• 2019-03-20 04:27:59
  • ព័ត៌មាន

គាំទ្រ​ខ្លាំង​ពេញ​បណ្តាញ​សង្គម ​ យុវជន​ផ្ដើម​​គំនិត​រើស​សំរាម​​នៅ​លូ​ទឹក​ស្អុយ​បឹង​ត្របែក​ជានរណា​?

  • 2019-03-20 04:27:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​សប្តាហ៍​មក​​ហើយ ដែល​យុវជន​ស្ម័គ្រចិត្ត​មួយ​ក្រុម​​បាន​​អ្នក​ផ្ដួចផ្ដើម​គំនិត​បង្កើត​យុទ្ធនាការ​ប្រមូល​សំរាម​ពី​លូ​ទឹក​ស្អុយ​​នៅ​ម្ដុំ​បឹងត្របែក ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​​។ សកម្មភាព​នេះ​ទទួល​បាន​ការ​គាំទ្រ និង​កោត​សរសើរ​មិន​ដាច់​ពី​មាត់​ ពិសេស​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ​។ ប៉ុន្តែ​លោក​អ្នក​ប្រហែល​មិន​ទាន់​ស្គាល់​អ្នក​​ផ្ដើម​គំនិត​ធំ​​បង្កើត​យុទ្ធនាការ​​នេះ​នៅ​ឡើយ​ទេ​។

មាន​ទីកន្លែង​កំណើត​នៅ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំការមន​ រាជធានី​​ភ្នំពេញ​​យុវជន​ សាន ដារ៉ាវីត គឺជា​អ្នក​បង្កើត​គម្រោង​ខាង​លើ​នេះ។  ដារ៉ាវីត​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​គ្រប់​គ្រង​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ​ន័រតុន​កាលពី​ឆ្នាំ​ ២០១១ និង​ក្រោយ​មក​បាន​បន្ត​ការ​សិក្សា​​នៅ​ប្រទេស​ថៃ ខណៈ​ការសិក្សា​នៅ​ទី​នោះ​ផ្ដោត​លើ​វគ្គខ្លីៗ​មាន​ ការគ្រប់គ្រង ចិត្តវិទ្យា ​និង​ការ​គិត​ធ្វើ​​ឱ្យ​​គុណ​ភាព​ជីវិត​កាន់​តែ​ល្អប្រសើរ​​។

​មាន​វ័យ ២៩ ឆ្នាំ​ ដារ៉ាវីត ​​ជា​កូនច្បង​ក្នុង​ចំណោម​បងប្អូន​បីនាក់ មាន​ឪពុក​ម្តា​យ​ជា​អាជីវករ​លក់ដូរ ​ក្នុង​ជីវភាព​កម្រិត​បង្គួរ។ ​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ថៃ ដារ៉ាវីត​ បាន​បម្រើ​ការងារ​នៅ​ក្រុម​ហ៊ុន​មួយ​ចំនួន ប៉ុន្តែ​បាន​ឈប់​វិញ​ និង​ឈាន​ទៅ​​បើក​ហាង​​លក់​កូន​ត្រី​​លំអ​នៅ​​ក្នុង​គេហដ្ឋាន​(ត្រី​ឡហាន)​ និង​មាន​កសិដ្ឋាន​បង្កាត់​កូន​ត្រី​​ ដែល​អាច​ផ្គត់ផ្គង់​​បាន​នៅ​ភ្នំពេញ​ និង​តាម​បណ្តាខេត្ត។

ផ្ដើម​ពី​ការ​​ធ្វើដំណើរ​ឆ្លង​កាត់​ម្ដុំ​លូ​បឹង​ត្របែក​ស្ទើរ​រាល់​ថ្ងៃ ​ហើយ​​​តែងតែ​មាន​ក្លិនស្អុយ​ និង​មាន​សំរាម​អណ្ដែត​ណែនណាន់​តាន់តាប់​រាប់​សិប​ឆ្នាំ​មក​ហើយ​​ ដារ៉ាវីត​ ក៏​មាន​គំនិត​គៀង​គរ​យុវជន​រើស​សំរាម​ចេញ​ពី​ប្រ​ឡាយ​ទឹក​ស្អុយ​នេះ​ចេញ​ ខណៈ​យុទ្ធនាការ​ដំបូង​ចាប់ផ្ដើម​កាល​ពី​ថ្ងៃទី​ ៨ ខែ​មីនា ឆ្នាំ២០១៩។ បន្ទាប់ពី​បាន​ធ្វើ​យុទ្ធនាការ​ជាង ១០ ថ្ងៃ​មកនេះ ដារ៉ាវីត​ បាន​ទទួលការ​​លើក​ទឹកចិត្ត និង​ការ​គាំទ្រ​សកម្មភាព​នេះ​ជាច្រើន​ ពិសេស​ឆន្ទៈ​ចូលរួម​ពី​សំណាក់​យុវជន​ស្ម័គ្រចិត្ត​កាន់តែ​ច្រើន​ឡើង បើ​ទោះ​ជា​សំរាម​មាន​ដង្កូវ និង​ក្លិនស្អុយ​យ៉ាង​ណា ​មិន​នឹក​ស្មាន​ដល់​ថា យុវជន​ខ្មែរ​មាន​ភាព​ក្លាហាន​យ៉ាង​ដូច្នេះ​ឡើយ។

កន្លងមក​យុវជន​ជាច្រើន​ក៏​មាន​អារម្មណ៍​មិន​ល្អ​ទាក់ទង​នឹង​បរិស្ថាន​​នេះ​ដែរ។ ប៉ុន្តែ​ពួកគាត់​​អត់​ដឹង​ថា ចាប់​ផ្តើម​ពេល​ណា​? ថ្ងៃ​ណា?។ ពេលនេះ ទើប​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា​យុវជន​យើង​មាន​ភាព​ក្លាហាន​។ សួរថា គាត់​ខ្ពើម​ទេ ? សួរថា​គាត់​ស្អុយទេ? គាត់​ស្អុយ និង​ខ្ពើម តែ​​គាត់​​មាន​ឆន្ទៈ​ខ្ពស់ និង​ក្លាហ៊ាន”។

យ៉ាងណាមិញ ដារ៉ាវីត​ និង​យុវជន​ស្ម័គ្រចិត្ត​ជាច្រើន​នាក់​ទៀត​កាន់តែ​មាន​អារម្មណ៍​រីករា​យ ដោយសារ​ប្រជាពលរដ្ឋ​បាន​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ឥរិយាបថ​ ដូចជា​ការ​បោស​សំអាត ការ​វេច​ខ្ចប់​ និង​ទុក​ដាក់​សំរាម​​​ក្នុង​ធុង​សំរាម​មិន​បោះចោល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​។ ​ ​ការ​គាំទ្រ​ពី​អាជ្ញាធរ​ដែនដី និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​នាក់​។ “អញ្ចឹង​ចាប់​ផ្តើម​ពី​ធ្វើ​យុទ្ធនាការ​មក ​អ្នក​បោះ​ហាក់​ដូចជា​រអា​ដៃ​ក្នុង​ការ​បោះ​សំរាម​​ ចំណែក​យុវជន​ស្ម័គ្រចិត្ត ក៏​កាន់​តែ​ច្រើន​ឡើង។ នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ”។ ក្រោយ​ប្រមូល​សំរាម​ចេញ​ពី​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​រួចរាល់ ក្រុម​យុវជន​កំពុង​សិក្សា​រក​ឬសគល់​បន្ថែម​ថា តើ​ចំណុច​ណា​មាន​ការ​បោះចោល​សំរាម​ច្រើន​​ជាង​គេ​តាម​រយៈ ការ​ដាក់​សំណាញ់​។ ក្រុម​យុ​វជន​ក៏​បន្ត​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បោះចោល​សំរាម​ក្នុង​ធុង​ឱ្យ​បាន​ត្រឹមត្រូវ​ផងដែរ ។ ករណី​ប្រជាពលរដ្ឋ​ ទុក​ដាក់​សំរាម​ដាក់​ក្នុង​ធុង​បុគ្គលិក​ប្រមូល​សំរាម​ ស៊ិនទ្រី ជា​អ្នក​ប្រមូល តែ​បើ​គាត់​ចោល​​ក្នុង​ប្រឡាយ​ទឹក​ច្បាស់​ជាគ្មាន​អ្នក​ណា​រើស​ឡើយ។

ក្រុម​យុវជន​មាន​ឆន្ទៈ​បន្ត​យុទ្ធនាការ​ប្រមូល​សំរាម​រហូត​ដល់​អស់​ និង​ប្រែ​ក្លាយ​តំបន់​នេះ​ជា​ទី​រមណីយដ្ឋាន​ ​អាច​ឱ្យ​ពលរដ្ឋ​លក់​ដូរ​បាន និង​អាច​ផ្ដល់​ប្រាក់​ចំណូល​បាន ។

​អញ្ចឹង​ទី​១ ប្រែក្លាយ​​កន្លែង​ហ្នឹង​ឱ្យ​ស្អាត​សិន  ទី​២ អាច​ទៅ​ជា​ទី​រមណីយដ្ឋាន កន្លែង​ហាត់​ប្រាណ​ ឬ​ផ្តល់​នូវ​ប្រាក់​ចំណូល​បាន​ដោយសារ​តំបន់​នេះ​នៅ​​កណ្ដាល​ក្រុង​។ គ្រប់​គ្នា​មើល​ឃើញ​ថា កន្លែង​នេះ​ជា​កន្លែង​ផ្ទុក​សំរាម ប៉ុន្តែ​បើ​យើង​អាច​កែ​ប្រែ​តំបន់​នេះ​ឱ្យ​ស្អាត ​ជាទី​រមណីយដ្ឋាន​ និង​ផ្ដល់​ប្រាក់​ចំណូល​ គឺ​ល្អ​បំផុត​។ ដំបូង​​ឡើយ​វា​ជា មហិច្ឆតា​របស់​ខ្ញុំ​តែម្នាក់ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​គិត​ថា ​​វា​ជា​មហិច្ឆតា និង​ឆន្ទៈ​របស់​យុវជន​រាប់​ម៉ឺន​នាក់​ក៏​ថា​បាន ​​ក្នុង​ការ​ប្រែក្លាយ​តំបន់​នេះ និង​ក្លាយជា​ទី​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​”។

រូបភាព​ច្នៃប្រឌិត ពី​លូទឹកស្អុយ ទៅជា​រូបភាព​ នៃរមណីយដ្ឋាន​ដ៏ទាក់ទាញ
រូបភាពពិត នៃលូទឹកស្អុយបឹងត្របែក

​ដារ៉ាវីត​ ​ឱ្យ​ដឹង​ទៀត​ថា តាម​រយៈ​រូបភាព​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម មាន​យុវជន​ខ្លះ​គាត់​មាន​គំនិត​ឌីសាយ​ប្លង់​លូ​ទឹក​ស្អុយ​បឹងត្របែក​យ៉ាង​ស្អាត និង​​ អាច​អុំទូក​បាន​។ដូច្នេះ​​បច្ចុប្បន្ន​យុវជន​ខ្មែរ​ចាប់ផ្ដើម​​មាន​មហិច្ឆតា ​ក្ដី​ស្រមៃ និង​ឆន្ទៈ​ខ្ពស់​ឡើង​​។ ​តាម​រយៈ​សកម្មភាព​របស់​យុវជន​បន្តិច​ម្តងៗ​នៅ​ថ្ងៃនេះ ដារ៉ាវីត​ ​មាន​សុទិដ្ឋិនិយម ក្នុង​ពេល​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ទៀត​​ទីក្រុង​​ភ្នំពេញ​​នឹង​ស្រស់​ស្អាត គ្មាន​សំរាម និង​ដី​ហុយ​។ ដារ៉ាវីត បាន​ផ្ដាំផ្ញើ​ថា នាម​ជា​ជនជាតិ​ខ្មែរ សូម​​កុំ​ព្យាយាម​បោះចោល​សំរាម​ទាំង​រូបិយ និង​អ​រូបិយ  និង​កុំ​បន្ទោស ឬ​ដាក់​បន្ទុក​ទៅ​លើ​អ្នក​ណា​តែ​ម្នាក់​ ពោល​ត្រូវ​ចាប់ផ្ដើម​ខ្លួន​យើង។ សំរាម​រូបិយ​ គឺ​សំដៅ​លើ សំរាម​មើល​ឃើញ​នឹងភ្នែក ។ ចំណែក​សំរាម​ អ​រូបិយ​ គឺ​ពាក្យ​មិនល្អ ជេរ​បញ្ចោរ​គ្នា​៕

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ សុផល

មតិយោបល់