• 2019-03-27 03:20:14
  • ស្នេហា

បើ​បង​នៅតែ​​ ឱបម្ដាយ​​ បង​ទៅ​ចុះ​?​

  • 2019-03-27 03:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«អាពាហ៍ពិពាហ៍​ ដែល​កើត​ឡើង​អស់​រយៈ​ពេល ​២​ឆ្នាំ​មក​ហើយ ហើយ​ក៏​មាន​តំណក់​ឈាម​​កូន​ប្រុស​ម្នាក់​ទុកជា​ចំណង​ដៃ​ក្ដី​ ប៉ុន្តែ​ទំនាក់ទំនង​គ្រួសារ​មួយ​នេះ​ ចេះ​តែ​​មាន​ភាព​រកាំរកូស​ជានិច្ច។» អ្វី​ដែល​នាំ​ឲ្យ​គ្រួសារ​រកាំរកូស​ដោយ​សារ​តែ​​ភាគី​ខាង​ប្ដី​ នៅ​ពេល​រៀប​ការ​ហើយ ​គឺ​នៅតែ​​បន្ត​ផ្ដល់​លុយ​កាក់​ច្រើន​ពេក​ ឲ្យ​ទៅ​ម្ដាយ​ខ្លួន​ឯង​ ខណៈ​ជីវភាព​ក្នុង​គ្រួសារ​ស្ទើរ​តែ​ខ្វះខាត​ ព្រោះ​ត្រូវ​ចិញ្ចឹម​កូន​​ផង និង​ការ​បំពេញ​ក្រពះ​ផង​។​ ទាំង​នេះ​ជា​ការ​លើក​ឡើង​របស់​​ អ្នក​ស្រី​ឡានី ដែល​ជា​ឈ្មោះ​ហៅ​ក្រៅ​ ដែល​​អ្នក​ស្រី​​សុំ​លាក់​អត្ត​សញ្ញាណ​​ និង​ប្ដី​ឈ្មោះ​សុផល​ (ឈ្មោះ​ហៅក្រៅ)។​

រូបភាព​តំណាង (ប្រភព​រូប: kalingatv.com)

បច្ចុប្បន្ន​នេះ គ្រួសារ​ទាំង​ពីរ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​រស់​នៅ​ជាមួយ​ម្ដាយ​ឪពុក​ខាង​ស្រី​។ ចំណង​អាពាហ៍ពិពាហ៍​ដែល​កើត​ឡើង​ដោយ​ចិត្ត​ និង​ចិត្ត​ រវាង​ក្មេង​ៗ​គ្នា​ឯង​ បាន​ក្លាយ​ទៅ​ជា​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​​ទៅ​លើ​ អ្នក​ស្រី ​ឡានី​។ ​

“ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ជ្រើស​ខុស​តែ​ខ្ញុំ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​រឿង​នេះ ​"។ ឡានី​ វ័យ​ ២៨​ឆ្នាំ ដែល​ជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​រៀបរាប់​មក​កាន់ Sabay ថា ចាប់​តាំង​ពី​នាង​រៀប​ការ​​មក​ មិន​ដែល​ចុះ​សម្រុង​ជាមួយ​ប្ដី​នោះ​ទេ​ ព្រោះ​តែ​តាំង​ពី​ចាប់​ដៃ​គ្នា​ គឺ​ប្ដី​​ប្រាក់​ខែ​ប្ដី​មិន​ដែល​ឲ្យ​ប្រពន្ធ ហើយ​ក៏​មិន​ដែល​គិតគូរ​ដល់​កូន​នោះ​ដែរ។​

"ខ្ញុំ​មិន​ខឹង​នឹង​គាត់​មិន​ឲ្យ​លុយ​ខ្ញុំ​ទេ តែ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់​នៅ​ពេល​ខ្ញុំ​ដឹង​ថា រាល់ពេល​ម្ដាយ​ក្មេក​ត្រូវ​ការ​លុយ ​គឺ​គាត់​ឲ្យ​ទៅ​ម្ដាយ​គាត់​រហូត"។ ឡានី​និយាយ។ "ខ្ញុំ​ដឹង​ថា ម្ដាយ​គាត់​មាន​ការ​ខ្វះខាត​ ប៉ុន្តែ​ខ្ញុំ​តូច​ចិត្ត​ខ្លួន​ឯង​ដែរ តាំង​ពី​ការ​មក​គាត់​ហាក់​មិន​ដែល​គិតគូរ​ក្នុង​គ្រួសារ​នោះ​ទេ គឺ​គាត់​គិត​ម្ដាយ​ច្រើន​ជាង​ខ្ញុំ​"។

នៅ​មុន​ពេល​ឡានី​ រៀប​ការ​ជាមួយ​សុផល (ប្ដី) គឺ​សុផល​ ដែល​ជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ​​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​ចំនួន​ ៤នាក់​ ហើយ​ក៏​ជា​អ្នក​ទទួល​រ៉ាប់រង​​ខ្ពស់​ដែរ​ នៅ​ក្នុង​គ្រួសារ​ ខណៈ​ម្ដាយ​-ឪពុក​សុផល​​ចូលនិវត្តន៍ ហើយ​នៅ​តែ​ផ្ទះ ដូច្នេះ​អ្វីៗ គឺ​ធ្លាក់​បន្ទុក​ច្រើន​ទៅ​លើ​សុផល។​

សុផល​ ដែល​ជា​មន្ត្រី​រាជការ​ ដែល​បាន​ប្រាក់​ខែ​តិចតួច និង​បាន​រក​ការ​ងារ​ឯក​ជន​ក្រៅ​ធ្វើ​ ក៏​មិន​បាន​ផ្ដល់​ប្រាក់​នោះ​មក​ឲ្យ​ប្រពន្ធ​ដែរ គឺ​ផ្ទុយ​ទៅ​វិញ​​​បាន​ផ្ដល់​ប្រាក់​ទាំង​នោះ ទៅ​ឲ្យ​ម្ដាយ​ខ្លួន​។

“ខ្ញុំ​និយាយ​ពិត​ទៅ​គឺ​ប្ដី​ខ្ញុំ​ពេល​ការ​ហើយ​បាន​ ៣ខែ​ដំបូង គាត់​ឲ្យ​ប្រាក់​ខែ​ខ្ញុំ​ដែរ​ តែ​ឲ្យ​បាន​តែ​១អាទិត្យ​អី​ហ្នឹង​ គាត់​យក​ប្រាក់​នោះ​ទៅ​វិញ​​អស់​ហើយ​"។​ ដូច្នេះ​ហើយ​ខ្ញុំ​ខឹង​គាត់​ ក៏​បាន​ប្រាប់​គាត់​ថា ប្រសិន​បើ​ឲ្យ​ហើយ​យក​វិញ គឺ​មិន​ចាំបាច់​ឲ្យ​នោះ​ទេ​។ ដូច្នេះ​តាំង​ពី​ថ្ងៃ​នោះ​មក​ គាត់​លែង​ឲ្យ​ខ្ញុំ​មែន​។​

"តែ​ឥឡូវ​ខ្ញុំ​មាន​កូន​ ខ្ញុំ​ត្រូវ​ការ​ប្រាក់​សម្រាប់​​ចិញ្ចឹម​កូន​ គាត់​នៅ​តែ​មិន​រវល់​"។ ដោយ​សារ​តែ​ភាព​មិន​រវីរវល់​របស់​ប្ដី​នោះ ឡានី​ បាន​សម្រេច​ចិត្ត​និយាយ​រឿង​រ៉ាវ​ទាំង​នេះ​ជាមួយ​ប្ដី ហើយ​ក៏​បាន​ទៅ​ជួប​​ជាមួយ​​ម្ដាយ​ក្មេក ឪពុក​ក្មេក​ម្ដង​ជា​ពីរ​ដង​។ ប៉ុន្តែ​នៅ​ទីបំផុត​​ប្ដី​គាត់​នៅ​តែ​កាន់​ជើង​ខាង​ម្ដាយ​ក្មេក​ និង​ឪពុក​ក្មេក​។ បន្ថែម​លើ​នេះ​ ប្ដី​ឡានី បាន​ខឹង​នឹង​ឡានី​ថែម​ទៀត​។ ​

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ឡានី​ បាន​និយាយ​ប្រាប់​ Sabay ដោយ​ភាព​ម៉ឺងម៉ាត់​ថា "ខ្ញុំ​អស់​ចិត្ត​ហើយ​ បើ​មាន​ប្ដី​ហើយ ប្ដី​មិន​យល់​ចិត្ត ដូច្នេះ​ខ្ញុំ​សុខ​ចិត្ត​អត់​មាន​ប្ដី​ល្អ​ជាង​"។ ឥឡូវ​នេះ​ ខ្ញុំ​ឈ្លោះ​ជាមួយ​គាត់ ​(ប្ដី) ប៉ុន្តែ​ខ្ញុំ​នៅ​រួមរស់​ជាមួយ​គ្នា​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​ទុក​ពេល​ឲ្យ​គាត់​ ប្រសិន​បើ​គាត់​ (ប្ដី)​ នៅ​តែ​មិន​ផ្លាស់​ប្ដូរ​គំនិត​នោះ​ទេ គឺ​ខ្ញុំ​សម្រេច​ចិត្ត​លែង​លះ​ជាមួយ​គាត់​​ហើយ​"។

ខ្ញុំ​បាន​ប្រាប់​ប្ដី​ថា "បើ​បង​នៅ​តែ​ឱបម្ដាយ​ បង​ទៅ​ចុះ​"។ ឡានី​ក៏​បាន​ដាក់​ជា​សំណួរ​ថា តើ​ខ្ញុំ​ធ្វើ​បែប​នេះ​ខុស​ដែរ​ទេ?

ប្រសិន​បើ​ប្រិយមិត្ត​មានរឿងរ៉ាវស្នេហា អាច​ទំនាក់ទំនង​ទំនង​មក​កាន់​៖

  • លេខទូរសព្ទ៖ 099 588 880
  • Email: bin.bunna@sabay.com

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម