• 2019-04-15 05:27:53
  • ព័ត៌មាន

ចូល​ឆ្នាំ​ថ្មី​ភ្នំពេញ​ស្ងាត់​ស្ទើរ​គ្រប់​ច្រក​ល្ហក តែ​មនុស្ស​ឈូរឆរ​មក​ពី​គ្រប់​ទិសទី​បន្ត​មក​ចាក់​វ៉ាក់សាំង​នៅ​ប៉ាស្ទ័រ (មានវីដេអូ)

  • 2019-04-15 05:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ក៏​ពិត​មែន​ តែ​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​បាន​សម្រុក​មក​ចាក់​ថ្នាំ​ការ​ជំងឺ​ឆ្កែឆ្កួត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹកមិញ​នេះ។

លោក​វេជ្ជ​បណ្ឌិត​មួយ​រូប​ប្រាប់ Sabay ក្នុង​លក្ខខណ្ឌ​មិន​បញេ្ចញ​ឈ្មោះ​ឲ្យ​ដឹង​ថា ​មន្ទីរពេទ្យ​នៅ​បន្ត​បើក​ឲ្យ​មក​ចាក់​ថ្នាំ​ជំងឺ​ឆ្កែឆ្កួត និង​សេវាកម្ម​ផ្សេង​ទៀត​ធម្មតា​មិន​មាន​ការ​ឈប់​សម្រាក​ទេ។ មិន​ឈប់​សម្រាក​ដោយសារ​វេជ្ជបណ្ឌិត​បាន​ណាត់​អ្នក​ត្រូវ​ឆ្កែ​ ឬ​ឆ្មា​ខាំ​មក​ទទួល​វ៉ាក់សាំង​តាម​ការ​កំណត់។

លោក យិន យឿន ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​កំពង់​ស្ពឺ​ ឲ្យ​ដឹង​ថា លោក​មិន​អាច​ធ្វេសប្រហែល​ទេ ​ត្រូវតែ​មក​ទទួល​វ៉ាក់សាំង​ការពារ​ឆ្កែឆ្កួត​តាម​ការ​កំណត់​របស់​វេជ្ជបណ្ឌិត​ ដោយសារ​កូន​លោក​បាន​ទទួល​វ៉ាក់សាំង​ម្តង​ហើយ។

ចំណែក​កញ្ញា ពៅ ដានី រស់​នៅ​រាជធានី​ភ្នំពេញ ថា ខ្លួន​ធ្លាប់​ត្រូវ​ឆ្មារ​ខ្វាច​ទើប​មក​ទទួលវ៉ាក់​នៅ​ពេល​នេះ​ដោយ​គិត​ថា​ស្ងាត់​ស្រួល​មិន​បាច់​ចាំ​លេខ​រៀងយូរ ផ្ទុយ​ទៅវិញ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ស្ងប់ស្ងាត់​នៅ​កន្លែង​ខ្លះ​ក៏​ពិត​មែន តែ​នៅ​ប៉ាស្ទ័រ​មិន​ស្ងាត់​ទេ។ពោល​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទិសទី​មក​ទទួល​វ៉ាក់សាំង​ការ​ជំងឺ​ឆ្កែឆ្កួត។

ថ្មីៗ​កន្លង​មក​នេះ​ប្រជាពលរដ្ឋ​បាន​ផ្អើល​មក​ចាក់​វ៉ាក់សាំង​ការ​ជំងឺ​ឆ្កែឆ្កួត​ បន្ទាប់ពី​មាន​ការ​សង្ស័យថា​មាន​មនុស្ស​ស្លាប់​ដោយ​ឆ្កែឆ្កួត​ខាំ​ដំបូង​បង្អស់​នៅ​ខេត្តស្វាយរៀង​ កាល​ពី​ដើម​ឆ្នាំ​នេះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ក្រសួង​សុខាភិបាល បាន​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ឆ្កែ​ខាំ ឬ​ឆ្មា​ខ្វាច​នៅ​តាម​មណ្ឌលសុខភាព​ទូទាំង​ប្រទេស ឬ​ទៅ​កាន់​មជ្ឈមណ្ឌល​ឆ្កែឆ្កួត​នៅ​បាត់ដំបង​ ខេត្ត​កំពង់ចាម ដែល​ទើប​បើក​ឲ្យ​ដំណើ​ការ​ កាល​ពី​ពេល​ថ្មីៗ​នេះ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ភ្នំពេញ។

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម