• 2019-03-16 03:46:39
  • ព័ត៌មាន

អាកាសយាន​ដ្ឋាន​បួន​ក្នុង​ប្រទេស​អាស៊ាន​មានឈ្មោះ​​ក្នុង​ចំណោម​អាកាសយានដ្ឋាន​ល្បីទាំង១០​របស់ពិភព​លោក​

  • 2019-03-16 03:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​បួន​ស្ថិត​ក្នុង​ប្រ​ទេស​ជា​សមាជិក​អាស៊ាន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​​​កន្លែង​ដែល​​មាន​ភាព​ទាក់ទាញ និងទំនើប​បំផុត​ក្នុង​ចំណោម​អាកាស​យាន​ដ្ឋាន​ល្បី​ទាំង​១០​លើពិភព​លោក។

១. អាកាសយានដ្ឋានChangi​របស់​សិង្ហ​បុរី៖ អា​កាស​យាន​ដ្ឋាន​នេះ​បានជាប់​ជា​អាកាស​យានដ្ឋាន​ល្អ​ដាច់​គេ​លើពិ​ភព​លោក​ចំនួន​ប្រាំ​មួយ​ឆ្នាំ​ជាប់​ៗ​គ្នា​គិត​តាំងពី​ឆ្នាំ​២០០៨​មក។ អា​កាសយា​ន​ដ្ឋាន​នេះ​ពោពេញ​ដោយ​ធម្មជាតិ នៅ​តាម​ច្រក​ចេញ​ចូល​មាន​សួន​លម្អ ដោយ​ផ្កាឈូករ័ត្ន និង​សួន​មេ​អំបៅជា​ដើម។ ក្រៅពីនេះ​ក៏​មាន​កន្លែង​មួយ​ចំនួន​ទៀត​មាន​រចនា​ប័ទ្មតាម​បែប​អាស៊ី និង​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មាន​អារម្មណ៍​ធូរ​ស្បើយ ជា​មួយ​បរិយាកាស​ស្ងប់​សុខ។​

(អាកាសយានដ្ឋាន​អន្តរជាតិ Changi)

២. អា​កាស​យានដ្ឋាន​អន្តរជាតិ​Kuala Lumpur របស់​ម៉ាឡេស៊ី​៖ អា​កាសយានដ្ឋាននេះ​បាន​រៀប​ចំ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ទទួល​បាន​នូវ​ការ​កម្សាន្ត ពេល​កំពុង​រង់​ចាំ​ជើង​ហោះ​ហើរបន្ទាប់។ អ្នក​ដំណើរ​អាច​មើល ទូរទស្សន៍ មាន​ប៉ុស្តិ៍​កម្សាន្តល្បី ហើយ​បើអ្នក​ដំណើរ​មិន​ចង់មើល​ទូរទស្សន៍​អាច​​ប្រើ​អ៊ីនធឺណេត​សម្រាប់​ការ​កម្សាន្ត​ផ្សេងៗ​ដោយ​មិនគិត​ថ្លៃ។

(កន្លែង​មួយ​ក្នុងអាកាសយានដ្ឋាន​អន្តរជាតិ Kuala Lumpur)

៣. អាកាសយានដ្ឋាន​អន្តរជាតិសុវណ្ណភូមិ​ របស់​ថៃ៖ អា​កាស​យាន​ដ្ឋាន​នេះ​មាន​​លក់​ម្ហូប​ និងទំនិញ​បែប​ប្រ​ពៃណី​។ អា​កាសយានដ្ឋានេះ​ក៏ជា​អាកាស​យាន​ដ្ឋាន​ធំបំផុត​មួយ​ក្នុង​ចំណោម​អាកាស​យានដ្ឋាន​ធំៗលើពិភពលោក ដែល​បាន​ផ្ដល់​ជូន​អ្នក​ដំណើរ​នូវ​ការ​ហោះ​ហើរ​ដោយ​រលូន និង​កក់​ក្ដៅ។

(ហាង​លក់ទំនិញ​មួយ​ក្នុងព្រលាន​យន្ត​ហោះសុវណ្ណភូមិ)

៤. អា​កាស​យាន​ដ្ឋាន​អន្តរជាតិ​ Samui ស្ថិត​ក្នុង​ខេត្ត​Surat Thani ប្រ​ទេសថៃ៖ អាគារ​អាកាស​យាន​ដ្ឋាន​នេះ​សង់ឡើង​ដោយមាន​ប្រើ​ឫស្សី និង​ប្រក​ស្លឹក​។ ផ្កា​នៅ​តាម​ច្រក​ចេញ​ចូល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មាន​អារម្មណ៍​រសាយ បរិយាកាស​ខាង​ក្នុង​មិនមាន​ប្រើ​ម៉ាស៊ីន​ត្រជាក់ តែ​មាន​​ខ្យល់​ធម្មជាតិបក់​ចេញ​ចូល​។ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​​របស់​ឯកជន​មួយ​នេះ ធ្លាប់​បាន​ទទួលរង្វាន់​អន្តរជាតិ​ក្នុងការ​អភិរក្ស​បរិស្ថាន​ផង​ដែរ។

(អា​កាស​យាន​ដ្ឋាន​អន្តរជាតិ​ Samui)

សម្រាប់​អាកា​យាន​ដ្ឋាន​ដែល​គេ​គិត​ថា​ឡូយ​​ឆើត​ឆាយ​​ចំនួន​ប្រាំ​មួយ​ផ្សេងទៀត​មាន​អាកាស​យាន​ដ្ឋាន Dubai International Airport នៅអា​រ៉ាប់រួម McCarran International Airport សហរដ្ឋអាមេរិក Munich Airport នៅ​អាល្លឺម៉ង់ London Heathrow Airport នៅ​ចក្រភព​អង់គ្លេស​ Incheon International Airport នៅកូរ៉េខាងត្បូង​ និង​Hong Kong International Airport៕

ប្រភព៖ listverse ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់