• 2019-03-30 02:09:03
  • ព័ត៌មាន

តៃវ៉ាន់​​គ្រោង​បង្កើត​ច្បាប់​ប្រហារជីវិត​សម្រាប់​អ្នក​បើកបរ​មាន​ជាតិ​ស្រវឹង​​បណ្ដាល​ឲ្យ​អ្នកដទៃ​ស្លាប់

  • 2019-03-30 02:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តៃវ៉ាន់​គ្រោង​នឹង​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​អ្នក​ស្រវឹង​ហើយ​បើកបរ រួម​មាន​ការ​កាត់ទោស​ប្រហារជីវិត​ បើ​វា​ជា​ករណី​ធ្ងន់ធ្ងរ​បំផុត។ នេះ​បើ​តាម Channel News Asia ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

​​គណៈរដ្ឋមន្ត្រី​តៃវ៉ាន់​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មីនា​ បាន​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​​ដោយ​បញ្ចូល​ទោស​ប្រហារ​ជីវិត​​សម្រាប់​អ្នក​ស្រវឹង​បើកបរ​ ប្រសិន​បើ​អំពើ​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​ជា "ចេតនា"។

សំណើ​នេះ​ត្រូវការ​ការ​អនុម័ត​ពី​សភា។ សេចក្តី​ព្រាង​ច្បាប់​​នេះ​​បាន​កើត​ឡើង​បន្ទាប់​ពី​អត្រា​ការ​ស្លាប់​បាត់បង់​ជីវិត​​ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍​មាន​កម្រិត​ខ្ពស់ ដែល​បាន​បង្ក​ឱ្យ​មាន​កំហឹង​មហាជន​រីក​រាល​ដាល​ឡើង។

បច្ចុប្បន្ន ការ​ផ្ដន្ទាទោស​អតិបរមា​នៅ​តៃវ៉ាន់​​ចំពោះ​អ្នកបើកបរ​​មាន​ជាតិ​ស្រវឹង​ ហើយ​បណ្ដាល​ឲ្យ​អ្នក​ដទៃ​ស្លាប់ គឺ​ត្រូវ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ។

ប៉ុន្តែ​ប្រសិន​បើ​ច្បាប់​ចរាចរណ៍​​ថ្មី​របស់​តៃវ៉ាន់​ចូលជាធរមាន អ្នក​ប្រព្រឹត្ត​បទល្មើស​នឹង​ត្រូវ​បាន​បន្ថែម​រយៈពេល​ជាប់​ពន្ធនាគារ ប្រសិន​បើ​ពួកគេ​​បង្ក​កំហុស​ច្រំដែល​​ក្នុង​រយៈពេល​៥​ឆ្នាំ។ ​

​​ជាង​នេះ​ទៅ​ទៀត បើ​អ្នក​ស្រវឹង​បើកបរ​បណ្ដាល​ឲ្យ​​អ្នក​ដទៃ​ស្លាប់​ទោះ​ត្រូវ​បាន​​តុលាការ​រក​ឃើញ​ថា​ អំពើ​នោះ​​បើ​ទោះ​បី​មិន​មែន​​កើតឡើង​ដោយ​កំហុស​ "ចេតនា"​ ក៏ដោយ​ ក៏​អ្នក​ប្រព្រឹត្ត​បទល្មើស​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដែរ ឬ ជាប់​គុក​១២​ឆ្នាំ​បើ​បង្ក​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ។

នៅ​ក្នុង​ករណី​ដ៏​រន្ធត់​មួយ​កាល​ពី​ខែ​មករា បុរស​វ័យ ៤០ ឆ្នាំ​ម្នាក់​បាន​បើកបរ​ក្រោម​ស្ថានភាព​ស្រវឹង ដោយ​បាន​បើក​ឡាន​១២​កៅអី​របស់​គាត់​បុក​នឹង​ឡាន​តាក់ស៊ី បណ្ដាល​ឲ្យ​មនុស្ស​៣ នាក់​ស្លាប់ និង ៣​នាក់​រង​របួស​រួម​នឹង​រូប​គាត់​ផង​ដែរ។

មាន​ប្រទេស​តិចតួច​បំផុត​ដែល​បាន​កាត់ទោស​ប្រហារជីវិត​សម្រាប់​ករណី​បើកបរ​ដែល​មាន​ជាតិ​ស្រវឹង។ ចិន​ធ្លាប់​បាន​ប្ដេជ្ញា​ថា​នឹង​ប្រហារជីវិត​​អ្នក​​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​រដ្ឋ​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក​ ក៏​មាន​ទោស​ប្រហារជីវិត​​សម្រាប់​ករណី​ចរាចរណ៍​នេះ​ផង​ដែរ។

កាល​ពី​ឆ្នាំ ២០១៤ បុរស​ម្នាក់​នៅ​រដ្ឋ​តិចសាស់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម បន្ទាប់​ពី​គាត់​បាន​បើក​ឡាន​របស់​គាត់​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស ហើយ​សម្លាប់​មនុស្ស ៤ នាក់។​

ទោស​ប្រហារជីវិត​របស់​តៃវ៉ាន់ ធ្លាប់​បាន​ធ្វើ​ទៅ​លើ​បុរស​ម្នាក់​ដែល​បាន​សម្លាប់​ប្រពន្ធ​ហើយ​និង​កូន​ខ្លួន​ឯង​កាល​ពី​ខែ​កញ្ញា​​ ហើយ​នេះ​គឺ​ជា​ការ​កាត់ទោស​ប្រហារ​ជីវិត​លើក​ទី​១​ក្រោម​រដ្ឋបាល​របស់​លោកស្រី​ប្រធានាធិបតី សៃ អ៊ីង​វ៉េន (Tsai Ing-wen) ដែល​បាន​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១៦៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់