• 2019-03-29 05:10:36
  • ព័ត៌មាន

កម្ពុជា​សម្រេច​កាត់​ថ្ងៃ​ឈប់​សម្រាក ៧ ថ្ងៃ  

  • 2019-03-29 05:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន​​ បាន​សម្រេច​កាត់​ថ្ងៃឈប់​សម្រាក​ចំនួន​ ៧ ថ្ងៃ ដែល​ត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០២០ តទៅ​​។ ការ​ថ្លែង​របស់​សម្ដេច​បែប​នេះ​ត្រូវ​បាន​ធ្វើ​​ឡើង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល ផ្នែកឯកជនលើកទី១៨​ នៅថ្ងៃទី ២៩ ខែ​មីនា នេះ។

  សម្ដេច​តេជោ​បាន​ចាត់​ទុក​ការ​កាត់​ថ្ងៃ​ឈប់​សម្រា​នេះ​ គឺ​ជា​ការ​កែទម្រង់​មួយ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​មួយ​ដល់​អ្នក​វិនិយោគ​​​នៅ​កម្ពុជា។ យ៉ាង​ណា​មិញ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ជាតិ​ធំ ធំៗ​ដូចជា​បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​អុំ​ទូក​ជាដើម​​នៅ​រក្សា​ចំនួន​បី​ថ្ងៃ​ដដែល​។ ប៉ុន្តែ​ចំពោះ​​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ ដែល​ពី​មុន​មាន​បី​ថ្ងៃ​ នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ។

  សម្ដេច​បា​ន​សុំ​ការ​យោគ​យល់​ពីជន​រួម​ជាតិ​ចំពោះ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នេះ​ ខណៈ​កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាង​ប្រទេស វៀត​ណាម ថៃ និង​សិង្ហបុរី​ជាដើម។

  ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក សុទ្ធតែ​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ (Public Holiday) ដោយមាន​ចែក​ជាថ្ងៃ​បុណ្យ​ជាតិ បុណ្យ​អន្តរជាតិ និង​​បុណ្យ​សាសនា​​ជាដើម។ បើ​យោង​តាម​ វេបសាយ Worldatlas ​ប្រទេស​ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ច្រើន​បំផុត ត្រូវបាន​ចាត់​ចំណាត់​ថ្នាក់​ និងបាន​ធ្វើ​កំណែ​ប្រែ​ចុងក្រោយ​បំផុត​នៅខែ​មេសា ឆ្នាំ​២០១៧។

 

  • ១. ស្រីលង្កា៖ ២៥​ថ្ងៃ  
  • ២. ឥណ្ឌា៖ ២១ថ្ងៃ  
  • ៣. កូឡុំប៊ី ហ្វីលីពីន ទ្រីនីដេត និងតូបាហ្គោ៖ ១៨ថ្ងៃ  
  • ៤. ចិន និង ហុងកុង៖ ១៧ថ្ងៃ  
  • ៥. ថៃ តួកគី និង​ប៉ាគីស្ថាន៖ ១៦ថ្ងៃ  
  • ៦. ជប៉ុន ម៉ាឡេស៊ី អាហ្សង់ទីន លីទុយអានី វៀតណាម ស៊ុយអ៊ែត៖ ១៥ថ្ងៃ  
  • ៧. ឥណ្ឌូណេស៊ី ឈីលី និងស្លូវ៉ាគី៖ ១៤ថ្ងៃ  
  • ៨. កូរ៉េខាងត្បូង អូទ្រីស ប៊ែលហ្សិក ណ័រវ៉េ និងតៃវ៉ាន់៖ ១៣ថ្ងៃ  
  • ៩. ហ្វាំងឡង់ និង​រុស្ស៊ី៖ ១២ថ្ងៃ  
  • ១០. សិង្ហបុរី អ៊ីតាលី ដាណឺម៉ាក បារាំង អារ៉ាប់រួម ម៉ារ៉ុក សាធារណរដ្ឋឆេក និងលុចហ្សំបួរ៖ ១១ថ្ងៃ។

  ចំពោះ​ប្រទេស​កម្ពុជា មិន​ត្រូវ​បាន​វិបសាយ​ខាង​លើ​ ចាត់​ថ្នាក់​ឡើយ ប៉ុន្តែ​បើ​យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​​ថ្ងៃឈប់​សម្រាក​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា​មាន​​ចន្លោះ​ពី​ ២៨ ថ្ងៃ​ទៅ​៣០ ថ្ងៃ។      

អត្ថបទ៖ សុផល

មតិយោបល់