• 2019-03-31 01:12:11
  • ព័ត៌មាន

សុខចិត្ត​បើក​ឡាន​កំពុង​ឆេះ​គេច​ពី​ហ្វូង​មនុស្ស​ផ្ទុះ​ស្លាប់​ម្នាក់​ឯង ត្រូវ​គេ​ទុក​ជា​វីរបុរស​

  • 2019-03-31 01:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វីរបុរស ដោយ​បាន​ព្យាយាម​បើក​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​​ដែល​កំពុង​ឆាបឆេះ ហើយ​ប្រឹង​បើក​គេច​ចេញ​ពី​​ទីប្រជុំជន ទី​បំផុត​​រថយន្ត​ក៏​បាន​ផ្ទុះ​សម្លាប់​តែ​លោក​ម្នាក់​ឯង​កាល​ពី​ថ្ងៃ​ពុធ។

យោង​តាម​ប៉ូលីស​រដ្ឋ Arkansas សាកសព​បុរស​វ័យ ៦៣ ឆ្នាំ​​ឈ្មោះ Randall McDougal បាន​រក​ឃើញ​ជាមួយ​ខ្មោច​ឡាន​។

តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា McDougal បាន​ដឹក​អាម៉ូញ៉ូម​នីត្រាត​នៅ​ពេល​ដែល​ហ្វ្រាំង​របស់​គាត់​ត្រូវ​បាន​ឆាបឆេះ។ គាត់​បាន​ហៅ​​ទៅ​កាន់​ភ្នាក់ងារ​ពន្លត់​អគ្គិសភ័យ ៩១១ ប៉ុន្តែ​លោក​មិន​ព្រម​បោះបង់​ការ​បញ្ជា​ចង្កូត​ចោល​ឡើយ ដោយ​ព្យាយាម​បើក​ឲ្យ​ផុត​ទី​ប្រជុំជន គ្មាន​ផ្ទះ ឬ អាគារ។

ជា​អកុសល​ទម្រាំ​ដល់​កន្លែង​ស្ងាត់​ រថយន្ត​បាន​ផ្ទុះ​​យ៉ាង​សន្ធោសន្ធៅ​សម្លាប់​គាត់​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង។

យោង​តាម​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា កម្លាំង​ផ្ទុះ​នេះ​មាន​ឥទ្ធិពល​ខ្លាំង​មែនទែន ដោយ​បាន​ធ្វើ​ឲ្យ​ដាច់​ខូង​ផ្លូវ​ប្រវែង ៤,៥ ម៉ែត្រ និង ឆេះ​អស់​ដើម​ស្រល់​ដែល​នៅ​ក្បែរ​នោះ។

រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ​​របស់ McDougal ត្រូវ​បាន​គេ​ចែក​រំលែក​ជិត ៥​ម៉ឺន​ដង​នៅ​លើ​បណ្តាញ​សង្គម​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ មនុស្ស​ម្នា​ជា​ច្រើន​បាន​ចូល​រួម​ចែក​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​​របស់​លោក ហើយ​បាន​ចាត់​ទុក McDougal ជា​វីរបុរស៕

លោក Randall McDougal ត្រូវ​គេ​ទុក​ជា​វីរបុរស​ ក្រោយសុខចិត្ត​បើក​ឡាន​កំពុង​ឆេះ​គេច​ពី​ហ្វូង​មនុស្ស​ផ្ទុះ​ស្លាប់​ម្នាក់​ឯង

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់