• 2019-03-16 04:34:47
  • ព័ត៌មាន

ពីឡុត​ទទូច​ស្នើសុំ​​ចុះ​ចត​វិញ​ ក្រោយ​ដឹង​ថា​​ម្តាយ​ម្នាក់​ភ្លេច​ទារក​នៅ​ប្រលានយន្តហោះ

  • 2019-03-16 04:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភព​លោក​យើង​នេះ អ្វី​ក៏​អាច​កើត​មាន​ដែរ។ យោង​តាម​ Daily Mail បាន​ឱ្យ​ដឹង​ថា​ជើង​ហោះហើរ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​កូឡាឡាំពួរ ពី​ទី​ក្រុង Jeddah ត្រូវ​បាន​បង្ខំ​ឱ្យ​ងាក​​ត្រលប់​វិញ​ បន្ទាប់​ពី​​ពីឡុត​ត្រូវ​បាន​ប្រាប់​ថា​មាន​អ្នក​ដំណើរ​ម្នាក់​ភ្លេច​ទារក​របស់​ខ្លួន​នៅ​ប្រលាន​យន្តហោះ King Abdul Aziz កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។

សំលេង​ពីឡុត​​តាម​រយៈ​ខ្សែ​អាត់​មួយ​បាន​​និយាយ​ថា "សូម​ព្រះ​ជួយ! តើ​យើង​អាច​​ត្រលប់​ចូល​ប្រលាន​វិញ​បាន​ទេ?"។

“ជើង​ហោះហើរ​នេះ​កំពុង​ស្នើ​សុំ​ត្រឡប់​មក​វិញ។ អ្នក​ដំណើរ​ម្នាក់​បាន​ភ្លេច​កូន​របស់​នាង​នៅ​កន្លែង​រង់​ចាំ​ ហើយ​វា​ជា​រឿង​សង្វេគ​ណាស់"។

បើ​ទោះ​ជា​ពីឡុត​ទទូច​ស្នើ​សុំ​ម្តងហើយ​ម្តង​ទៀត ស្ថានីយ​នៅ​ប្រលាន​នៅ​តែ​ចង់​បាន​ការ​បញ្ជាក់​ឲ្យ​ច្បាស់​ ក្រែង​ថា​ជា​ការ​ស្តាប់​ច្រលំ។ ប្រភព​ខាង​លើ​បន្ត។

ពីឡុត​បញ្ជាក់ "យើង​ប្រាប់​អ្នក អ្នក​ដំណើរ​ម្នាក់​បាន​ទុក​កូន​របស់​នាង​​កន្លែង​រង់ចាំ​ហោះហើរ ហើយ​សុំ​អង្វរ​មិន​ជិះ​យន្តហោះ​ទៅ​មុខ​ទៀត​ទេ"។

ទី​បំផុត មន្ត្រី​ប្រលាន​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​​ពួកគេ​ត្រលប់​ចូល​អាកាសយានដ្ឋាន​វិញ។ "យល់ព្រម អាច​ត្រឡប់​មក​ច្រក​ទ្វារ​វិញ​បាន។ នេះ​ជា​រឿង​ថ្មី​សម្រាប់​ពួក​យើង"។​ មន្ត្រី​គ្រប់គ្រង​បច្ចេកទេស​ឆ្លើយ​តប។

គេ​មិន​ច្បាស់​ទេ​ថា តើ​យន្តហោះ​ដែល​សុំ​ត្រលប់​ចូល​ប្រលាន​វិញ​កំពុង​ហោះហើរ​លើ​អាកាស​ហើយ ឬ ទើប​តែ​រត់​លើ​ផ្លូវ​ចេញ​ពី​ប្រលាន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់