• 2019-04-09 07:18:15
  • សុខភាព

ការពិតចឹងសោះ! រកឃើញមន្ទីរពេទ្យឯកជនជាងពាក់កណ្ដាលនៅថៃ យកថ្លៃលើសកំណត់ហួសហេតុ

  • 2019-04-09 07:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​រក​ឃើញ​ថា​មន្ទីរ​ពេទ្យ​ឯកជន​ជាង​ពាក់​កណ្ដាល​ទូទាំង​ប្រទេស បាន​យក​ថ្លៃ​ថ្នាំ និង​សេវាកម្ម​វេជ្ជសាស្ត្រ​លើស​កំណត់។

យោង​តាម​អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង​លោក Whichai Phochanakij ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បាន​កំណត់​ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃ​ទី ៤​ខែ​មេសា​នេះ សម្រាប់​មន្ទីរពេទ្យ​ឯកជន​ទាំង​អស់​មិន​ថា​ទំហំ​ប៉ុណ្ណា​នោះ​ទេ ត្រូវ​តែ​បញ្ជូន​ទិន្នន័យ​ពី​តម្លៃ​ថ្នាំ​ពេទ្យ និង​សេវា​វេជ្ជសាស្ត្រ​របស់​ខ្លួន​មក​កាន់​ក្រសួង បើ​មិន​ដូច្នេះ​អាច​នឹង​រង​ពិន័យ​ក្រោម​ច្បាប់​តម្លៃ​ទំនិញ និង​សេវាកម្ម​ចែង​កាល​ពី​ឆ្នាំ ១៩៩៩។ ក្នុង​នោះ​មន្ទីរពេទ្យ​ឯកជន​ចំនួន ២៩៥ ក្នុង​ចំណោម ៣៥៣​ទូទាំង​ប្រទេស បាន​បញ្ជូន​ព័ត៌មាន​ពី​តម្លៃ​ថ្នាំ​ពេទ្យ និង​សេវា​វេជ្ជសាស្ត្រ​ដល់​ក្រុម​ការងារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

លោក Whichai ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រុម​ការងារ​របស់​លោក​បាន​សិក្សា​ពី​តម្លៃ​ផលិតកម្ម​​ចំនួន ១០ ១៤៦​មុខ​ដែល​រួម​បញ្ចូល​ទាំង​ថ្នាំ​ពេទ្យ, សម្ភារ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ និង​តម្លៃ​សេវាកម្ម ហើយ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ទូទៅ​នៅ​ឱសថស្ថាន​ធំៗ, ក្រុមហ៊ុន​ផលិត និង​អ្នក​នាំចូល​ផង​ដែរ។ តាម​ការ​សិក្សា​បង្ហាញ​ថា មន្ទីរពេទ្យ​ឯកជន​ជាង​ពាក់កណ្ដាល បាន​យក​ថ្លៃ​លើស​កម្រិត​ចាប់​ពី ៣០ ទៅ ៣០០​%​ពី​លើ​តម្លៃ​ពិតប្រាកដ។

យ៉ាង​ណា​មិញ លោក​ថ្លែង​ថា​អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង នឹង​ធ្វើ​ការ​កោះ​ប្រជុំ​ជាមួយ​មន្ទីរ​ពេទ្យ​ឯកជន​ទាំង​អស់​ទាក់​ទង​បញ្ហា​តម្លៃ និង​ស្នើ​ឲ្យ​ពួកគេ​កែតម្រូវ​ឲ្យ​ស្រប​នឹង​តម្លៃ​សម​រម្យ។ ប្រសិន​បើ​ពួកគេ​មិន​ធ្វើ​តាម ខាង​នាយកដ្ឋាន​នឹង​ចុះ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ ហើយ​ជំរុញ​ឲ្យ​ពួកគេ​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ឲ្យ​អង្គភាព​រដ្ឋ​អាច​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម