រ​ព័ត៌មាន​ក្លែងក្លាយ តែង​មាន​ទម្រង់​រូបរាង​មិន​រៀបរយ តាម​លំដាប់​លំដោយ​មាន​លោត Ads រញ៉េរញ៉ៃ ដែល​ជា​ប្រភព​មេរោគ ចំណែក​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​មិន​សុក្រឹត​ត្រឹមត្រូវ​ឡើយ​។ គេហទំព័រ​ដែល​មាន​វិជ្ជាជីវៈ​ពិត​ប្រាកដ​គេ​ចំណាយ​ដើម​ទុន​ក្នុង​ការអភិវឌ្ឍន៍​រូបរាង​គេហទំព័រ និង​ប្រើ​កម្មវិធី​សរសេរ​បែប​វិជ្ជាជីវៈ ដែល​ជួយ​សម្រួល​ការ​ប្រកប​អក្សរ​បាន​យ៉ាង​សុក្រឹត​បំផុត​។

ទី៥ ពិចារណា​លើ​រូបភាព​។ ត្រង់​នេះ Facebook បាន​ប្រាប់​ថា Fake News តែង​ដាក់​រូបភាព ឬ​វីដេអូ​ច្រើន​ជាង​អត្ថបទ ហើយ​ពេល​ខ្លះ​រូបភាព​មិន​បាន​បញ្ជាក់​ន័យ​ឲ្យ​អត្ថបទ​ទេ (​គ្រាន់​តែ​ដាក់​) ។ ពេល​ខ្លះ​រូបភាព​នោះ​ជា​រូប​ពិត ហើយ​អ្នក​សរសេរ​អត្ថាធិប្បាយ​ដោយ​គ្មាន​មូលដ្ឋាន​គ្រប់​ជ្រុងជ្រោយ​។ រូប​នោះ​អាច​ជា​រូប​មក​ពី Internet ឬ​ជា​រូប​ដែល​ថត​បាន​ដោយ​គ្មាន​វិជ្ជាជីវៈ​។

ទី៦ ពិនិត្យ​លើ​កាលបរិច្ឆេទ

ទី៧ ឆែក​មើល​ភស្តុតាង​ក្នុង​ព័ត៌មាន ថា​តើ​មាន​អំណះអំណាង​ត្រឹមត្រូវ​ទេ ឬ​គ្រាន់​តែ​សរសេរ​រវើរវាយ​? តើ​មាន​សមាសភាគ​អី​ខ្លះ​ក្នុង​រឿង​នោះ​? មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​ណា​ខ្លះ មាន​ការ​ចូល​រួម​ពី​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដែរ​ទេ​?

ទី៨ មើល​សេចក្ដី​រាយការណ៍​ព័ត៌មាន​ផ្សេង​ទៀត​។ បើ​មិន​មាន​ស្ថាប័ន​ព័ត៌មាន​ណា​រាយការណ៍​ពី​រឿង​នោះ​ទេ វា​អាច​ជា​រឿង​កុហក មិន​ពិត​។

ទី៩ ជួន​កាល​ជា​រឿង​កំប្លែង​កម្សាន្ត​។ វា​លំបាក​បែង​ចែក​ដែរ រវាង​រឿង​បែប​កំប្លែង​កម្សាន្ត​អារម្មណ៍ និង​ព័ត៌មាន​ក្លែងក្លាយ​។ តែ​អ្នក​តាម​ដាន​ត្រូវ​សម្គាល់​ដែរ​ថា ប្រភព​ក្នុង​រឿង​កំប្លែង​ប្រតិស្ឋ​ឡើង​បែប​ត្លុក របៀប​ជា​សិល្បៈ​មួយ ហើយ​សាច់​រឿង​គ្រាន់​តែ​ដើម្បី​កម្សាន្ត​ប៉ុណ្ណោះ​។

ទី១០ គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ នៅ​ពេល​អ្នក​អាន​ព័ត៌មាន​ណា​មួយ​។ ហើយ​ចែក​រំលែក​តែ​ព័ត៌មាន​ចេញ​ពី​ស្ថាប័ន​ណា ដែល​អ្នក​ទុក​ចិត្ត​បំផុត ចៀស​វាង​ចេតនា​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​មិន​ពិត​។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់