• 2019-04-04 06:28:46
  • ព័ត៌មាន

បុគ្គលិកជប៉ុនភាគច្រើន បង្ហាញការមិនសប្បាយចិត្តក្រោយទទួលថ្ងៃឈប់សម្រាកបន្ថែម

  • 2019-04-04 06:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ប្រជាជន​ភាគ​ច្រើន​ជុំវិញ​ពិភពលោក​សប្បាយរីករាយ​នឹង​អបអរ​សាទរ​ថ្ងៃ​ឈប់​សម្រាក ប្រជាជន​ជប៉ុន​មួយ​ចំនួន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ក្រោយ​ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក​បន្ថែម​រយៈ​ពេល ១០​ថ្ងៃ​ក្នុង​ពិធី​ឡើង​គ្រង​រាជរបស់​ព្រះចៅ​អធិរាជ​ថ្មី។

រដ្ឋសភា​ជប៉ុន​បាន​យល់​ព្រម​ឲ្យ​ឈប់​សម្រាក​រយៈ​ពេល ១០ថ្ងៃបន្ថែម​ចាប់​ពី​ថ្ងៃ​ទី ២៧​ខែ​មេសា​ដើម្បី​អបអរ​ព្រះ​ចៅ​អធិរាជ Naruhito ដែល​នឹង​ឡើង​ស្នង​រាជ។ ថ្ងៃ​ឈប់​សម្រាក​បន្ថែម​នេះ នឹង​រួម​បញ្ចូល​ជាមួយ​បុណ្យ​ជាតិ​មួយ​ទៀត​ឈ្មោះ​ថា "Golden Week” ដែល​មាន​ន័យ​ថា​ប្រជាជន​នឹង​ឈប់​សម្រាក​រហូត​ដល់​ថ្ងៃ​ទី ៦​ខែ​ឧសភា។ យ៉ាង​ណា​មិញ ប្រជាជន​មួយ​ចំនួន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ដោយ​សារ​មិន​ដឹង​ថា​នឹង​ចំណាយ​ពេល​ឈប់​សម្រាក​នេះ​នៅ​កន្លែង​ណា ក៏​ដូច​ជា​មិន​មាន​អ្នក​មើល​ថែ​កូន។

យោង​តាម​ការ​ស្ទង់​មតិ​មួយ​ធ្វើ​ឡើង​ដោយ​កាសែត Asahi Shimbun បង្ហាញ​ថា​ប្រជាជន​ជប៉ុន​ប្រមាណ ៤៥​% មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ឈប់​សម្រាក​រយៈ​ពេល​យូរ ធៀប​នឹង​ប្រជាជន​ប្រមាណ ៣៥%​ប៉ុណ្ណោះ​ដែល​សម្ដែង​ការ​ពេញ​ចិត្ត។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Seishu Sato បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​វ័យ ៣១​ឆ្នាំ​ត្អូញត្អែរ​ថា "និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ ខ្ញុំ​មិន​ដឹង​ថា​នឹង​ចំណាយ​ពេល​វេលា​ធ្វើ​អ្វី​នោះ​ទេ នៅ​ពេល​ដែល​យើង​ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក​រយៈ​ពេល ១០​ថ្ងៃ​ដូច​នេះ។ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ដំណើរ​កម្សាន្ដ គ្រប់​កន្លែង​ទាំង​អស់​នឹង​មាន​មនុស្ស​ច្រើន​កុះករ ហើយ​ការ​ធ្វើ​ដំណើរ​ក៏​ឡើង​ថ្លៃ​ថែម​ទៀត... ខ្ញុំ​ប្រហែល​ជា​មិន​ទៅ​ណា​ទេ​ហើយ​ស្នាក់​នៅ​ផ្ទះ​ប៉ាម៉ាក់​របស់​ខ្ញុំ​វិញ។”

គួរ​ឲ្យ​ដឹង​ថា ប្រជាជន​ជប៉ុន​ភាគ​ច្រើន​មិន​ចង់​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ ដោយ​សារ​ពួកគេ​ត្រូវ​ប្រឈម​មុខ​ធ្វើ​កិច្ចការ​ងារ​ផ្ទះ​ផ្សេង​ៗ​ដែល​បន្សល់​ទុក​ដោយ​ឪពុក​ម្ដាយ និង​កូន​ៗ​របស់​ពួកគេ៕

ប្រភព៖ Independent ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់