• 2019-03-18 08:32:15
  • ស្នេហា

ប្រពន្ធ​​សុំ​ប្ដី​ធ្វើ​ជា​សង្សារ​វិញ​គិត​ម៉េច​ដែរ​?​

  • 2019-03-18 08:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សែង​ហុយ​ទ្រលោម​ចេញ​ពី​ឆ្នាំង​​ ខណៈ​ទឹក​ស៊ុប​កំពុង​ពុះ ​ដោយ​កម្ដៅ​ភ្លើង​ចង្ក្រាន​ហ្គាស​។ សូលីណា​ គឺ​ជា​សមាជិក​មួយ​ក្នុង​គ្រួសារ​ បាន​ចាប់​ផ្ដើម​​យក​ចាន​ចង្កឹះ ស្លាប​ព្រា​ខ្លី និង ​ចង្កឹះ​ ចាប់​ផ្ដើម​ដួស​ស៊ុប​ដាក់​ចាន​ ហើយ​ក៏​​ញុំា​ ខណៈ​អ្នក​ផ្សេង​ខ្លះ​កំពុង​អង្គុយ​បត់ជើង ខ្លះ​អង្គុយ​ពែនភ្នែន​​ ជុំវិញ​តុ​ទាប ដូច​ជប៉ុន ក៏​ចាប់​ផ្ដើម​ញុំា​​ដូច​គ្នា​ដែរ​។ ទាំង​នេះ​ជា​ការ​រៀបរាប់​របស់​ កញ្ញា​សូលីណា ប្រាប់ Sabay កាលពីកន្លងមក។​

ប៉ុន្តែ​បរិយាកាស​ញុំា​ស៊ុប​យ៉ាង​សប្បាយ​រីក​រាយ​នេះ បាន​ប្រែ​ក្លាយ​ទៅ​ជា​រឿង​សោកសៅ​ បន្ទាប់​ពី​ពួកគេ​​ចំណាយ​ពេល​អស់​រយៈពេល​១ម៉ោង​២០​នាទី នៅ​គ្រា​ដែល​ទ្រនិច​នាឡិកា​ បាន​ចង្អុល​ដល់​ម៉ោង​៩:២៥​នាទី​យប់​ ដោយ​បងស្រី​ថ្លៃ​ឈ្មោះ​​​ស.រ របស់​សូលីណា​​បាន​សុំ​ការ​អនុញ្ញាត​​បងប្អូន​ទាំង​អស់​ផ្អាក​ការ​ញុំា ដោយ​និយាយ​ថា "ខ្ញុំ​មាន​រឿង​ចង់​ប្រកាស​ គឺ​ខ្ញុំ​និង​ប្ដី​ខ្ញុំ​លែង​លះ​គ្នា"។

សម្ដី​ដែល​ចេញ​ពី​មាត់​របស់​ ស.រ បាន​ធ្វើ​ឲ្យ​បងប្អូន​ទាំង​អស់​ស្រឡាំងកាំង​ ក្នុង​ចំណោម​នោះ​ សូលីណា បាន​សម្រក់​ទឹក​ភ្នែក​ ដោយ​ដំណក់​ទឹក​បាន​រមៀល​ចេញ​ពី​ផែន​ផ្ទាល់​របស់​នាង​​ដោយ​នាង​នឹក​គិត​អាណិត​ដល់​បងប្រុស​ទី៣​ ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​៦នាក់​នៅ​ក្នុង​គ្រួសារ​ បន្ទាប់​មក​នាង​បាន​សួរ​ថា៖ តើ​មាន​រឿង​អីទៅ​?

រូបតំណាង៖ រូបភាពយកពីបរទេស dailypost

បង​ថ្លៃ​ ស.រ បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា៖ "ខ្ញុំ​សូម​ទោស​អ្នក​ទាំង​អស់​គ្នា​ ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នេះ​ គឺ​ខ្ញុំ​មិន​អាច​ទ្រាំ​បាន​នូវ​ទង្វើ​ប្ដី​របស់​ខ្ញុំ និយាយ​រួម​ខ្ញុំ​រស់​នៅ​ជាមួយ​គ្នា​មិន​ចុះ​សម្រុង​នឹង​គ្នា​នោះ​ទេ​"។ ស.រ ក៏​បាន​បន្ត​ទៀត​ថា មុន​នឹង​ការ​សម្រេច​ចិត្ត​នេះ​ គឺ​គិត​យូរ​ហើយ។ "ខ្ញុំ​ខឹង​គាត់​ពូកែ​ប្រចណ្ឌ មិន​រវល់​ការងារ​ផ្ទះ ឧស្សាហ៍​ចេញ​ខេត្ត និយាយ​រួម​ខ្ញុំ​ខ្វះ​ភាព​កក់​ក្ដៅ​"។ ស.រ​ និយាយ។

កញ្ញា​ សូរីណា ដែល​ជា​កូន​ពៅ​នៅ​ក្នុង​គ្រួសារ​ បាន​និយាយ​ទៅ​កាន់​បង​ថ្លៃ​ស្រី​ថា "ខ្ញុំ​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ចំពោះ​ទំនាក់​ទំនង​នេះ គឺ​គ្រួសារ​ខាង​ខ្ញុំ​មិន​ចង់​ឲ្យ​បែក​គ្នា​នោះ​ទេ ដោយ​ថា អាណិត​ក្មួយ​ ដែល​ទើប​តែ​មាន​អាយុ​ ៣​ឆ្នាំ​ និង​ស្ដាយ​អនុស្សាវរីយ៍​ជា​ច្រើន​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ប្រសិន​បើ​នៅ​ពេល​អ្នក​ទាំង​ពីរ​បែក​គ្នា​ ហើយ​នឹក​រលឹក​រក​គ្នា​វិញ (ត្រូវរ៉ូវ​គ្នា​វិញ​) គឺ​ពួក​ខ្ញុំ​ស្វាគមន៍​ជានិច្ច​"។

គួរ​កត់​សម្គាល់​ថា អ្នកស្រី​ ស.រ បាន​រៀប​ការ​តាម​ប្រពៃណី ​ជាមួយ​លោក​ វ.ប ដែល​ត្រូវ​ជា​បងប្រុស​បង្កើត​របស់​ សូរីណា កាល​ពី​ឆ្នាំ​២០០៨ ដោយ​បាន​បន្សល់​ទុក​នូវ​តំណក់​ឈាម​កូន​ប្រុស​ម្នាក់ អាយុ​៣ឆ្នាំ។ អ្នកស្រី ស.រ និង​លោក ​វ.ប គឺ​ជា​បុគ្គលិក​អង្គការ​​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ ដោយ​ក្រុម​ព្រះយេស៊ូ​គ្រឹះ។

ប៉ុន្តែ​ ពួកគេ​បាន​លែងលះ​គ្នា​វិញ​ដោយ​បាន​បែង​ចែក​ទ្រព្យ​សម្បត្តិ​គ្នា​ និង​ទុក​ឲ្យ​កូនប្រុស​នៅ​ជា​ម្ដាយ។ ទាំង​អស់​នេះ ​មិន​បាន​ឡើង​ដល់​តុលាការ​នោះ​ទេ គឺ​ត្រឹម​សង្កាត់​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ទាំង​ពីរ ក៏​មិន​មាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ គ្រាន់​តែ​រៀប​ការ​តាម​ប្រពៃ​ណី។​

ទោះ​យ៉ាង​នេះ​ក្ដី​ រាត្រី​ញុំា​ស៊ុប​ បាន​រំលង​ទៅ​៤ថ្ងៃ​ក្រោយ​មក​ អ្នកស្រី ស.រ និង ​លោក ​វ.ប បាន​ត្រូវ​រ៉ូវ​គ្នា​វិញ​។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ គឺ​ពួកគេ​ បាន​ផ្លាស់​ពី​ពាក្យ ​ប្ដី­ ប្រពន្ធ មក​ជា​សង្សារ។

កញ្ញា​ សូរីណា បាន​និយាយ​ថា "ខ្ញុំ​ដឹង​រឿង​ហ្នឹង​ ព្រោះ​ខ្ញុំ​បាន​ទូរសព្ទ​ទៅ​បង​ស្រី​ថ្លៃ ស្រាប់​តែ​គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ត្រូវ​គ្នា​វិញ​ហើយ ប៉ុន្តែ​​មិនមែន​ជា​ប្ដី ­ ប្រពន្ធ​នោះ​ទេ គឺ​ជា​សង្សារ​"។ កញ្ញា​សូរីណា បាន​បន្ដ​ថា អ្វី​ដែល​ពួកគាត់​ត្រូវ​រ៉ូវ​គ្នា​នោះ គឺ​នៅ​ត្រង់​ថា អាណិត​កូន​។

ប៉ុន្តែ​កញ្ញា​ សូរីណា បាន​ដាក់​ជា​ចម្ងល់​មួយ​ថា ហេតុ​អ្វី​បើ​ត្រូវ​រ៉ូវ​គ្នា​ហើយ ចាំ​បាច់​ប្ដូរ​ពាក្យ​ធ្វើ​អ្វី គឺ​ពី​ប្ដី​­ប្រពន្ធ មក​ជា​សង្សារ​? តើ​ពាក្យ​នេះ​មាន​ន័យ​យ៉ាង​ម៉េច? តើ​ពួកគាត់​មាន​បំណង​អ្វី​ទៅ​? ឆ្ងល់​ដែរ៕

ចុះ​មិត្ត​យុវវ័យ​គិត​ម៉េច​ដែរ​ពី​រឿង​នេះ!

ប្រសិន​បើប្រិយមិត្ត​ មាន​រឿងរ៉ាវ ស្នេហា ឬបញ្ហាផ្សេងៗ ចង់​ឲ្យ​ Sabay ចុះផ្សាយ អាច​ផ្ញើ​មក​កាន់​អាសយដ្ឋាន៖

  • Email: bin.bunna@sabay.com
  • Phone: 099 588 880

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់