• 2019-04-19 01:00:00
  • សេដ្ឋកិច្ច

មិនចង់ចាយលុយប្តីទទេៗ តស៊ូបង្កើតរបរជួយស្ត្រីខ្មែរនៅអាមេរិក (មានវីដេអូ)

  • 2019-04-19 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​ធ្វើ​ក្រចក​ជា​​ស្នាដៃ​ស្ត្រី​ខ្មែរ​មួយ​កន្លែង​ដែល​ទើប​បើក​ដំណើរការ ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ កំពុង​ទទួលការ​គាំទ្រ​ពី​​​ជនជាតិ​បរទេស ដោយសារ​​គុណ​តម្លៃ​​៣​យ៉ាង។

ខាងមុខហាង

អ្នកស្រី ខៀវ វីសា ប្រជាពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក​កាំង ជា​អ្នក​គ្រប់គ្រង​ហាង​ធ្វើ​ក្រចក​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅថា (Lotus Nail Spa) បាន​ប្រាប់ Sabay​ ថា​ អ្នកស្រី​បាន​មក​រស់នៅ​សហរដ្ឋអាមេរិក ជាមួយ​ស្វាមី​អស់​រយៈ​ពេល​ជាង​៨ឆ្នាំ​មក​ហើយ។ អ្នកស្រី​បាន​បន្ត​ថា ហាង​នេះ​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Leesburg រដ្ឋ Virginia ដែល​បាន​បើក​ដំណើរការ​នៅ​​ដើម​ខែ​ឧសភា ឆ្នាំ​២០១៨ និង​ទទួល​បាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​លើ​ជំនាញ​​នេះ​ត្រឹមត្រូវ​ពី​អាជ្ញាធរ​អាមេរិក។

អាជ្ញាប័ណ្ណ​អាជីវកម្ម​ពី​អាជ្ញាធរ​អាមេរិក

ថ្វី​បើ​ការ​បើក​ដំណើរការ​មិន​ទាន់​បាន​១​ឆ្នាំ​ក៏​ពិតមែន ប៉ុន្តែ​ហាង​ថ្មី​មួយ​នេះ បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្អ​ ជា​ហេតុ​​អាច​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចេញចូល​មិន​ចេះ​ដាច់​ សូម្បី​តែ​ខែ​ត្រជាក់​ខ្លាំង​យ៉ាងណា ក៏​នៅ​តែ​មាន​ភ្ញៀវ​ស្កាត់​មក​​ដែរ។ អ្នកស្រី​បន្ត​ថា ហាង​នេះ​មាន​ចំណុច​ល្អ​៣​យ៉ាង​ជា​ភាព​លេចធ្លោ​របស់​ជនជាតិ​ខ្មែរ​យើង​មាន​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​បរទេស​សរសើរ​មិន​ដាច់​ពី​មាត់ ហើយ​អ្នក​ខ្លះ​បាន​ម្ដង​ហើយ​តែង​ចង់​មក​ម្ដង​ទៀត៖

អ្នកស្រី ខៀវ វីសា (ពាក់អាវ ស ខោខូវប៊យ)

១. ប្រភព​ចំណូល​មិន​ចេះ​រីង​ស្ងួត​ឲ្យ​ស្ត្រី​ខ្មែរ

មិនមែន​គ្រាន់​តែ​ជា​កន្លែង​រកស៊ី​ធម្មតា​ ដើម្បី​បើក​តែ​កើប​លុយ​ ឬ​ជួយ​ផ្នែក​សម្រស់​ស្រីៗ​ឲ្យ​ស្អាត​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ហាង​ក្រចក​នេះ ក៏​បាន​បង្កប់​នូវ​គុណ​តម្លៃ​ដ៏​មាន​ប្រយោជន៍​ និង​ជា​ប្រភព​ការងារ​មួយ​ផ្នែក ​ដើម្បី​ផ្ដល់​ចំណូល​សមរម្យ​ឲ្យ​ស្ត្រី​ខ្មែរ​​នៅ​ក្រៅ​ស្រុក​បាន​ជាង​១០​នាក់ ខណៈ​ពួក​គេ​មិន​ទាន់​មាន​មាន​លទ្ធភាព​រក​ការងារ​ផ្សេង​នៅ​ឡើយ។

អ្នកស្រី ខៀវ វីសា អ្នក​គ្រប់គ្រង​ហាង​ធ្វើ​ក្រចក​ Lotus Nail Spa ​បាន​ប្រាប់​ថា បច្ចុប្បន្ន​នៅ​ទីនេះ​មាន​បុគ្គលិក​សុទ្ធ​តែ​ជា​ស្ត្រី​ខ្មែរ​ ដែល​កំពុង​បម្រើ​ការងារ​សរុប​ចំនួន ១២​នាក់។ ភាគច្រើន​ពួកគេ​បាន​ចូល​សញ្ជាតិ​អាមេរិក​កាំង និង​ខ្លះ​ទៀត​ក៏​មាន​ប័ណ្ណ​តាំង​ទី​លំ​នៅ​អចិន្ត្រៃយ៍ ឬ​ភាសា​អង់គ្លេស​ហៅថា (Green Card)​​ ដែល​ជា​ភាសាខ្មែរ​មាន​ន័យ​ថា ប័ណ្ណ​សម្គាល់​ថា​ជា​អ្នក​តាំង​ទី​លំ​នៅ​អចិន្ត្រៃយ៍​នៅ​អាមេរិក​ស្រប​ច្បាប់។

បុគ្គលិក​ស្រី​ៗ​នៅ​ទីនេះ​ធ្វើការ​ដោយ​រីករាយ ព្រោះ​ពួកគេ​អាច​រក​ចំណូល​ខ្លួន​ឯង​បាន​ ដោយ​មិន​ចាំ​បាច់​ពឹង​ពាក់​ទាំង​ស្រុង​លើ​ចំណូល​ស្វាមី​ទទេ​ៗ គឺ​ពួក​គេ​មាន​តែ​ជួយ​សម្រាល​បន្ទុក​ប្ដី​កុំ​ឲ្យ​ធ្ងន់​ពេក ព្រោះ​នៅ​ទីនេះ​អ្វី​ៗ​ក៏​ថ្លៃ​ដែរ។

ចំពោះ​តម្លៃ​ធ្វើ​ក្រចក ប្រសិន​បើ​ធ្វើ​ធម្មតា​ មិន​សូវ​លេង​ម៉ូត​អី​ច្រើន​ទេ សម្រាប់​ភ្ញៀវ​ម្នាក់ ធ្វើ​ក្រចក​​ទាំង​ដៃ​ទាំង​ជើង គឺ​មាន​តម្លៃ​ចន្លោះ​ពី​៤២​ដុល្លារ​ឡើង​ទៅ (តម្លៃ​សម្រាប់​តំបន់​នេះ)។

ជាមធ្យម​បុគ្គលិក​ម្នាក់​ៗ​​អាច​រក​ចំណូល​បាន​ប្រហែល​ខ្ទង់​ជាង ១០០០​ដុល្លារ​ឡើង ទៅ​តាម​ចំនួន​ភ្ញៀវ​ដែល​គេ​បាន​ធ្វើ បូករួម​នឹង​លុយ​បន្ថែម (លុយ​ធីប) ដែល​ភ្ញៀវ​ឲ្យ​តាម​ជាក់ស្ដែង​ ខ្លះ​ក៏​បាន​ច្រើន ឬ​តិច​ជាដើម។ ដូច្នេះ​ស្ត្រី​ខ្មែរ​ធ្វើការ​នៅ​ទីនេះ មិនសូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព​ពិបាក​ទេ។

អ្វី​ដែល​កាន់​តែ​ពិសេស គឺ​ពួកគេ​អាច​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​គ្រួសារ ពិសេស​អ្នក​មាន​កូន​តូច​ៗ ករណី​កូន​ឈឺ ឬ​មាន​រឿង​បន្ទាន់​​ក្នុង​គ្រួសារ គឺ​ខ្មែរ​យើង​តែង​យោគយល់​ និង​ចេះ​ជួយ​គ្នា មិន​ពិបាក​សុំ​ច្បាប់​ឈប់​សម្រាក​ ដូច​អ្នក​ទៅ​ធ្វើការ​តាម​រោងចក្រ ឬ​កន្លែង​ដទៃ​ទៀត​ ដែល​អាច​បាន​ចំណូល​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​គេ​មាន​លក្ខខណ្ឌ​ការងារ​តឹង​រឹង។

ចុច​ត្រង់​នេះ​ដើម្បី​មើល​វីដេអូ​​ទិដ្ឋភាព​លម្អិត​នៃ​ហាង​ធ្វើ​ក្រចក​របស់​​ស្ត្រី​ខ្មែរ​នៅ​អាមេរិក។

២. ទឹក​ដៃ​ជាង​ល្អ​ធ្វើ​បាន​តាម​ចិត្ត​ភ្ញៀវ

សម្រាប់​ជីវភាព​អ្នក​នៅ​តំបន់​នេះ​ក្នុង​សហរដ្ឋ​អាមេរិក បើ​គិត​ទៅ​តម្លៃ​ធ្វើ​ក្រចក​ធម្មតា​ ក្នុង​ម្នាក់​ចាប់ពី ៤២​ដុល្លារ គឺ​មិន​ថ្លៃ​ពេក​ទេ។ អ្វី​ដែល​សំខាន់​ភ្ញៀវ​ចាយ​លុយ​ប៉ុណ្ណឹង​ តែ​លទ្ធផល​អត់​ខក​ចិត្ត កាត់​សាច់​មិន​ឈឺ​មិន​ដាច់ដោច ឬ​មុត​ចេញឈាម ព្រោះ​ជាង​ខ្មែរ​ធ្វើ​បាន​ដោយ​យក​ចិត្ត​ទុកដាក់ មិនមែន​លំ​ៗ យក​តែ​លុយ។ ភ្ញៀវ​មក​ធ្វើ​ក្រចក​តែង​ពេញ​ចិត្ត​ទឹក​ដៃ​ជាង​ធ្វើ​មួយ​ស្អាត និង​ពេញ​ចិត្ត​មិន​ថា​ភ្ញៀវ​ចង់​កុម្ម៉ង់​ម៉ូត​អី​ គឺ​បាន​ដូច​ចិត្ត។

សម្ភារៈសម្រាប់ធ្វើក្រចកមានអនាម័យ មានឧបករណ៍សម្លាប់មេរោគ

ភ្ញៀវ​បរទេស​ដែល​ធ្លាប់​បាន​មក​តែង​លើក​សរសើរ​ពី​ទឹក​ដៃ​ជាង​ហាង​នេះ​ ថា​មាន​ភាព​ខុស​ប្លែក​ពី​ហាង​ដទៃ​ដែល​គេ​ធ្លាប់​បាន​ទៅ។ អ្នក​គ្រប់គ្រង​ហាង​ធ្វើ​ក្រចក​ខាងលើ​ ​បញ្ជាក់​ថា អ្វី​ដែល​ភ្ញៀវ​តែង​លើក​សរសើរ​ គឺ​ជាង​ធ្វើ​ក្រចក​ស្អាត​ និង​មាន​ម៉ូត​ប្លែក ថ្មី​ៗ ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជាង​ទាំងអស់​គឺ​ធ្វើ​បាន​ល្អ​ដូចគ្នា មិន​ថា​បុគ្គលិក ឬ​ម្ចាស់​ហាង​ គឺ​ទឹក​ដៃ​ស្មើ​គ្នា។ ដូច្នេះ​ហើយ​ទើប​ហាង​នេះ តែង​មាន​ភ្ញៀវ​មក​បន្ត​គ្នា មិន​ចេះ​អត់ មិនថា​ព្រឹក ឬ​ល្ងាច​ទេ។ ជាក់​ស្ដែង​ពេល​កំពុង​ផ្ដល់​បទសម្ភាសន៍​មកកាន់ Sabayទោះ​ម៉ោង​ ៦​ល្ងាច​ទៅ​ហើយ ប៉ុន្តែ​ហាង​នេះ​នៅ​តែ​មិន​ទាន់​បិទ​ទ្វា​នៅ​ឡើយ​ដោយសារ​មាន​ភ្ញៀវ​បរទេស​នៅ​បន្ត​មក។

៣. បុគ្គលិក​មាន​ភាព​រួសរាយ​រាក់ទាក់ និង​ស្មោះត្រង់

ក្រៅ​ពី​ការ​ចេះ​ជួយ​គ្នា ទឹក​ដៃ​ជាង​ក្រចក​ល្អ នៅ​មាន​ចំណុច​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​បរទេស​ដែល​បាន​ហាង​នេះ​តែង​សរសើរ នោះ​គឺ​ភាព​រួសរាយ​រាក់ទាក់ និង​ភាព​ស្មោះត្រង់។ អាច​ថា​ជា​អត្តចរិត​ខ្មែរ​យើង​ទូទៅ​តែ​ម្ដង គឺ​តែង​មាន​ភាព​ស្មោះត្រង់ ​និង​ស្នាម​ញញឹម​ជាប់​ជានិច្ច​មិន​ថា​ទៅ​ដល់​ទីណា។ ចំណុច​នេះ​ហើយ ដែល​ជា​ភាព​លេចធ្លោ​របស់​ហាង​ក្រចក​ស្ត្រី​ខ្មែរ​យើង​នៅ​អាមេរិក​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ជា​ជន​បរទេស​​ចូលចិត្ត និង​សរសើរ​ពី​អត្តចរិត​ល្អ​ថ្លៃថ្នូរ​គួរ​ឲ្យ​រាប់អាន មិនមែន​ដូច​ហាង​ខ្លះ​ទាំង​បុគ្គលិក និង​ម្ចាស់​ហាង​មិន​សូវ​ចេះ​ស្វាគមន៍ មិន​សូវ​ចេះ​សួរ​នាំ​ភ្ញៀវ ឬ​ឆ្កុយ​ៗ​ ដូច​ពាក្យ​ខ្មែរ​យើង​ច្រើន​និយាយ​ថា មុខ​មិន​ឲ្យ ក្រោយ​មិន​បែរ​នោះ​ទេ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់
អត្ថបទពេញនិយម