• 2019-03-19 06:38:28
  • សេដ្ឋកិច្ច

ខ្លាំងមែន! ការប្រកួតគំនិតអាជីវកម្ម ដោះស្រាយបញ្ហាសង្គម រកឃើញអ្នក​ឈ្នះហើយ

  • 2019-03-19 06:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SmartSpark រដូវ​កាល​ទី​២ បាន​ប្រកាស​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​ចំនួន ៣ ០០០ ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ចាប់​ផ្តើម​អនុវត្ត​គំនិត​អាជីវកម្ម​ក្នុង​សប្ដាហ៍​កន្លង​ទៅ​អគារ Raintree ក្រោយ​បេក្ខជន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​រយៈពេល ៣ ​ខែ ក្នុង​ការ​ធ្វើតេស្ត​គំនិត​ជំនួញ​របស់​ពួកគេ​។

Inclusion+ គឺជា​ក្រុម​ដែល​ទទួល​បាន​ជយលាភី SmartSpark ក្នុង​រដូវ​កាល​ទី​២​នេះ ដែល​ពួកគេ​បាន​ផលិត​គេហទំព័រ មួយ​ដែល​ជួយ​ជំរុញ លើកកម្ពស់ និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​របស់​ជន​ពិការ​ជាមួយ​ឱកាស​ការងារ​នៅ​ក្នុង​ទីផ្សារ ក៏ដូចជា​ផ្ដល់​នូវ​​សេវាកម្ម​ប្រឹក្សា​សម្រាប់​អង្គភាព​ផ្សេងៗ ដើម្បី​បង្កើន​ការ​រួម​បញ្ចូល​គ្នា​អោយ​បាន​ច្រើន។

អ្នកនាង កុយ ឆេង ត្រេង និង​លោក សុខ ចាន់ចំណាប់​ ម្ចាស់ជយលាភី

អ្នកនាង កុយ ឆេង ត្រេង ស្ថាបនិក​របស់ Inclusion+ បាន​និយាយ​ថា៖ “​ក្នុងនាម​ជា​អ្នក​ជំនាញ​វិជ្ជាជីវៈ​ស្ត្រី​ម្នាក់​ដែល​បាន​​ជំងឺ​ស្វិត​ជើង ខ្ញុំ​យល់​ច្បាស់​ពី​បញ្ហា​ដែល​ជន​ពិការ​ជួបប្រទះ​ជា​រៀង​រាល់ថ្ងៃ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បាន​ជម្រុញ​អោយ​ខ្ញុំ​ក្លាយទៅជា អ្នកតស៊ូ​មតិ​សម្រាប់​សិទ្ធិ​របស់​ជន​ពិការ​ជាង​ ១០​ ឆ្នាំ​កន្លង​មក​នេះ ហើយ​នេះ​ក៏​ជា​មូលហេតុ ដែល​ខ្ញុំងប់ងល់​ជាមួយ ការ​តភ្ជាប់​គ​ម្លាត​រវាង​មធ្យោបាយ​ដើម្បី​ចូល​ទៅកាន់​ទីផ្សារការងា​រ និង​ការ​ឈាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​របស់​ជន​ពិការ​។ ខ្ញុំ​ពិតជា​មាន​មោ​ទន​ភាព​ដែល​ទទួល​បាន​ជ័​យ​ជំ​នះ​ក្នុង​ការ​ប្រកួត​នេះ ហើយ​ជោគ​ជ័យ​នេះ​នឹង​ផ្តល់​ឱកាស​អោយ​ពួក​យើង ចាប់​ផ្តើម​គំនិត​ជំ​នួ​ញ​ក្នុង​សុបិន​របស់​ពួក​យើង។ ពួក​យើង​នឹង​ប្រើប្រាស់ ថវិកា​នេះ​ដើម្បី​វិវត្ត​គេហទំ​ព័រ​អោយ​រួចរាល់​សម្រាប់ ការ​ផ្សារ​ភ្ជាប់​ជន​ពិការ និង​ទីផ្សារ​ការងារ​ក្នុង​រយៈពេល ៦​ខែ​បន្ទាប់​។ ពួក​យើង​នឹង​បន្ត​ធ្វើ​ការ​ផ្សារភ្ជាប់​ធន​ធាន​ដែល​មាន​ស្រាប់ និង​លើកកម្ពស់​ការលូតលាស់​នៃ​នៃ​ការ​រួម​បញ្ជូល​គ្នា​នេះ​”​។ ​

​គណៈកម្មការ​ដែល​ជា​អ្នក​គ្រប់​គ្រង​របស់​ស្ថាប័ន​ផ្សេងៗ បាន​ចូលរួម​ធ្វើការ​អោយ​ពិន្ទុ និង​វាយតម្លៃ​គំនិត​ជំនួញ​នី​មួយៗ ដែល​ក្នុង​នោះ​រួមមាន លោក Jonathan Yap ប្រធាន​គ្រប់​គ្រង​កិច្ចការ​សារ​ជីវ​កម្ម​របស់ Smart Axiata លោកស្រី Ratana Phurik Callebaut ប្រធាន​សមា​គម​វិជ្ជាជីវៈ​វិនិយោគ​កម្ពុជា លោកស្រី Cheryl Lee ម​ន្ត្រី​វិនិយោគ​ជាន់ខ្ពស់​របស់ Emerging Markets Investment Advisers (EMIA) និង លោកស្រី Celia Boyd នាយក​គ្រប់​គ្រង She Investments​។

SmartSpark បាន​ចាប់ផ្តើម​នៅក្នុង​ខែ​សីហា ឆ្នាំ​២០១៨ ជា​កម្មវិធី​សហគ្រិនភាព​ថ្មី​មួយ​ដែល បាន​បង្កើត​ឡើង​ដោយ Smart Axiata និង Impact Hub Phnom Penh ក្នុង​គោល​បំណង​បង្កើន​ការ​ដាក់​ទុន​សង្គម​សំ​ខាន់ៗ ដើម្បី​ជួយ​សម្រេច​គោលដៅ​អភិ​វ​ឌ្ឍ​ប្រកបដោយ​ចីរភាព​ទាំង​១៧​។ កម្មវិធី​នេះ​នឹងប​ន្ត​ជួយ​ផ្តល់​ការគាំទ្រ​ដល់​គំនិត​ជំ​នួ​ញ​ចំ​នួន ៥៤ នៃ​រដូវ​កាល​ចំនួន ៩ ក្នុង​រយៈពេល​លើស​ពី​ ៣ ​ឆ្នាំ​។ ក្នុង​រដូវ​កាល​ទី​២ នេះ កម្មវិធី​មាន​គោល​បំណង​​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​រួមមាន គុណភាព​នៃ​ការ​អប់​រំ សមភាព​យែន​ដឺ និង​ការកាត់បន្ថយ​វិសមភាព​។

រដូវ​កាល​ទី ៣ នឹង​ឈាន​មក​ដល់​ហើយ ហើយ​ពាក្យ​ចូល​រួម​នឹង​បើក​នៅ​ថ្ងៃ​អង្គារ ទី ២១ ខែ ឧសភា ខាងមុខ​នេះ។ កម្មវិធី​នេះ កំពុង​ស្វែង​រក​អ្នក​មាន​គំនិត​ជំ​នួ​ញ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ​ក្នុង​ចូលរួម​ដោះស្រាយ​បញ្ហា​ខាងក្រោម​ដូចជា៖

  • ថា​ម​ពល​ដែល​មានតម្លៃ​សម​រម្យ​និង​ស្អាត (SDG 7): ធានា​បាន​នូ​វ​លទ្ធភាព​ទទួល​បាន​ថា​ម​ពល​ដែល​មាន​តម្លៃ សម​រម្យ ប្រកបដោយ​ទុកចិត្ត និរន្តរ​ភាព និង​ទំនើប​ភាព​សម្រាប់​ទាំង​អស់​គ្នា​
  • បម្រែបម្រួល​អាកាសធាតុ (SDG 13): ចំណាត់​វិធានការ​ជាបន្ទាន់​ដើម្បី​ទប់​ទល់នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ផល​ប៉ះពាល់​របស់​វា តាម​រយៈ​ការ​គ្រប់​គ្រង​ការ​បំភាយ​ឧ​ស្ម័​ន និង​ការ​លើកកម្ពស់​ការ​អភិ​វ​ឌ្ឍ​ថាមពល កើតឡើង​វិញ​
  • ជីវិត​នៅ​ក្រោម​សមុទ្រ (SDG 14): អភិរក្ស​និង​ប្រើប្រាស់​ធន​ធាន​មហាសមុទ្រ សមុទ្រ និង​ធន​ធាន​សមុទ្រ សម្រាប់​ការ​អភិ​វ​ឌ្ឍ​ប្រកបដោយ​ចីរភាព​
  • ជីវិត​នៅលើ​ដីគោក (SDG 15): ការពារ ជួសជុល និង​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រព័ន្ធ​អេកូ​ឡូ​សុ​ី​ប្រកបដោយ និរន្តរ​ភាព ការ​គ្រប់​គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរ​ភាព ការ​ប្រឆាំង​វាល​រហោស្ថាន និង​បញ្ចៀស ការ​រេចរឹល​ដី និង បញ្ឈប់​ការ​បាត់បង់​ជីវចម្រុះ។

ចូលរួម​ទាំង​អស់​គ្នា ដើម្បី​បញ្ចេញ​សក្ដានុពល​របស់​អ្នក និង​​​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ​បញ្ហា​ខាងលើ របស់​ប្រទេស​កម្ពុជា!

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី