• 2019-04-03 04:29:22
  • ការអប់រំ

ជើងខ្លាំងក្នុងថ្នាក់ស្រីម្នាក់គត់ ប្រាប់ថានឹងប្តេជ្ញាចាប់អាជីពផ្សារដែកឲ្យល្អបំផុត ព្រោះហេតុផល២

  • 2019-04-03 04:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​អាច​ចាត់​ទុក​ថា ជា​រឿង​ប្លែក​មួយ ហើយ​មាន​មនុស្ស​ស្រី​តិច​ណាស់ ហ៊ាន​លះបង់​​ និង​ប្រថុយ​​ទៅ​រៀន​ជំនាញ​ផ្សារ​ដែក ដែល​មនុស្ស​ទូទៅ​តែង​គិត​ថា​ វា​ជា​ការងារ​របស់​មនុស្ស​ប្រុស។

អ្នក​ជំនាញ​ផ្សារ​ដែក​អាជីព នៅ​សហរដ្ឋអាមេរិក ជា​មធ្យម​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៣ ២០០ ទៅ ៣ ៤០០ដុលា្លរ ក្នុង​១ខែ ឬ​ស្នើ ៤១ ៦០០ដុល្លារ​ក្នុង​ឆ្នាំ។ នេះ​បើ​តាម​តួលេខ​ពី​នាយក នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាន់​ខ្ពស់។

ធ្វើ​អ្វី​សូម​ធ្វើ​ចេញ​ពី​ចិត្ត​ស្រលាញ់ កុំ​គិត​ថា​ខ្លួន​ជា​ស្រី អាយុ​ច្រើន​ធ្វើ​មិនបាន! នេះ​ជា​សម្ដី​របស់​សិស្ស​ស្រី​ចំណាស់​ជនជាតិ​អាមេរិកកាំង ដែល​មាន​បំណង​ក្លាយ​ខ្លួន​ជា​អ្នក​ផ្សារ​ដែក​អាជីព ក្រោម​ហេតុផល​២​យ៉ាង។

អ្នកស្រី Cristina Velez មាន​អាយុ ៥១ឆ្នាំ ជា​សិស្ស​ស្រី​ចំណាស់​ តែ​ម្នាក់​គត់​ក្នុង​ជំនាញ​ខាង​លើ សម្រាប់​ឆ្នាំ​សិក្សា​ ២០១៩​នេះ។ បច្ចុប្បន្ន អ្នកស្រី កំពុង​បន្ត​ការ​សិក្សា ​ក្នុង​ថ្នាក់​រៀន​ជំនាញ​ផ្សារ​ដែក ក្នុង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាន់​ខ្ពស់​ នៃ​មហាវិទ្យាល័យ​សហគមន៍​ Valenciaដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Orlando នៃ​រដ្ឋ​ Florida។

អ្នកស្រី Cristina Velez មាន​អាយុ ៥១ឆ្នាំ មាន​ទីតាំង​កំណើត​នៅ​ក្នុង​ដែន​កោះ​ព័រតូរីកូ (Puerto Rico) នៃ​សហរដ្ឋអាមេរិក បាន​ប្រាប់​អ្នកយកព័ត៌មាន Sabay ថា ហេតុផល​ទី១ ដែល​មក​រៀន​នៅ​ទីនេះ គឺ​អ្នកស្រី​ស្រលាញ់​ជំនាញ​ផ្សារ​ដែក​​នេះ​ រួម​នឹង​មាន​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​ស្រាប់​ផង​ដែរ។ ដូច្នេះ​ពេល​នេះ គឺ​វា​មិន​ទាន់​យឺត​ពេល​ទេ​សម្រាប់​ខ្លួន​ដែល​ត្រូវ​មក​រៀន​។

ហេតុផល​ទី​២ អ្នកស្រី​ចង់​ក្លាយ​ជា​ស្ត្រី​ដែល​មាន​អាជីព​ផ្សារដែក​ ដែល​មាន​ចំណេះដឹង​ខ្ពស់​មិនមែន​គ្រាន់​តែ​ធ្វើ​កូន​ជាង​តូចតាច ឬ​ធ្វើការ​ដើម្បី​តែ​លុយ​តែ​មួយ​មុខ​នោះ​ទេ។ គិត​មក​ដល់​ពេល​នេះ អ្នកស្រី​បាន​រៀន​អស់​រយៈពេល ជាង​២​ខែ​ហើយ​សម្រាប់​ជំនាញ​ខាង​លើ ដែល​ក្នុង​ថ្នាក់​រៀន គឺ​មាន​សិស្ស​ស្រី​តែ​ម្នាក់​គត់​សម្រាប់​ឆ្នាំ​សិក្សា ២០១៩​នេះ។

យ៉ាង​នេះ​ក្ដី អ្នកស្រី Cristina Velez បញ្ជាក់​ថា ទោះ​មាន​តែ​ស្រី​ម្នាក់​ឯង​ក៏​ពិត​មែន តែ​អ្នកស្រី មិន​ដែល​​មាន​អារម្មណ៍​ឯកា ឬ​ពិបាក​ក្នុង​ការ​រៀន​ទេ ព្រោះ​មហាវិទ្យាល័យ ​ដែល​អ្នកស្រី​កំពុង​រៀន គឺ​មាន​សម្ភារៈ​ទំនើប​ឲ្យ​សិស្ស​រៀន ដូចជា​ម៉ាស៊ីន​កាត់​ដែក​គ្រប់​ធុន គ្រប់​តម្រូវការ និង​មាន​គ្រូ​បណ្ដុះបណ្ដាល​ក៏​មាន​ជំនាញ​ល្អ ជា​ហេតុ​មិន​ពិបាក​សម្រាប់​អ្នកស្រី​រៀន។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​កាន់​តែ​សប្បាយ​ចិត្ត ឱកាស​ការងារ​ក្រោយ​រៀន​ចប់ ព្រោះ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាន់​ខ្ពស់ ​ដែល​អ្នកស្រី​កំពុង​រៀន​សព្វថ្ងៃ គឺ​មាន​កិច្ច​សហការ​ការងារ​ឲ្យ​សិស្ស ហ្វឹកហាត់ និង​ផលិត​ឧបករណ៍​ធ្វើ​ពី​ដែក​ពិសេសៗ ដូចជា គន្លឹះ​ដែក​ ទុក​សម្រាប់​ទី​ភ្នាក់ងារ​សហព័ន្ធ​អវកាស​ជាតិ នៃ​សហរដ្ឋអាមេរិក ឬ​ហៅ​កាត់ NASAជា​ប្រចាំ​ផង​ដែរ។

បើ​តាម​លោក Michale Kepner ជា​នាយក នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាន់​ខ្ពស់ បាន​ឲ្យ​ដឹង​ថា លោក​មាន​ការ​លើក​ទឹកចិត្ត​ជានិច្ច សម្រាប់​សិស្ស​មក​ពី​គ្រប់​ទីកន្លែង ពិសេស​ស្ត្រី​ ដើម្បី​ចាប់​យក​ជំនាញ ដ៏​ពិតប្រាកដ​សម្រាប់​ជីវិត។ លោក​ថា សាលា​មាន​ត្រៀម​ឧបករណ៍​ល្អ ៗ​ទុក​ជូន​សិស្ស ដែល​ក្នុង​នោះ​មាន​ម៉ាស៊ីន​កាត់​ដែក​ធុន​ធំ ចំនួន ៤​គ្រឿង ដែល​ក្នុង​១គ្រឿង តម្លៃ​ជិត ១០ម៉ឺនដុល្លារ ដើម្បី​ទុក​ឲ្យ​សិស្ស​ប្រើ​ការ​ ហ្វឹកហាត់​រៀន​សូត្រ។

សូម​បញ្ជាក់​ថា បើ​តាម​នាយក​មជ្ឈមណ្ឌល​ខាងលើ បាន​​បន្ថែម​ថា ចំពោះ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាន់​ខ្ពស់​ ក្រៅពី អ្នកស្រី Cristina បើ​គិត​តាំង​ពី​សាលា​ចាប់​ផ្ដើម​មក ជំនាញ​សម្រាប់​ជំនាញ​ផ្សារ​ដែក​នេះ មាន​ស្ត្រី​ចំនួន​៥​នាក់​តែ​ប៉ុណ្ណោះ​ដែល​បាន​បញ្ចប់​ការ​សិក្សា ហើយ​បើ​សរុប​ទាំងCristina គឺ​៦​នាក់។

រាយការណ៍ផ្ទាល់ពីសហរដ្ឋអាមេរិកដោយ៖ ពៅ រក្សា អ្នកសារព័ត៌មាន Sabay

មតិយោបល់