• 2019-03-15 04:32:29
  • ព័ត៌មាន

គណិតវិទូក្រិចបុរាណប្រើតែដំបង​ឈើមួយ និង​វិធី​គណនាលេខធម្មតាអាចដឹង​បរិមាត្រផែន​ដី

  • 2019-03-15 04:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណិត​វិទូ​ក្រិច​បុរាណ​គ្រាន់​តែ​​ប្រើ​ដំបង​ឈើ​មួយ​ បូក​រួម​នឹង​ចំណេះ​ដឹង​ផ្នែក​គណិតវិទ្យា​របស់​ខ្លួន​បាន​គណនា​បរិមាត្រ​ផែន​ដី​ស្ទើរ​តែ​ត្រឹម​ត្រូវ​១០០​ភាគ​រយ​ដូច​អ្នក​វិទ្យាសាស្រ្ត​បច្ចុប្បន្ន។

នៅ​ដើម​សវត្សទី​២០ អ្នក​វិទ្យា​សាស្រ្ត​បាន​បាញ់​ផ្កាយ​រណប​ទៅ​លំហ​អាកាស​ និង​បាន​គណនាឃើញ​ថា​បរិមាត្រ​ផែន​ដីមាន​ប្រវែង​ ៤០ ០៣០​គីឡូ​ម៉ែត្រ។ ប៉ុន្តែ​គណិត​វិទូ​ក្រិច​បុរាណកាលជាង​២០០០​ឆ្នាំ​មុន​ លោក Eratosthenes (២៧៦-១៩៤ ឆ្នាំមុន​គ.ស.) បាន​រក​ឃើញ​ថា​បរិមាត្រ​របស់​ផែន​ដី​មាន​ប្រវែង​៤០ ០០០​គីឡូម៉ែត្រ។

ការ​រក​ឃើញ​នេះ​ លោក​បាន​ប្រើ​វិធី​សមញ្ញ​ប៉ុណ្ណោះ ដោយ​ប្រើ​ដំបង​ឈើ​មួយ ​ជាមួយ​និង​ចំណេះ​ដឹង​ផ្នែក​គណិតវិទ្យា​របស់​លោក។

ដំបូង​ឡើយ​លោក​សង្កេត​ឃើញថា​ទីក្រុង​Syeneភាគខាង​ត្បូង​ Alexandria ដែល​អ្វី​ៗមិនមាន​ស្រមោល​ទេ​នៅ​ពេល​ព្រះ​អាទិត្យ​ដើរ​ចំ​ពី​លើ​ក្បាល​មនុស្ស តែ​នៅAlexandria ​លោក​បាន​សាក​យក​ដំបង​ឈើ​មួយ​ដោត​ទៅ​នឹង​ដី ហើយ​បាន​ចាំមើល​ថា​តើ​ពេល​ព្រះអាទិត្យ​ដើរ​ដល់​ចំ​ពីលើ​ក្បាល​មនុស្ស​វាមាន​ស្រមោល​ឬយ៉ាងណា។

ពេលនោះ​លោក​ឃើញ​ថា​ទោះព្រះអាទិត្យ​នៅ​ចំពី​លើ​ហើយ​ក្ដី​ក៏​ដំបងឈើ​របស់​លោក​នៅមាន​ស្រ​មោល​ ដែល​វាស់​ចេញ​បាន​មុំ​៧,២​ដឺក្រេ​គិត​ពី​ចំណុច​កំពូលនៃ​ដំបងឈរ​មក​កាន់​ចុង​ស្រមោល​នៅ​លើ​ដីរាប​ស្មើ​។ តោង​តាម​ភស្តុ​តាង​ពីរ​នេះ​លោក​គិតថា​ផែនដី​មាន​រាង​មូល​។

ជាមួយ​គ្នានេះ​ដែរ​លោក​ក៏បានជួល​បុរស​ម្នាក់​ឲ្យដើរ​និង​​វាស់​ចម្ងាយ​ពី​Alexandria ទៅ​ទីក្រុងSyene ដោយ​បានដឹងថា​មាន​ចម្ងាយ​ប្រ​ហែល​៨០០​គីឡូម៉ែត្រ។

លោក​បាន​ចាប់​ផ្តើមគណនា​បរិមាត្រផែន​​ដី​ដោយ​ប្រើ​វិធី​សមាមាត្រ​ធម្មតា​មួយ ដោយ​យក ៧,២/៣៦០​ដឺក្រេ ឬ១/៥០=៨០០គីឡូម៉ែត្រ/Xម៉ែត្រ ដែលនាំឲ្យ​លោក​ឃើញថា Xម៉ែ​ត្រ= ៨០០ គុណនឹង​៥០ នាំឲ្យ​X​​ស្មើ​នឹង​ ៤០ ០០០​គីឡូម៉ែត្រ ខណៈ​អ្នក​វិទ្យា​សាស្រ្ត​បច្ចុប្បន្ន​រកឃើញ​ថា​បរិមាត្រ​ផែន​​ដី​មាន​ប្រ​វែង​៤០ ០៣០គីឡូម៉ែត្រ៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់