• 2019-03-29 05:41:04
  • ចរាចរណ៍

ដើមបណ្ដឹង​ប្ដឹង​ទារ​សំណង ២០ម៉ឺន​ដុល្លារ ពី​ជនបង្ក​បើកបរ​ Rang Rover បណ្ដាល​ឲ្យ​និស្សិត​ម្នាក់​ស្លាប់

  • 2019-03-29 05:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​បណ្ដឹង​បាន​ដាក់​ពាក្យ​ប្ដឹង​ទារ​សំណង​រដ្ឋប្បវេណី​ចំនួន​ ២០ម៉ឺន​ដុល្លារ ពី​ជន​បង្ក​ឈ្មោះ យិន ម៉ាណា ភេទ​ស្រី អាយុ​ប្រហែល​១៧ឆ្នាំ សញ្ញាតិ​ខ្មែរ ជា​អ្នក​បើកបរ​រថយន្ត​ម៉ាក Range Rover ស្លាក​លេខ ភ្នំពេញ 2AF-7777 បុក​បណ្ដាល​ឲ្យ​កូន​ស្រី​ឈ្មោះ ឌុំ​ រីដា អាយុ​២៣​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ​២០១៩។ ហេតុ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​មាន​នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ ៣១៧ កែង​ផ្លូវ​៥២៨ ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ។

រថយន្ត​បង្កហេតុ (រូបភាព​ ហ្វេសបុក)

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី ២៩ ខែ​មីនា ឆ្នាំ ២០១៩ ដោយ​មាន​ស្នាម​មេដៃ​ឈ្មោះ ផាត់ ពៅ ជាដើម​បណ្ដឹង​បាន​រៀបរាប់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​ថា ជន​បង្ក​ឈ្មោះ​យិន ម៉ាណា បាន​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ម៉ូតូ​កូន​នាង​ខ្ញុំ​ឈ្មោះ ឌុំ​ រីដា ទាំង​កម្រោល​ ដែល​កំពុង​ធ្វើ​ដំណើរ​យឺតៗ​តាម​បណ្ដោយ​ផ្លូវ​ ៥២៨ បណ្ដាល​ឲ្យ​​ប៉ើង​ផ្ទប់​នឹង​របង​ផ្ទះ​នៅ​ក្បែរ​នោះ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​យ៉ាង​អាណោចអាធ័ម​បំផុត។ បន្ទប់​ពី​កើត​ហេតុ​ជន​បង្ក​ពុំ​បាន​ឈប់​មើល​ ឬ​មក​ជួយ​សង្គ្រោះ​ទេ ប៉ុន្តែ​បែរ​ជា​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែម្ដង។

ម៉ូតូជនរងគ្រោះ

ពាក្យ​បណ្ដឹង​ដែល​បាន​ទៅ​កាន់​ស្នងការ​រដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ស្នើ​ឲ្យ​ពិនិត្យ​មើល​ឲ្យ​បាន​ល្អិត​ល្អន់​ និង​ជួយ​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​សព​ តាម​ច្បាប់ ដោយ​បាន​ស្នើ​ពីរ​ចំណុច​៖

  • ១. ចាត់​វិធានការណ៍​ផ្ដន្ទាទោស​ជន​បង្ក​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​តាម​ច្បាប់
  • ២. ទាមទារ​សំណង​ផ្នែក​រដ្ឋប្បវេណី​ចំនួន ២០ម៉ឺន​ដុល្លារ។

គួរ​រំលឹក​ថា ក្រោយ​ពី​ប្រតិកម្ម​ពី​មតិមហាជន និង​វិធានការ​តឹងរ៉ឹង​របស់​សមត្ថកិច្ច កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ ២០១៩ កញ្ញា យិន ម៉ាណា ដែល​ជា​ជន​បង្ក​បើកបរ​រថយន្ត​ Rang Rover បុក​និស្សិត​ឆ្នើម​ឈ្មោះ​ ឌុំ​ រីដា ស្លាប់​នោះ ត្រូវ​បាន​​សមត្ថកិច្ច​បញ្ជូន​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​ បន្ទាប់​ពី​នាង​ចូល​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ រាជធានី​ភ្នំពេញ។

ខាងក្រោម​នេះ គឺជា​ពាក្យ​បណ្ដឹង

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់