• 2019-03-15 04:40:09
  • ការអប់រំ

Wow! ប្រកួតតស៊ូមតិ និងនិយាយជាសាធារណៈ ដើម្បីបានរង្វាន់ទៅលេងអង់គ្លេស ២ សប្ដាហ៍ Free

  • 2019-03-15 04:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី CamDEBATE គឺជា​វេទិកា​លើកកម្ពស់​ដល់​វប្បធម៌​ចែក​រំលែក​ទស្សន​វិ​ស័​យ​នានា​រវាង​យុវជន​កម្ពុជា​ក្នុងនាម​លើកកម្ពស់ និង​ពង្រឹង​ការ​យល់ដឹង ចំណងមិត្តភាព និង​ចំណេះ​ទាំង​ឡាយ​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង​ការ​តស៊ូ​មតិ (Public Speaking and Debate)។

ក្នុង​ឆ្នាំ​នេះ កម្មវិធី CamDEBATE បាន​ចេញ​មក​ស្វែង​រក​ជើង​ខ្លាំង​ផ្នែក​និយាយ​ជា​សាធារណៈ និង​តស៊ូ​មតិ ដើម្បី​ទទួល​យក​រង្វាន់​​ជា​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ចក្រ​ភព​អង់គ្លេស​រយៈពេល ២ សប្ដាហ៍ រួម​​បញ្ចូល​​ទាំង​រង្វាន់​ផ្សេងៗ​ទៀត​ដូចជា ពាន​ង្វាន់ មេដាយ អាហារូបករណ៍​សិក្សា​នៅ ACE ផ្ទាល់ លិខិត​បញ្ជាក់​ជយ​លា​ភី និង​កាដូ​​មួយ​ឈុត។

មិន​មែន​ត្រឹម​តែ​ជា​ការ​ប្រកួត​ទេ កម្មវិធី​នេះ​ផ្ដោត​លើ​ការ​ខិត​ខំ​និង​ព្យាយាម​យ៉ាង​ផ្ចិតផ្ចង់​ទៅលើ​ការចែក​រំ​លែ​ក​គំ​និ​ត​ល្អៗ​រវាង​សិស្សានុសិស្ស និង​អ្នក​ជំនាញ​វ័យ​ក្មេង​ក្នុង​ស​ង្គ​ម​។ អ្នក​ចូល​រួម​នឹង​មាន​ឱកាស​ចូលរួម​ចែក​រំ​លែក​ទស្សនវិស័យ​ក្នុង​បរិយាកាស​មួយ​ពោរពេញ​ដោយ​ភាព​ក្លាហាន ចាប់​តាំងពី​វ​គ្គ​សាកល្បង​ដំបូ​ង​រហូតដល់​វ​គ្គ​ផ្ដាច់​ព្រ័ត។ បេក្ខជន​នឹង​បាន​ស្វែង​យល់ ថែមទាំង​ទទួល​បាន​ចំណេះដឹង​អំ​ពី​បញ្ហា​ជាតិ​និង​អន្តរជាតិ​សំខាន់ៗ។

កម្មវិធី CamDEBATE មាន​គោល​បំណង​ផ្ដល់​នូវ៖

  • វេទិការ​ព​ង្រឹ​ង​និង​គាំទ្រ​ការ​អភិ​វ​ឌ្ឃ​ន៍​ជំ​នា​ញ​ដោះ​ស្រាយ​បញ្ហា ការគិត​វែក​ញ៉ែ​ក និង​ជំនាញ​អន្តរ​បុគ្គ​ល​ដល់​និ​សិ​ត្ស​និង​អ្នក​ជំ​នា​ញ​វ័​យ​ក្មេង​ក្នុង​ប្រទេស​កម្ពុជា​
  • ឱកាស​សម្រាប់​បេក្ខជន​ដែល​មាន​បំ​ណង​ចូលរួម​ក្នុង​ការតស៊ូ​មតិ​និង​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ​ជា​ភាសា​អង់គ្លេស​ដើម្បី​បង្កើន​និង​បង្ហាញ​ភាព​ស្ទាត់​ជំ​នា​ញ​របស់​ពួកគេ​
  • ឱកាស​សម្រាប់​អភិ​វ​ឌ្ឃ​ន៍​ជំ​នា​ញ​សំ​ខាន់​នានា​ដែលមាន​ប្រយោជន៍​ដល់​ការសិក្សា ការ​អភិ​វ​ឌ្ឃ​ន៍​ផ្ទាល់ខ្លួន និង​ឱកាស​ការងារ​របស់​បេក្ខជន​
  • ឱកាស​ក្រេប​យក​ចំណេះវិជ្ជា ការ​ស្វែង​យល់ និង​ចេះ​បញ្ចេញយោបល់​លើ​ប្រធានបទ​ស្មុគស្មាញ​ជាច្រើន ដែល​ទាំង​នេះ​នឹង​រួម​ចំ​ណែ​ក​ដល់​ការ​អភិ​វ​ឌ្ឍ​បុគ្គ​ល​គ្រប់​រូប​
  • ឱកាស​ព​ង្រី​ក​ខ្សែ​បណ្ដាញសម្រាប់​បេ​ក្ខ​ជន​ដែល​មកពី​តំ​បន់ ឬ មាន​ជាតិ​សាសន៍​ខុសគ្នា​។​

បេក្ខជន​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​សុទ្ធ​តែ​មាន​សិទ្ធ​​អាច​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី CamDEBATE នេះ​បាន​។ ការ​ប្រកួត​គឺ​បែងចែក​តាម​អាយុ​ជា ២ ​ប្រភេទ គឺ​ការ​ប្រកួត​រវាង​​សិស្ស​វិទ្យា​ល័យ និង និស្សិត ឬ​​រវាង​បុគ្គលិក​ការិយាល័យ​វ័យ​ក្មេង​ដែល​មាន​អាយុ​ក្រោម ២៥ ឆ្នាំ ដោយ​តម្រូវ​ឲ្យ​​​ចុះឈ្មោះ​ និង​បង់​ប្រាក់​មុន​ថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ​២០១៩​។​

សម្រាប់​ប្រភេទ សិស្ស​វិទ្យាល័យ បេក្ខជន​ត្រូវ​មាន​អាយុ​យ៉ាងហោចណាស់ ១៥ ឆ្នាំ​ឡើង​ទៅ​ និង កំពុង​សិ​ក្សា​នៅ​វិទ្យា​ល័យ​​ណា​មួយ​នៅ​កម្ពុជា​អំឡុង​ពេល​ដែល​ចុះ​ឈ្មោះ​។​

សម្រាប់​ប្រភេទ និស្សិត និង​បុគ្គលិក​​វ័​យ​ក្មេង​វិ​ញ បេក្ខជន​ត្រូវ​មាន​អាយុ​អាយុ​ក្រោម ២៥ ឆ្នាំ និង​កំពុង​សិ​ក្សា​កម្រិត​មហា​វិទ្យា​ល័​យ ឬ​បម្រើ​ការងារ ឬ​មាន​មុខរបរ​ផ្ទាល់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អំឡុង​ពេល​ដែល​ចុះ​ឈ្មោះ​។

បេក្ខភាព​ទាំង​អស់​នឹង​ទទួល​បាន​ការ​ប​ណ្តុះ​បណ្តាល​ដូចជា​ ចូលរួម​វគ្គ​ពង្រឹង​ជំនាញ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង ការ​តស៊ូ​មតិ ដែល​នឹង​ផ្ដល់​ឲ្យ​ដោយ​គ្រូ​ណែនាំ​ជំនាញ (mentor) មកពី​សាលា​និង​ស្ថាប័ន​ផ្សេងៗ​ដែល​ជា​ដៃគូ​សហការ របស់ CamDEBATE។

ចាប់ផ្ដើម​ទទួលពាក្យ​ពី​ពេល​នេះ​រហូតដល់​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​ ២០១៩។ ដើម្បី​ធ្វើការ​ចុះឈ្មោះ សូម​បេក្ខជន​ដែល​ចាប់អារម្មណ៍​ត្រូវ​ធ្វើ​តាម​ជំ​ហាន​ដូច​ខាង​ក្រោម៖

  • បេក្ខជន​អាច​ចុះ​ឈ្មោះ​នៅ​លើ​បណ្ដាញ (Online) តាម​រយៈ​វេបសាយ www.camdebate.org/Login

  • បេក្ខជន​អាច​ធ្វើ​ការ​បង់​ប្រាក់ (២០ ដុល្លារ​អាមេរិក​) នៅ​ការិយាល័យ​របស់ សាលា ACE ទីតាំង​ណា​ក៏បាន មុន​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​ ២០១៩ ឬ​បេក្ខជន​អាច​ធ្វើ​ការ​បង់​ប្រាក់​តាម​រយៈ​រយៈ​បណ្ដាញ (Pay Online)​

  • បេក្ខជន​អាច​ចុះ​ឈ្មោះ​ចូល​ប្រកួត​បាន​ទាំងពីរ​មុខ (ការ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង ការ​តស៊ូ​មតិ)

  • ប្រសិនបើ​បេក្ខជន​ធ្លាក់​នៅ​វគ្គ​ដំ​បូ​ង (Audition Round) ពួកគេ​នឹង​ទទួល​បាន​ប្រាក់​ដែល​បាន​បង់​ពេល​ចុះឈ្មោះ​វិញ​។

  • សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់ http://www.camdebate.org/

អត្ថបទ៖ សុខណា

មតិយោបល់