• 2019-03-19 10:47:24
  • ព័ត៌មាន

ប្រាសាក់សម្រេចជួយសង់ ៣៤បណ្ណាល័យនៅសៀមរាប មួយទើបសម្ពោធឲ្យប្រើថ្មីៗនេះ

  • 2019-03-19 10:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាក់ ដែល​ជា​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​ដាក់​សម្ពោធ​អគារ​បណ្ណាល័យ​ថ្មី​មួយ​ខ្នង ស្ថិត​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​បន្ទាយ​ស្រី ក្នុង​ភូមិ​បន្ទាយ​ស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ មីនា ឆ្នាំ២០១៩ ក្នុង​ការ​ចូល​រួម​បណ្តុះ​វប្បធម៌​អាន​នៅ​កម្ពុជា។

ពិធី​នេះ​​​ប្រព្រឹត្ត​ទៅ​​​ក្រោម​អធិបតីភាព​​របស់ ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាល​រង​នៃគណៈ​អភិបាល​ខេត្ត​សៀមរាប ,លោក​ Minki Brian Hong សមាជិកក្រុមប្រឹក្សាភិបាល ប្រាសាក់ និង​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​អាគេ្នយ៍​នៃ​មូល​និធិ CVC, ឯកឧត្តម ឡោ ឆវណ្ណា ប្រធាន​គណៈ​កម្មការ​គ្រប់​គ្រង​បណ្ដោះ​អាសន្ន​នៃ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សានៃក្រសួងអប់រំ យុវជន និងកីឡា , លោក លី វណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត​សៀមរាប និង​លោក​ស្រី រឿន គីណា អភិបាលរង​នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយ​ស្រី។

លោក​ស្រី រឿន គីណា ​បាន​រាយការណ៍​ពី​ភាព​​រីក​ចម្រើន​នៃ​វិស័យ​អប់រំ​នៅ​ក្នុង​ស្រុក​បន្ទាយស្រី និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ​ដែល​បាន​ផ្ដល់​មូលនិធិ​សាងសង់​អគារ​បណ្ណាល័យ ​នៅ​ក្នុង​ទឹកដី​ស្រុក​បន្ទាយស្រី ​ដែល​ជា​នេះ​កាយវិការ​ដ៏​ល្អប្រពៃ​ក្នុង​ការចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​ក្នុង​ស្រុក​បន្ទាយ​ស្រី​នេះ​។

លោក​ Minki Brian Hong សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ ប្រាសាក់​ និង​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​មូលនិធិ CVC បាន​លើក​ឡើថា​៖ «លោក​សង្ឃឹម​ថា​សមិទ្ធផល​បណ្ណាល័យ​នេះ នឹង​ក្លាយ​ជា​បង្អួច​សម្រាប់​បើក​ចិត្ត បើក​គំនិត​ប្អូន​ៗ​សិស្សានុសិស្ស ទៅ​កាន់​ពិភព​លោក​ទាំង​មូល តាម​រយៈ​ការ​អាន។ លោក​បាន​សង្កត់​ធ្ងន់​ថា ការ​អាន គឺ​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ»។

លោក​បាន​សង្កត់​ធ្ងន់​ថា ៖ «ការ​សិក្សា​អប់​រំ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ តួ​យ៉ាង​ដូច​ជា​ប្រទេស​កូរ៉េ​ដែល​ជា​ទឹក​ដី​កំណើត​របស់​លោក ធ្លាប់​ជួប​ប្រទះ​ភាព​ក្រី​ក្រ ដី​មិន​សូវ​មាន​ជី​ជាតិ មិន​សម្បូរ​ធន​ធាន​ធម្មជាតិ និង​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង បាន​វិវឌ្ឍ​ខ្លួន​មក​ដល់​សព្វ​ថ្ងៃ និង​ក្លាយ​ជា​ខ្លា​សេដ្ឋកិច្ច​នៅ​ទ្វីប​អាស៊ី ដែល​អាច​ផលិត រថយន្ត ទូរស័ព្ទ កប៉ាល់ និង​ឧបករណ៍​អេឡិកត្រូនិច​ទំនើប​ផ្សេង​ៗ បាន​គ្រប់​បែបយ៉ាង។ ទាំង​នេះ​គឺ​កើត​ឡើង​ដោយ​សារ​ប្រទេស​កូរ៉េ​ផ្តោត​លើ​ការ​សិក្សា​អប់​រំ»។

ឯក​ឧត្តម ពៅ ពិសិដ្ឋ អភិបាល​រង នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប ​បាន​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ទាំង​អស់​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា ដើម្បី​ឱ្យ​មាន​អនាគត​ភ្លឺ​ស្វាង ដោយ​យក​បណ្ណាល័យ​នេះ​ជា​មិត្ត​ដ៏​ល្អ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា យើង​ទាំង​អស់​គ្នា​កើត​មក​គឺ​មិន​ចេះ​អ្វី​ទេ ប៉ុន្តែ​មិន​ត្រូវ​ស្លាប់​ទៅ​វិញ​ដោយ​មិន​ចេះ​អ្វី​សោះ​នោះ​ឡើយ​។ ហេតុនេះ យើង​ត្រូវ​សង្វាត ស្រវា​ស្រទេញ សិក្សា​រៀន​សូត្រ​ឱ្យ​មាន​ចំណេះ​ដឹង ដើម្បី​ជួយ​កសាង​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គម​ជាតិ ដូច​ជា​ចំណេះ​ដឹង​ទូទៅ ក៏​ដូចជា​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ជំនួយ​ជួញ​ប្រែ​ផ្សេង​ៗ​។

ថ្លែង​ក្នុង​ឱកាស​នេះ​ ឯកឧត្ដម ហ៊ាង ស៊ីណេ ​អនុរដ្ឋ​លេខា​ធិការ ក្រសួងអប់រំ ​យុវជន ​និងកីឡា​ បាន​សម្ដែង​​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ​និង​កោត​សរសើរ​ចំពោះ​គ្រឹះ​ស្ថានមី​ក្រូហិរញ្ញវត្ថុ ​ប្រាសាក់ ជា​ពិសេស​លោក Minki Brian Hong និង លោក Hiep Van Vo ជា​ក្រុមប្រឹក្សា​ភិបាល ដែល​បាន​ផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ ដោយ​សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

ក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​នោះ​ដែរ ក៏​មាន​ការ​រៀប​ចំ​ពិធី​ប្រកួត​អំណាន​សម្រាប់​សិស្សានុសិស្ស ដើម្បី​ស្វែង​រក​ជ័យ​លាភី​ដែល​អាន​បាន​ល្អ​បំផុត និង​ការ​ដាំ​ដើម​ឈើ​ទុក​ជា​អនុស្សាវរីយ៍​របស់​គណៈ​អធិបតី​នៅ​ក្នុង​បរិវេណ​សាលា​បឋមសិក្សា​បន្ទាយ​ស្រី​ផង​ដែរ​។

គិត​ត្រឹម​ខែ​មិនា​ ២០១៩ នេះ គម្រោង​បណ្ណាល័យ​ប្រាសាក់​ដាក់​ឱ្យ​ប្រើ​ប្រាស់​ និង​កំពុង​សាង​សង់​ចំនួន ៣៤ អគារ​គ្រប​ដណ្ដប់​លើ​ភូមិ​ចំនួន​ ៣៤៦ ភូមិ​ ដែល​មាន​ចំនួន​គ្រួសារ​សរុប​ ៧០៥៣៧ គ្រួសារ ​​មាន​ប្រជាជន​សរុប​ចំនួន​ ៣២៦,៤០០ នៅ​ក្នុង ១១ ខេត្ត​រួម​មាន ​ កំពង់ស្ពឺ​ កំពង់ចាម កណ្ដាល​ ព្រៃវែង​ កំពង់ធំ​ សៀមរាប​ តាកែវ​ ព្រះវិហារ​ ​ខេត្ត​បាត់ដំបង​ ស្វាយរៀង និង​បន្ទាយ​មានជ័យ និង​មាន​សិស្សា​នុសិស្ស​ដែល​ទទួល​ផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន​ ៧៨,២៦៦ នាក់។

​ប្រា​សាក់​ ​ជា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ លំដាប់កំពូល ក្នុង​វិស័យ​មី​ក្រូហិរញ្ញវត្ថុ និង ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោមធនាគារធំៗ ទាំង ៥ នៅកម្ពុជា ដែលមានផ្តល់​​សេវា​ហិរញ្ញវត្ថុ ដូចជា ​សេវា​ឥណទាន​ ​ប្រាក់បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ ​អេ​ធី​អឹម​ សេវា​ធនាគារ​ចល័ត ​ម៉ាស៊ីន​ឆូត​កាត​ និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗ​ទៀត​ ​ជាមួយ​នឹង​បណ្តាញ​ការិយាល័យ​ប្រមាណ​ជា ២០០ ​ទីតាំង​ ​និង​បាន​បំពាក់​ម៉ាស៊ីន​អេ​ធី​អឹ​មនៅ​ទូទាំង​ប្រទេស​។

អត្ថបទ៖ លីដា

មតិយោបល់