• 2019-03-16 08:00:00
  • ការអប់រំ

មិនអន់ទេ! ខ្មែរយើងមានលេខនេះ ជួយជីវិតស្តែងៗ ប្រាប់មុនពីគ្រោះមហន្តរាយ (មានវីដេអូ)

  • 2019-03-16 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រកាស​ឲ្យ​ដឹង​មុន ១២៩៤ គឺ​លេខ​ទូរសព្ទ​ទាន់​ហេតុការណ៍ ទុក​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចុះ​ឈ្មោះ​ប្រើប្រាស់​ឥត​ថ្លៃ ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ និង​បញ្ហា​នានា។

ជា​រៀងរាល់​ឆ្នាំ​គ្រោះ​មហន្តរាយ​តែង​នាំ​បញ្ហា​​រំខាន​ដល់​ការ​រស់នៅ ឬ​បើ​ធ្ងន់ធ្ងរ​អាច​ដល់​បាត់បង់​ជីវិត​មនុស្ស​ សត្វ​ដោយ​មិន​ដឹង​ដំណឹង​មុន។ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​បាន​ធ្វើការ​លើ​ផ្នែក​នេះ។

កញ្ញា លឿត ចិន្តា អ្នក​សរសេរ​កម្មវិធី នៃ​អង្គការ People in Need ហៅ​កាត់ PIN​ បាន​ប្រាប់ Sabay នៅ​ក្នុង​ពិពណ៌​បច្ចេកវិទ្យា​ដំបូង​គេ​នៅ​កម្ពុជា​ Digital Cambodia ថា​ លេខ​ទូរសព្ទ​ Hotline ​នេះ​ប្រជាពលរដ្ឋ​អាច​ចុះ​ឈ្មោះ​ប្រើ​ដោយសេរី ដោយ​គ្រាន់​តែ​ស្ដាប់​តាម​ការ​ណែនាំ។ បន្ទាប់​មក​លោក​អ្នក​ នឹង​​អាច​ទទួល​ព័ត៌មាន​មុន​យ៉ាង​រហ័ស ​ពេល​មាន​គ្រោះ​មហន្តរាយ​។

សូម​ទស្សនា​វីដេអូ​របស់ Development Innovations Cambodia ពី​អត្ថប្រយោជន៍ ១២៩៤ និង​ការ​ជួយ​ជីវិត​​។

កញ្ញា ​លឿត ចិន្តា បាន​បន្ត​ថា ១២៩៤ ប្រជាពលរដ្ឋ​អាច​ដឹង​ដំណឹង​មុន​ ​ត្រៀម​លក្ខណៈ​ទាន់​ពេល​ ដើម្បី​រត់​រក​តំបន់​មាន​សុវត្ថិភាព ទាន់​ហេតុការណ៍ និង​គេច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត។ ព័ត៌មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​​នឹង​ផ្ដល់​ដំណឹង​ចូល​មក​លេខ​ទូរសព្ទ ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​ប្រព័ន្ធ រាល់​១៥​នាទី​ម្ដង ឬ​មុន​នេះ ក្នុង​ករណី​តំបន់​មាន​បញ្ហា​បន្ទាន់​ៗ​នានា មាន​ដូចជា៖ ករណី​ខ្យល់​កន្ទ្រាក់ ខ្យល់​ព្យុះ ទឹក​ជំនន់ ឬ​បញ្ហា​រាំង​ស្ងួត​ (ក្នុង​ករណី​មាន​អាជ្ញាធរ​ថ្នាក់​ខេត្ត​បាន​រាយការណ៍​ចូល​ប្រព័ន្ធ បន្ទាប់​មក​នឹង​ប្រាប់​បន្ត​ទៅ​ប្រជាពលរដ្ឋ​ដែល​បាន​ភ្ជាប់ ១២៩៤)។

សូម​ជម្រាប​ថា ប្រព័ន្ធ​ប្រកាស​ឲ្យ​ដឹង​មុន​ខាង​លើ ត្រូវ​បាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ផ្ដល់​ឲ្យ​មក​គណៈ​កម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បន្ទាប់​មក​អាជ្ញាធរ​ក៏​បន្ត​ផ្ដល់​លេខ​នេះ មក​កាន់​អង្គការ People in Need។

​តួលេខ​​ផ្លូវការ នៃ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចុះ​ឈ្មោះ​​ក្នុង​ប្រព័ន្ធ​នេះ មាន​ចំនួន​ប្រមាណ​ជាង ៧ម៉ឺននាក់ នៅ​ក្នុង​តំបន់​គោលដៅ​ ចំនួន ១៥ ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ កន្លងទៅ បើ​គិត​ចំនួន​សារ​ជូន​ដំណឹង​ជា​មុន ដែល​បាន​ផ្ញើ​ចេញ​ទៅ​កាន់​ប្រជាពលរដ្ឋ​ សរុប​មាន​ដល់​ទៅ​ជាង​២១​ម៉ឺន​សារ ដែល​ស្ដី​ពី​គ្រោះ​មហន្តរាយ​នានា និង​ការ​បង្ការ​ជីវិត​ដ៏​មាន​ប្រសិទ្ធភាព។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់