• 2019-04-03 07:52:15
  • ព័ត៌មាន

អកុសលខ្លាំង! មិនទាន់បានសែនឆេងម៉េងផង បុរសថៃម្នាក់ត្រូវរន្ទះបាញ់ស្លាប់

  • 2019-04-03 07:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ថៃ​ម្នាក់ ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​ខណៈ​ពេល​ដែល​រូប​លោក និង​ក្រុម​គ្រួសារ​កំពុង​សែន​ឆេងម៉េង​នៅ​ផ្នូរ​ភាគ​អាគ្នេយ៍​ទី​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​អង្គារ​ទី ២​ខែមេសា​នេះ។

យោង​តាម​ប៉ូលិស​ក្នុង​តំបន់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មាន​ឈ្មោះ Pisit Pornpatcharareungool វ័យ ៣០​ឆ្នាំ​បាន​ទៅ​សែន​ឆេងម៉េង​ជា​មួយ​ក្រុម​គ្រួសារ​នៅ​ផ្នូរ​ចិន Cheng Leng ក្នុង​សង្កាត់ Si Racha នៅ​រសៀល​ថ្ងៃ​ម្សិលមិញ ក៏​ស្រាប់​តែ​ត្រូវ​បាន​រន្ទះ​មួយ​គ្រាប់​បាញ់​តែ​ម្ដង​បណ្ដាល​ឲ្យ​បាត់​បង់​ស្មារតី។ នៅ​ពេល​ដែល​ក្រុម​សង្គ្រោះ​មក​ដល់​កន្លែង​កើតហេតុ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ Samitivej Sriracha ជា​បន្ទាន់។ ប៉ុន្តែ​ក្រោយមក​ទៀត ដោយ​សារ​ស្ថានភាព​ធ្ងន់​ធ្ងរ​ពេក​លោក​ក៏​បាន​បាត់​បង់​ជីវិត​តែ​ម្ដង។

សាច់ញាតិ​របស់​បុរស​រង​គ្រោះ​ឲ្យ​ដឹង​ថា ខណៈ​ពួកគេ​កំពុង​សម្អាត​ផ្នូរ​ដើម្បី​រៀបចំ​សែន​ឆេងម៉េង មេឃ​ក៏​ស្រាប់​តែ​ចាប់​ផ្ដើម​រក​ភ្លៀង និង​មាន​រន្ទះ​បាញ់​តែ​ម្ដង។ ក្នុង​នោះ​សាច់​ញាតិ​របស់​លោក​ពីរ​នាក់​ក៏​បាន​រង​របួស​ផងដែរ ប៉ុន្តែ​ដោយ​សារ​របួស​មិន​ធ្ងន់ធ្ងរ​ទើប​មិនត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១៦​របាយការណ៍​ពី​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​ថៃ​បង្ហាញ​ថា​មាន​ករណី​អ្នក​ស្លាប់​ដោយ​សារ​រន្ទះ​ចំនួន ១៨​លើក​ប៉ុណ្ណោះ៕

ប្រភព៖ Coconut ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់