• 2019-03-21 04:47:25
  • សេដ្ឋកិច្ច

រំលងម៉េចបាន! សម្ព័ន្ធក្រុមហ៊ុនយក្សរបស់ Jack Ma ផ្ដើមពន្លេចគម្រោងធំនៅកម្ពុជាបណ្ដើរៗ

  • 2019-03-21 04:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន ​Shenzhen 4PX Express ដែល​ជា​​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ Alibaba Cainiao Logistics Group របស់​មហាសេដ្ឋី​ Jack Ma ​​បានបង្ហាញ​ការ​គម្រោង​វិនិយោគ​មក​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​បំណង​​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-Commerce) ឆ្លង​កាត់​ព្រំដែន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​បង្កើត​កាលានុវត្តភាព​ធុរកិច្ច​ សម្រាប់​សហគ្រាស​ធុនតូច និងមធ្យម ដើម្បី​ពង្រីក​ការនាំចេញ។ គេ​សង្កេត​ឃើញគម្រោងវិនិយោគ បានចាប់​ផ្ដើមមានពន្លឺបណ្ដើរៗ បន្ទាប់​ពី​ស្ថាបនិកនៃក្រុមហ៊ុន​យក្សរបស់ចិនមួយនេះ បាន​មកដល់កម្ពុជាកាលពីកន្លងទៅ។

រូបភាពអាជ្ញាធរជាតិអប្សរា

​​​​ក្រោម​ការ​ស្វាគមន៍​របស់រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុង​ជំនួប​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន ​Shenzhen 4PX Express ដឹកនាំ​ដោយ​ស្ថាបនិក និង​នាយកប្រតិបត្តិ លោក KEVIN Yue Li និង​មានការចូលរួមពីលោក Nick Beresford តំណាង​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០១៩​ ដោយ​កម្ពុជា​បាន​គាំទ្រ​គម្រោង​វិនិយោគ​នេះ។

រូបភាពក្រសួងពាណិជ្ជកម្ម

នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ​បាន​ជំរុញក្រុមហ៊ុន​ Shenzhen 4PX Express ធ្វើការបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ (ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរចំណេះដឹង) សម្រាប់គាំទ្រប្រតិបត្តិការ E-Commerce និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ជាងនេះ​ទៀត​ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើក្រុមហ៊ុន Shenzhen 4PX Express ពិចារណាចាប់ដៃគូ ជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញវត្តមានផលិតផលខ្មែរ ដូចជាទំនិញកសិកម្ម គ្រឿងចម្លាក់ពីដៃ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ និងម្ហូបអាហារ នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។​​

លោក KEVIN Yue Li នាយកប្រតិបត្តិក្រុមហ៊ុន ​Shenzhen 4PX Express និង លោក Nick Beresford តំណាង​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជាចុះហត្ថលេខា​នៅ

គួរ​ជម្រាប​ថា​ កាល​ពី​ថ្ងៃ​ទី​ ១៩ មីនា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​នៃក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​ជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិភស្តុភារកម្ពុជា  ក៏​បាន​ធ្វើ​សក្ខីភាព​នៃ​ភាពជាដៃគូរវាងក្រុមហ៊ុន Shenzhen 4PX Express និង UNDP ដែល​ត្រូវបាន​បង្កើតឡើងផ្អែកតាមចំណុចខ្លាំងរបស់ស្ថាប័នទាំងពីរ នឹងនាំឱ្យមានការសហការជាមួយនឹងតួអង្គពាក់ព័ន្ធក្នុងស្រុក និងក្នុងសកលលោកទាំងមូល ដើម្បីបង្កើនប្រសិទ្ធភាព និងដោះស្រាយបញ្ហានានាដែលនាំឱ្យមានការរាំងស្ទះ។ 

កិច្ច​សហការ​នេះ គឺ​ដើម្បី​បង្កើត​ប្រព័ន្ធអេកូស៊ីស្ទឹម សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក មានគោលបំណងលើកកម្ពស់      បរិយាបន្ន និងភាពងាយស្រួលក្នុងការទទួលបានសេវាកម្ម ក្រោមការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់ៗចំនួនបី៖ រាជរដ្ឋាភិបាល ធុរកិច្ច និងឯកត្តជន​ ឬអ្នកប្រើប្រាស់។ ប្រព័ន្ធនេះនឹងផ្តល់ឱកាសការងារតាមរយៈការពង្រីកការធ្វើពិពិធកម្ម និងនវានុវត្តន៍ បើកចំហឱ្យមានការជួលបុគ្គលិកតាមរបៀបថ្មី សម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដំបូង (startups), សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម, និងសហគ្រាសប្រភេទផ្សេងទៀង និងគាំទ្រដល់ការអភិវឌ្ឍជំនាញ និងបច្ចេកទេស៕ ​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី