• 2019-04-02 07:46:57
  • ចរាចរណ៍

​ ឯកឧត្ដម​ ស៊ុន​ ចាន់​ថុល ពោលចំ​ៗ​  អាណិត​នគរបាល ព្រោះ​អ្នក​បើក​បរ​មិ​ន​អើពើ​គោរពច្បាប់​

  • 2019-04-02 07:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មែន​ទែន​ខ្ញុំ​អាណិត​នគរបាល​យើង​ណាស់ …គាត់​ឈរ​តាម​ផ្លូវ…​ឃើញ​​អ្នក​បើក​ម៉ូតូ​អត់​ពាក់មួក ​​មក​វ៉ូ…គាត់​ស្ទាក់ អា​ម៉ូតូ​មួយទៀត​រត់​កាត់​​ទៅ​បាត់​ទៀត…នៅ​ស្រុក​គេ​​ម៉ូតូ​ដេញ​​ភ្លាម ​វ៉ៃ​ខ្នោះ​តែ​ម្តង។ អញ្ចឹង​យើង​អាណិត​មន្ត្រី​យើង​ គាត់​ឈរ​ហាល​ថ្ងៃ​ផង ឯង​ជិះ​ម៉ូតូ​អត់​ពាក់មួក ​​គេ​ចង់​ចាប់ ឯង​អត់​ឈប់​ ហើយ​គេច​ចង់​បុក​ទាំង​ប៉ូលីស​ថែម​ទៀត​​​”។ ទាំង​នេះ​ជា​ចំណាប់​អារម្មណ៍​របស់​ ឯក​ឧត្តម​ ស៊ុន ចាន់​ថុល​ ទេសរដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ ​បាន​ពោល​ចំ​ៗ​​ អាណិត​ នគរបាល​ចរាចរណ៍​ ដែល​​ប្រចាំ​ការ​នៅ​តាម​គោល​ដៅ​ស្តុប​នានា​ ក្នុង​ទីក្រុង​​ភ្នំពេញ។  ​​​

  ថ្លែង​ក្នុង​ឱកាស​ត្រួត​ពិនិត្យ​​ការដ្ឋាន​ស្ពាន​ជ្រោយ​ចង្វារ​កាល​កាលពី​ចុង​សប្ដាហ៍​មុន​​ ឯកឧត្ដម​ ស៊ុន ចាន់​ថុល បាន​មាន​ប្រសាសន៍​ថា កន្លង​ម​ក​នគរបាល​តែង​មាន​ចំណាត់​​ការ​លើ​អ្នក​បើក​បរ​​ល្មើស​ច្បាប់​ ប៉ុន្តែ​​មាន​អ្នក​បើក​បរ​​មួយ​ចំនួន​បែរ​ជា​នៅ​តែ បើកបរ​លើស​ល្បឿន​កំណត់​​ ដឹក​សំពីងសំពោង និង​មិន​គោរព​ភ្លើង​សញ្ញា​ជាដើម​​ ខណៈ​យានយន្ត​គ្រប់​ប្រភេទ​​ធ្វើ​ចរាចរ​នៅ​តាម​ដង​ផ្លូវ​មាន​រាប់​​សែន​ រាប់​លាន​​​គ្រឿង។ ដូច្នេះ​ក្នុង​នាម​ប្រជាពលរដ្ឋ​ល្អ ត្រូវ​មាន​តួនាទី និង​កាតព្វកិច្ច​​គោរពច្បាប់​ ដោយ​មិន​ចាំ​បាច់​ឱ្យ​នគរ​បាល​ចរាចរណ៍​ហត់​នឿយ​​ឡើយ។

  “វប្បធម៌​នេះ​ត្រូវ​តែ​កែ កុំ​ឱ្យ​តែ​រដ្ឋាភិបាល​ម្នាក់​ឯង​ធ្វើ​ការ​ ខ្លួន​យើង​ប្រជារាស្ត្រ​ត្រូវ​តែ​ធ្វើ​​ការ​ទាំង​អស់​គ្នា​​ ទើប​យើង​អាច​ចូលរួម​កសាង​ប្រទេស​ជាតិ​បាន​។ ដូច្នេះ មិន​មែន​តែ​រដ្ឋាភិបាល​​ម្នាក់​ទេ​អាច​ធ្វើ​បាន​ ប្រជារាស្ត្រ​ទាំងអស់​គ្នា​ត្រូវ​តែ​ចូល​រួម​ធ្វើ​ការ និង​អនុវត្ត ច្បាប់​ទាំងអស់​គ្នា​”។

  ​ខណៈ​បញ្ហា​​គ្រោះថ្នាក់​ចរាចរណ៍​បាន​បន្ត​កើត​មាន​​ឡើង​​ជា រៀងរាល់ថ្ងៃ​នោះ ​ កាល​ពី​សប្ដាហ៍​មុន​សម្ដេច​តេជោ ហ៊ុន សែន បាន​​លើក​ឡើង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ចំណុច​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ និង​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​សម័យ​​សង្គ្រាម​ទៅ​ទៀត។ បច្ចុប្បន្ន​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​​ឆក់​យក​អាយុ​ជីវិត​មនុស្ស​ចន្លោះ​ពី​ ៦នាក់​ទៅ​៧ នាក់​ក្នុង​មួយ​ថ្ងៃ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ខាត​​បង់​ថវិកា​ជាង ៣០០លានដុល្លារអាមេរិក​ ក្នុង​មួយ​ឆ្នាំ។ របាយ​ការណ៍​​កន្លង​មក​បាន​បង្ហាញ​ថា​ មូល​ហេតុ​ចម្បង​ ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ល្បឿន ប្រជែង និង​មិន​ប្រកាន់​ស្តាំ​ជាដើម៕      

អត្ថបទ៖ សុផល

មតិយោបល់