• 2019-04-19 04:00:50
  • សេដ្ឋកិច្ច

រមណីយដ្ឋាន​បែប​ធម្មជាតិ​ថ្មី​ចែស​មួយ​ទៀត រំលេច​ខ្លួន​នៅ​ស្រុក​កៀន​ស្វាយ លើ​ផ្ទៃ​ដី​ ១៤ ហិកតា

  • 2019-04-19 04:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​បែប​ធម្មជាតិ​បៃ​តង តាម​ដង​ទន្លេ​មេគង្គ​ក្រោម ដែល​ស្ថិត​ក្រោម​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​ធំ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លើ​ផ្ទៃដី​ជាង ១៤​ហិកតា ប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ ក្នុង​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល។ លោក លី មីន អគ្គនាយក​ក្រុមហ៊ុន​ព្រីនស៍​រៀល​អ៊ីស្ទេត គ្រុប ថ្លែង​នៅ​ក្នុង​ពិធី​បើក​ដំណើរ​ការ​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​បែប​ធម្មជាតិ ព្រីនស៍ ម៉ាណ័រ ដំណាក់​កាល​ទី១ ថា មជ្ឍមណ្ឌល​កម្សាន្ត​នេះ ជា​ប្រភេទ​គោលដៅ​ទេសចរណ៍ បែប អេកូឡូស៊ី ដែល​រួមមាន​ទាំង សួន​កម្សាន្ត​កុមារ រមណីយដ្ឋាន​ទេសចរណ៍​បែប​កសិកម្ម​ទំនើប សួន​កម្សាន្ត ក្នុង​ព្រៃ និង​មាន​បង្ហាញ​នូវ​ផ្ទាំង​សិល្បៈ​គំនូរ​លើ​ជញ្ជាំង​ប្រវែង​១គីឡូ ដែល​ជា គំនូរ​ជញ្ជំង ដ៏​វែង ជាង​គេ នៅ​ក្នុង​តំបន់​អាស៊ី​ផងដែរ។

លោក​បន្ត​ថា មជ្ឈមណ្ឌល​កម្សាន្ត​ថ្មី​នេះ នឹង​អាច​ចូលរួម ចំណែក​ឆ្លើយ​តប​ទៅ​នឹង តម្រូវ​ការ​នៃ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អាច​ទៅ​កម្សាន្ត បាន​នា​ថ្ងៃ​ឈប់​សំរាក ជា​ពិសេស​ទេសចរ​ចិន ដែរ​កំពុង​មាន​ការ​កើន​ឡើង​ខ្ពស់​នៅ​កម្ពុជា។

ក្នុង​ដំណាក់​កាល​ទី​ ១​នេះ មជ្ឈមណ្ឌល​កម្សាន្ត ព្រីនស៍ ម៉ាណ័រ បាន​បើក​ដំណើរ​ការ​នូវ​ឧទ្យាន​ធំៗ​ចំនួន​៥ ដូចជា សួន​កម្សាន្ត​កុមារ ឧទ្យាន​លំហែ​កម្សាន្ត ឧទ្យាន​កីឡា និង​ឧទ្យានវីរជន។ មជ្ឈមណ្ឌល​កម្សាន្ត ព្រីនស៍ ម៉ាណ័រ នឹង​ផ្តល់​ជូន អតិថិជន​ជាពិសេស​នូវ​បទពិសោធន៍​សេវាកម្ម​ដ៏​សម្បូរ​បែប​មាន​ដូចជា​ ចំណត​ឧទ្ធម្ភាគចក្រ បន្ទប់​ហាត់​វាយ​កូន​ហ្គោល VR ដ៏​ទំនើប បន្ទប់​ស្នាក់​នៅ​ជា​ផ្ទះ​ឈើ​បែប​ខ្មែរ​ដ៏​ពិសេស កំពង់​ផែ​ជិះ​ទូក​កម្សាន្ត និង​បរិក្ខារ​ឧទ្យាន​កម្សាន្ត​នានា​ជាច្រើន​ផ្សេង​ទៀត។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​កម្ពុជា បាន​លើក​ឡើង​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ពិសេស ភ្ញៀវ​ទេសចរ​ចិន ដែល​នឹង​មក​ទស្សនា​នៅ​កម្ពុជា អាច​នឹង​កើន​រហូត​ដល់ ២លាននាក់​បន្ថែម​នោះ ក្រុង​ភ្នំពេញ​ និង​ខេត្ត​សក្ដានុពល​កម្ពុជា​ផ្សេង​ទៀត បាន​នឹង​កំពុង​រៀបចំ និង​អភិវឌ្ឍន៍​រមណីដ្ឋាន បែប វប្បធម៌ និង​ធម្មជាតិ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក។

លោក​ស្រី​បន្ត​ថា យើង​ចង់​ឃើញ​ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​កម្សាន្ត​នៅ​កម្ពុជា មិន​ត្រឹម តែ​ទស្សនា​ត្រឹមតែ​ប្រាង្គ​ប្រាសាទ​ប៉ុណ្ណោះ​ទេ តែ​យើង​គួរ​រៀប​ចំ​យ៉ាងណា ឲ្យ​មាន​កន្លែង​ កម្សាន្ត​ថ្មីៗ​ឲ្យ​បាន​ច្រើន ដើម្បី​អាច​ទាញ​ចំណូល​ឲ្យ​បាន​ច្រើន​ពី​វិស័យ​ទេសចរណ៍ ។

គួរ​បញ្ជាក់​ថា មជ្ឈមណ្ឌល​កម្សាន្ត ព្រីនស៍ ម៉ាណ័រ មាន​ទីតាំង​ជាប់ បណ្ដោយ មាត់ទន្លេ មេគង្គ ក្រោម ស្ថិត​ក្នុង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ដោយ​គម្រោង​នេះ​សាងសង់ ឡើង​នៅ​លើ​ផ្ទៃ​ដី ជាង ១៣ហិចតា៕

អត្ថបទ៖ Sponsor

មតិយោបល់
អត្ថបទពេញនិយម