• 2019-03-20 02:17:40
  • ព័ត៌មាន

មន្ត្រីឧទ្យានុរក្ស​ម្នាក់​ទៀត​ហើយបាន​រងការវាយ​ប្រ​ហារពី​ជនល្មើស​ក្នុងបទល្មើស​ធនធានធម្មជាតិ​

  • 2019-03-20 02:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជាន់​ខ្ពស់​ក្រ​សួង​បរិស្ថាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះមាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន​ពីរ​នាក់​ហើយ​បាន​រង​ការ​វាយ​ប្រ​ហារ​ពី​រ​ជន​ល្មើស​ក្នុង​បទល្មើស​ធនធាន​ធម្មជាតិ។

(មន្ត្រីឧទ្យានុរក្ស​ពេល​ចេញ​ល្បាត/រូបភាព៖ ក្រ​សួង​បរិស្ថាន)

អ្នកនាំពាក្យ​ក្រ​សួង​បរិស្ថាន​ លោក នេត្រ ភក្ត្រា ត្រូវ​បាន​ដកស្រង់​សម្ដី​ដាក់​លើ​ទំព័រហ្វេស​ប៊ុក​ក្រ​សួង​បរិស្ថាន​កាលពី​រសៀល​ម្សិល​មិញ​ថា ឧទ្យានុរក្ស ឈ្មោះ​ ចក់ សុជាតិ បាន​រងរបួស​ធ្ងន់​ធ្ងរ​ដោយ​ជន​ល្មើស​បាន​កាប់​ចំនួ​ន​ប្រាំ​កាំបិត​ត្រូវ​ចំ​ត្រង់​ក ត្រង់​ក្បាល និង​ដៃ។

ហេតុការណ៍​នេះ បាន​កើត​ឡើង​កាលពី​ម្សិល​មិញ​នៅ​ក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ ខណៈ​មន្ត្រី​ឧទ្យានុរក្ស​ប្រាំរូប​ចុះ​ល្បាត​ និងបានជួបបុរសពី​រ​នាក់​កំពុង​កាប់​ឆ្ការទន្រាន​ដីព្រៃសម្រាប់​ធ្វើ​ចម្ការ។ ប្រ​ភព​ដដែល​បន្តថា​ឧទ្យានុរក្ស​ទាំង​ប្រាំនាក់​បាន​ដេញ​ចាប់​បុរសពីរ​នាក់​ខាង​លើ ហើយ​ឧទ្យានុរក្ស​ឈ្មោះ ចក់ សុជាតិ បានទាក់ជើង​ដួល និង​ត្រូវ​បានជនល្មើស​វាយ​ប្រ​ហារ​ដោយ​កាំបិត។ ឯមន្ត្រី​បួន​រូប​ផ្សេង​ទៀត​មិន​រង​របួស​នោះទេ ខណៈ​ជនបង្ក​បាន​រត់គេច​ខ្លួន។

ប្រភព​ខាង​លើ​ឲ្យ​ដឹងដែរថា​កាល​ពីចុង​ខែមករា​ ឆ្នាំ​២០១៩ មន្ត្រី​ឧទ្យានម្នាក់​ឈ្មោះ ចេង ចាន់ធី ត្រូវ​បាន​ក្រុមព្រាន​ព្រៃ​ប្រដាប់​​​ដោយ​កាំភ្លើង​បាញ់​ប្រហារ​មក​លើ ​ធ្វើឱ្យ​របួស ​ចំភ្លៅ អំឡុង​ពេល​នៃការ​ចុះបង្ក្រាប​បទល្មើស​សត្វ​ព្រៃក្នុង​ភូមសាស្ត្រ​នៃដែន​ជម្រកសត្វ​ព្រៃ​ស្រែពក​ក្នុង​ខេត្តមណ្ឌលគិរី។​

អ្នក​នាំ​ពាក្យ​ក្រ​សួង​បរិស្ថាន លោក នេត្រ ភក្ត្រា​ បាន​ថ្កោល ទោស​ចំពោះ​អំពើ​នេះ​ និង​ថា​មន្ត្រី​មាន​សមត្ថកិច្ច​បំពុង​ស៊ើប​អង្កេត និង​កសាង​សំណុំ​រឿង​បញ្ជូនទៅតុលាការ។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា បច្ចុប្បន្ន​នេះ ក្រសួង​បរិស្ថាន​មាន​មន្ត្រីឧទ្យានុ​រក្ស​ចំនួន​ ១ ២២១ នាក់​ដែល​កំពុង​តែការ​ពារនិង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួនជិត ​៦០​កន្លែង​ ដែល​មាន​ទំហំ​ប្រមាណ ៧,៥លាន​ហិក​តា៕

អត្ថបទ៖ ទូច សុខា

មតិយោបល់