• 2019-04-09 04:55:25
  • ជំនឿ

អ្នក​ឆ្នាំ​កុរ​ឆ្នាំ​២០១៩ គួរ​មក​ស្វែង​យល់​ពី​ទិស​ ហុង ស៊ុយ របស់​ខ្លួន

  • 2019-04-09 04:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ឆ្នាំ​កុរ នៅ​សល់​មិន​ដល់​១សប្ដាហ៍​ទៀត​ទេ​នឹង​មក​ដល់​ហើយ​។ ដូច្នេះ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​អំពី​ហុង​ស៊ុយ នៃ​ទិស​របស់​ឆ្នាំ​កុរ តើ​ទិស​ណា​ជា​​ទិស​ល្អ​សម្រាប់​ឆ្នាំ​២០១៩​នេះ។ ក្នុង​ឆ្នាំ​នេះ ទិស​មង្គល​មាន​ចំនួន​០៤ គឺ​ទិស​លិច​ ទិស​កើត ទិស​ជើង និង​ទិស​ជើង​ឆៀង​លិច។ ឯ​ទិស​៤​ផ្សេង​ទៀត ទទួល​រង​ឥទ្ធិពល​ផ្កាយ​គ្រោះ។ យ៉ាងណាក៏ដោយ​ ដើម្បី​អាច​ចាប់​យក​ថាមពល​ល្អ​ៗ ដែល​កើត​ឡើង​ក្នុង​ទិស​មង្គល​ និង​ការពារ​គ្រោះ​ដែល​នឹង​នាំ​មក​​ដោយ​អបមង្គល យើង​គួរ​ឈ្វេង​យល់​និង​រៀប​ចំ​តាម​ទិស​ដូច​ខាង​ក្រោម៖

១. ទិស​លិច៖ ជា​ទិស​សិរី​សួស្ដី​ ទទួល​ឥទ្ធិពល​ផ្កាយ​ជោគ​លេខ១ ប្រចាំ​ឆ្នាំ។ នៅ​ពេល​ដែល​ផ្ដាយ​លេខ​១ រះ​ចំ​ទិស​ខាង​លិច ឥទ្ធិពល​របស់​វា​ត្រូវ​បាន​ពង្រឹង​បន្ថែម​ ដោយ​ធាតុ​ប្រចាំ​ទិស។ អាស្រ័យ​ហេតុ​នេះ ទិស​ខាង​លិច​គឺជា​ទិស​មង្គល​បំផុត​មួយ​ក្នុង​ឆ្នាំ​នេះ។ ទិស​នេះ​នឹង​នាំ​ជោគ​លាភ​ សិរីសួស្ដី ជោគ​ការងារ។ បុគ្គល​ដែល​រស់​នៅ​ក្នុង​ផ្ទះ​សម្បែង​បែរ​មុខ​ទៅ​ខាង​លិច ឬ​មាន​កន្លែង​រក​ស៊ី អគារ​ការិយាល័យ​ដែល​បែរ​ចំ​ទិស​លិច​ក៏​នឹង​ទទួល​បាន​ជោគ​លាភ​ច្រើន​អនេក។ ក្នុង​ឆ្នាំ​២០១៩ ទ្វារ​ ឬ​បង្អួច​ដែល​ថិត​នៅ​ទិស​នេះ គួរ​បើក​ចំហ​ជា​ញឹកញាប់។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រឿង​មង្គល​ជា​ច្រើន​នឹង​កើត​ឡើង​បន្ថែម​ទៀត​ប្រសិន​បើ​ មាន​ទឹក មាន​អាង​ត្រី ឬ​រូប​សំណាក​សត្វនាគ​ដាក់​បន្ថែម​ក្នុង​ទិស​នេះ។

២. ទិស​កើត៖ ជា​ទិស​មង្គល​នាំ​មក​នូវ​ជោគ​លាភ​ការងារ និង​ជំនួយ​ពី​មនុស្ស​មាន​ឥទ្ធិពល​ដោយ​សារ​ផ្កាយ​ជោគ​លេខ ៦។ ប៉ុន្ដែ​ធាតុ​របស់​ផ្កាយ​នេះ​មិន​សម​ប្រកប​ជាមួយ​ធាតុ​របស់​ទិស​កើត​ឡើយ។ ដើម្បី​អាច​កែ​ប្រែ​បញ្ហា​ជម្លោះ​ធាតុ​នេះ និង​ទទួល​យក​នូវ​សិរី​មង្គល​ពី​ផ្កាយ​លេខ​៦ បាន​ ធាតុ​ទឹក​ត្រូវ​តែ​មាន​វត្តមាន​នៅ​ទិស​ខាង​កើត។ ដូច​នឹង​ទិស​ខាង​លិច​ដែរ​ មាន​ទឹក​ មាន​អាង​ត្រី ឬ​រូប​សំណាក​សត្វ​នាគ​ដាក់​បន្ថែម​នៅ​ទិស​នេះ នឹង​នាំ​មក​នូវ​មង្គល​ច្រើន​អនេក។

៣. ទិស​ជើង៖ ទិស​នេះ​នាំ​មក​នូវ​ជោគ​លាភ​ទំនាក់ទំនង។ គេ​ក៏​គួរ​តែ​ពង្រឹង​បន្ថែម​ដោយ​ធាតុ​ទឹក​តូច។ ដាក់​ពាង​ អាង​ត្រី និង​សត្វ​នាគ​ នៅ​ទិស​នេះ​នឹង​នាំ​ជោគ​លាភ​ខាង​ការងារ​បន្ថែម ដល់​បុគ្គល​ដែល​រស់​នៅ​ក្នុង​ផ្ទះ។ ផ្ទុយ​ទៅ​វិញ​ បើ​មាន​ធាតុ​ទឹក​ធំ ដូចជា​ទន្លេ​បឹង​បួរ​ ឬ​អាង​ហែល​ទឹក​ បុគ្គល​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ប្រែ​មាន​អារម្មណ៍​រវើរវាយ ស្រើបស្រាល​ជា​សព្វ​មួយ​ដង អាច​ឈាន​ដល់​ភាព​ផិត​ក្បត់។

៤. ទិស​ជើង​ឆៀង​លិច៖ ទិស​នេះ​ជា​ទិស​មង្គល​ដែល​នាំ​មក​នូវ​ជោគ​លាភ​ខាង​ទំនាក់​ទំនង និង​ឱកាស​ការងារ​ល្អៗ សម្រាប់​ពេល​អនាគត។ គេ​អាច​ពង្រឹង​បន្ថែម​នូវ​ឥទ្ធិពល​ផ្កាយ​នេះ ដោយ​ប្រើប្រាស់​ធាតុ​ភ្លើង​បន្ថែម​ទៀត។ គួរ​បើក​ភ្លើង​បំភ្លឺ​ជា​ប្រចាំ និង​រៀប​ចំ​ទី​កន្លែង​នេះ បាន​ស្អាត​បាត នឹង​នាំ​លាភ​សំណាង​បន្ថែម​ដល់​បុរស​មេ​គ្រួសារ។

សម្រាប់​ទិស​មិន​សូវ​ល្អ​មាន​ដូច​ជា៖

៥-៦. ទិស​ត្បូង, ទិស​ត្បូង​ ឆៀង​ កើត៖ ទិស​ត្បូង​ទទួល​រង​ឥទ្ធិពល​ផ្កាយ​ជម្លោះ​ ដែល​នាំ​ក​នូវ​រឿងរ៉ាវ​ឈ្លោះ​ប្រកែក​ និង​ការ​យល់​ខុស​នានា។ ទិស​ត្បូង​ឆៀង​កើត នាំ​មក​នូវ​ភាព​ស៊យ​ ដូចជា​ការ​បាត់​បង់​ទ្រព្យ​ជាដើម។ ធាតុ​ភ្លើង​គួរ​បំពាក់​នៅ​ទិស​ទាំង​ពីរ​នេះ ហើយ​បើក​បំភ្លឺ​ជា​ប្រចាំ​ដើម្បី​បង្ក្រាប​ផ្កាយ​គ្រោះ។

៧-៨. ទិស​ត្បូង​ឆៀង​លិច និង​ទិស​ជើង​ឆៀង​កើត៖ ទិស​នេះ​ប្រឈម​ជាមួយ​ផ្កាយ​គ្រោះ​លេខ​៥ និង​ផ្កាយ​គ្រោះ​លេខ​២ ដែល​នាំ​មក​នូវ ឧបសគ្គ​ និង​ភាព​តាន​តឹង គ្រប់​បែប​យ៉ាង​ ព្រម​ទាំង​ជំងឺ​ ឈឺ​ថ្កាត់​នានា។ ឥទ្ធិពល​ផ្កាយ​គ្រោះ​ទាំង​ពីរ​មាន​សភាព​ខ្លាំង​ក្លាយ​ដោយសារ​ឥទ្ធិពល​ធាតុ​ប្រចាំ​ទិស។ បុគ្គល​ទាំង​ឡាយ​ដែល​រស់​​ក្នុង​ផ្ទះ​បែរ​ទៅ​ទិស​ទាំង​ពីរ​គួរ​ប្រើប្រាស់​គ្រឿង​អលង្ការ​មាស​ប្រាក់​ដើម្បី​បង្ក្រាប​ឥទ្ធិពល​ផ្កាយ​ទាំង​នេះ។

រូបភាព​បរទេស

រង្វិល​ទិស​មាន​ឥទ្ធិពល​ជា​ប្រចាំ​ទៅ​លើ​គេហដ្ឋាន​ ហើយ​យើង​គួរ​រៀ​ចំ​ដូច​រៀបរាប់​ខាងលើ។ ក្រៅ​ពី​នេះ ប្រិយមិត្ត​អ្នក​អាន​ក៏​អាច​រៀប​ចំ​កន្លែង​ការងារ និង​ក្បាល​ដំណេក​ផ្ទាល់​ខ្លួន​ដោយ​ផ្អែក​តាម​រង្វិល​ទិស​ប្រចាំ​ឆ្នាំ​ ដើ្បី​ទទួល​យក​ជោគ​សំណាង​ និង​បញ្ចៀស​គ្រោះ​កាច​ដែរ​។ ជាក់​ស្ដែង​តុ​ធ្វើ​ការ​គួរ​បែរ​ទៅ​រក​ទិស​មង្គល​មួយ​របស់​ខ្លួន​ ហើយ​ក្បាល​ដំណេក​ក៏​គួរ​បំបែរ​រក​ទិស​មង្គល​មួយ​ទៀត​របស់​ខ្លួន​ដែរ៕

ប្រភព​សៀវភៅ៖ ហោរាសាស្រ្ត និង ហុង ស៊ុយ ឆ្នាំ២០១៩ អ្នកបកស្រាយ និង​ និពន្ធ៖ តាន់ សូដានី

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់