- 2019-04-09 05:00:03
- សេដ្ឋកិច្ច
ស្បែកជើងកង់ឡានកេរពីខ្មែរក្រហមលក់ដាច់ច្រើនជាងគេក្នុងចំណោមស្បែកជើងដែលមានម៉ូតថ្មីៗ
- 2019-04-09 05:00:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្បែកជើងកង់ឡានកេរពីខ្មែរក្រហមលក់ដាច់ច្រើនជាងគេក្នុងចំណោមស្បែកជើងដែលមានម៉ូតថ្មីៗ
ចន្លោះមិនឃើញ
លោករឹម ភារី អតីតអ្នកសារព័ត៌មានម្នាក់ ប្ដូរអាជីពមកលក់ស្បែកជើងកង់ឡានបានប្រហែលមួយឆ្នាំហើយ។ ស្បែកជើងដែលលោកលក់មានច្រើនម៉ូត ផ្សេងៗគ្នា ប៉ុន្តែម៉ូតដែលលក់ដាច់ជាងគេ គឺស្បែកជើងកេរពីខ្មែរក្រហម។ លោកភារីថា អតិថិជនខ្លះរបស់ខ្ញុំ គឺជាអ្នកដែលធ្លាប់ឆ្លងកាត់នៅក្នុងសម័យខ្មែរក្រហម ហើយពួកគេទិញស្បែកជើងកង់ឡាន ដើម្បីទុកជាអនុស្សាវរីយ៍ និងរំឭកការចងចាំគ្រាដែលពួកគាត់ធ្លាប់ពាក់វានៅក្នុងរបបប៉ុល ពត។ ក្រៅពីនេះក៏មានក្មេងៗយុវវ័យផងដែរ។
ស្បែកជើងកែច្នៃពីសំបកកង់ និងពោះវៀនកង់រថយន្ត ដែលលោកកំពុងដាក់លក់តាមកន្ទេល និងលើ Oline ទាំងនេះ លោកភារីយកមកពី បុរសចំណាស់ម្នាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានជំនាញធ្វើស្បែកជើងនេះតាំងពីជំនាន់ខ្មែរក្រហម ប៉ុន្តែលោកមិនបានប្រាប់ឈ្មោះអ្នកធ្វើនោះទេ។ តាមពិតទៅលោកភារីចង់លើកស្ទួយផលិតផលសិប្បកម្ម ដែលធ្វើដោយដៃអ្នកស្រុកនេះ ក្នុងគោលបំណងជួយឲ្យមានទីផ្សារ និងផ្ដល់ប្រាក់ចំណូលជូនអ្នកស្រុកផង និងអាចជួយកែច្នៃសំណល់រឹងឲ្យក្លាយជារបស់ប្រើការបានផងដែរ។
ត្បិតអ្នកមួយចំនួនចាប់អារម្មណ៍ និងបានជាវទៅពាក់ ប៉ុន្តែអ្នកមួយចំនួនពេលឃើញហើយ ក៏ងាកមុខចេញហើយបន្លឺពាក្យថា មិនចង់ទិញទេ ហើយក៏មិនចង់ឃើញដែរ ព្រោះវានាំឲ្យគាត់រឭកដល់ពួកខ្មែរក្រហមដែលបានធ្វើបានគាត់ និងសាច់ញាតិ ។ អ្នកលក់រូបនេះថា មិនថ្វីទេ ព្រោះរឿងនេះជាការពិតមួយ ដែលកម្ពុជាបានឆ្លងកាត់កន្លងមក ហើយការយល់ឃើញ ក៏ផ្សេងៗគ្នាដែរ។ ក្នុងមួយថ្ងៃអ្នកលក់រូបនេះថា លក់អស់ពី៥ទៅជិត១០គូដែរ។ ដោយសាររវល់នឹងការងារផ្សេង ក្រៅតែពីលក់ស្បែកជើងកង់ឡាននេះ លោកភារីនឹងឈប់លក់តាមកន្ទេល និង Online ទៀតហើយ។ លោកមានចំណងចង់ដាក់តាំងលក់នៅតាមទីចងចាំពីរបបប្រល័យពូជសាសន៍វិញ ដូចជានៅសារមន្ទីរទួលស្លែង និងជើងឯកជាដើម។
គួរនិយាយពីប្រវត្តិស្បែកជើងកង់ឡាននេះជាសង្ខេបខ្លះ។ ពុំមានឯកសារណានិយាយពីស្បែកជើងនេះច្បាស់នោះទេ គេគ្រាន់តែសម្គាល់បានថា វាជាផ្នែកមួយនៃឯកសណ្ឋានរបស់ទាហានខ្មែរក្រហម និងប្រជាជន ដែលខ្មែរក្រហមចាត់ទុកថា ជាជនបរិសុទ្ធ។ ស្បែកជើងនេះត្រូវបានពួកទ័ពព្រៃខ្មែរក្រហមកែច្នៃសំបកកង់ឡានចាស់ៗធ្វើជាបាទ ហើយយកពោះវៀនកង់ឡានធ្វើជាខ្សែ។ ស្បែកជើងកង់ឡាននេះមានពីរសណ្ឋាន គឺខ្សែវ័ណ្ដកងៗស្របគ្នា ៤ ខ្សែ និងខ្សែវ័ណ្ដខ្វែងគ្នា២ខ្សែ និងខែក្រវាត់កែងជើងមួយ។ ស្បែកជើងនេះធន់ណាស់ មិនថាខ្សាច់ គ្រួសថ្ម ឬក្នុងទឹកឡើយ ប៉ុន្តែលំបាកពាក់ត្រង់ថា វាធ្ងន់ និងរលាកជើង។