• 2019-04-22 03:33:25
  • ការអប់រំ

បង្ហាញទង្វើទាំង៥នេះ នៅកន្លែងធ្វើការ ប្រយ័ត្នគ្មានអង្ករច្រកឆ្នាំង

  • 2019-04-22 03:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​នាំ​ប្រាក់​ចំណូល នាំ​ការ​រីករាយ និង​បទពិសោធន៍ ប៉ុន្តែ​ក៏​អាច​ជួប​រឿង​ធុញ​ថប់​ច្រើន នៅ​ពេល​មានបរិយាកាស​មិន​ល្អ ដោយសារតែមានបុគ្គលិក​មួយ​ចំនួន មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន រហូត​​រៀបរាប់​តាម​បណ្ដាញ​សង្គម និង​ប្រាប់​អ្នក​រួម​ការងារ។ ទាំង​នេះ​សុទ្ធតែ​នាំ​ផល​អវិជ្ជមាន​ចំពោះ​ខ្លួន ប៉ុន្តែ​នៅ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​មិន​គួរ​លាត​ត្រដាង​នៅ​កន្លែង​ការងារ។

រូបតំណាង

ចំណុច ៥​យ៉ាង​ខាង​ក្រោម​នេះ មិន​គួរ​លើក​មក​និយាយ​នៅ​កន្លែង​ការងារ​ឡើយ៖ ​​​

  ១. ប្រាក់ខែ

  ប្រាក់ខែ​ជា​រឿង​ឯកជន​បំផុត និង​មិន​គួរ​លាត​ត្រដាង​ផ្ដេសផ្ដាស​ឡើយ ហើយ​ប្រសិន​បើ​នៅ​កន្លែង​ការងារ​ទៀត រឹត​តែ​មិន​ត្រូវ​និយាយ។ មិត្ត​រួម​ការងារ​ដែល​កំពុង​អង្គុយ​ជិត​អ្នក អាច​មាន​ប្រាក់​ខែ​តិច​ជាង ឬ​លើស​អ្នក ទៅ​តាម​សមត្ថភាព​ជាក់​ស្ដែង។ ដូច​នេះ​ប្រសិន​បើ ទំហំ​ប្រាក់​ខែ​ដែល​ក្រុម​ហ៊ុន​ផ្ដល់​ឲ្យ​អ្នក​ទម្លាយ​ចេញ​មក នឹង​នាំ​ឲ្យ​មាន​ការ​ច្រណែន ឬ​អាក់​អន់​ស្រពន់​ចិត្ត ធ្លាក់​គុណភាព​ការងារ​ជាក់​ជា​មិន​ខាន។ ទោះ​យ៉ាង​ណា បញ្ហា​នេះ​អាច​លើក​មក​ពិភាក្សា​ជាមួយ​មេ និង​មនុស្ស​មួយ​ចំនួន​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ការងារ​បាន។  

២. អារម្មណ៍​អវិជ្ជមាន​ចំពោះ​ការងារ

រូបតំណាង

  ការងារ​ល្អ​យ៉ាង​ណា ក៏​មាន​ពេល​ខ្លះ​ជួប​ភាព​ធុញ​ថប់ កើត​ជា​អារម្មណ៍​ស្អប់​មួយ​ពេល ទៅ​តាម​បរិយាកាស ប៉ុន្តែ​មិន​គួរ​បង្ហាញ​ចេញ​មក​ក្រៅ​​ជា​សាធារណៈ​ឡើយ។ បញ្ចេញ​អារម្មណ៍​មិន​ល្អ​នៅ​កន្លែង​ការងារ អាច​នាំ​អ្នក​នៅ​ជុំវិញ​បាត់​ភាព​រីករាយ និង​នាំ​ផល​អវិជ្ជមាន​ដល់​ខ្លួន។ ម្យ៉ាង​វិញ​ទៀត ជៀសវាង​ដាច់​ខាត​ការ​ជះ​កំហឹង​តាម​បណ្ដាញ​សង្គម​នានា ព្រោះ​វា​អាច​ឲ្យ​អ្នក​ដទៃ​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​ក្រុមហ៊ុន។ ប្រសិន​បើ​មាន​បញ្ហា គួរ​ពិភាក្សា​ចំ​មនុស្ស​តែ​ម្ដង... ឧទាហរណ៍ មេ​កើយ ឬ​ប្រធាន​ផ្នែក​បុគ្គលិក។

  ៣. អារម្មណ៍​អវិជ្ជមាន​ចំពោះ​អ្នក​រួម​ការងារ ឬ​មេ​កើយ

  ជា​ទូទៅ អ្នក​ប្រាកដ​ជា​មាន​ពេល​ទទួល​ទាន​អាហារ​ជុំ​គ្នា​ជាមួយ​មិត្ត​រួម​ការងារ ដែល​ជា​វេលា​នាំ​ទៅ​ដល់​ការ​ពិភាក្សា​គ្នា​ពី​រឿង​ផ្សេង​ៗ។ ទោះ​យ៉ាង​ណា មិន​គួរ​លើក​យក​បុគ្គលិក​ណា​ម្នាក់​ក្នុង​កន្លែង​ការងារ​ជា​ប្រធាន​បទ​ឡើយ។ ចៀសវាង​ការ​លើក​ឡើង​ពី​ចំណុច​អាក្រក់​របស់​អ្នក​រួម​ការងារ​ប្រាប់​អ្នក​ផ្សេង បើ​ទោះ​បី​បញ្ហា​នោះ​ធ្វើ​ឲ្យ​អ្នក​រង្កៀស​ចិត្ត​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ត្រូវ​លើក​បញ្ហា​នេះ​ទៅ​មេ​ផ្ទាល់ ឬ​ផ្នែក​គ្រប់​គ្រង​បុគ្គលិក​តែ​ម្ដង ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ជាជាង​បង្កើន​អារម្មណ៍​អវិជ្ជមាន​បន្ថែម​ទៅ​អ្នក​ដទៃ។

  ៤. បញ្ហា​សុខភាព

  បុគ្គលិក​ភាគ​ច្រើន ពេល​សុំ​ច្បាប់​ឈប់​សម្រាក ច្រើន​ប្រើ​ហេតុ​ផល​ថា​ឈឺ​មិន​អាច​ធ្វើ​ការ​បាន ហើយ​ពេល​ខ្លះ​ទៀត​វា​គ្រាន់​តែ​ជា​លេស មិន​មែន​មូល​ហេតុ​ពិត​ផង​ក៏​មាន។ ចំណែក​អ្នក​ខ្លះ​ទៀត ច្រើន​ប្រាប់​មិត្ត​រួម​ការងារ​ថា ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ ឬ​ឧស្សាហ៍​ឈឺ​ជា​ញឹកញាប់...។ ទាំង​នេះ មាន​ត្រឹម​តែ ផល​អវិជ្ជមាន​ប៉ុណ្ណោះ ព្រោះ​ស្ថានភាព​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិចារណា​វាយ​តម្លៃ​​របស់​មេ​កើយ។ ចែក​រំលែក ទម្លាប់​ធ្វើ​ឲ្យ​សុខភាព​ល្អ កីឡា និង​ការ​ហាត់​ប្រាណ ប្រហែល​ជា​អាច​ស្វែង​រក​គុណ​សម្បត្តិ​ពី​ការងារ​ច្រើន​ជាង។

  ៥. កំពុង​ស្វែងរក​ការងារ​ថ្មី

  បើ​អ្នក​កំពុង​ប្រមាញ់​ការងារ​ថ្មី ចូល​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ត្រូវ​និយាយ​ប្រាប់​អ្នក​រួម​ការងារ​ឲ្យ​ដឹង​ឡើយ។ អ្នក​អាច​ត្រូវ​ការ​ពេល​វេលា​ដែល​កំពុង​ធ្វើការ​នេះ ដើម្បី​ស្វែង​រក​ប្រភព​ការងារ​ថ្មី ហើយ​មិត្ត​រួម​ការងារ​នឹង​មិន​មាន​អារម្មណ៍​អវិជ្ជមាន​ចំពោះ​អ្នក។ ពេល​ខ្លះ​ទៀត គម្រោង​ចាក​ចេញ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​ជ្រួល​ច្របល់​ដល់​បុគ្គលិក​នានា ព្រម​ទាំង​នាំ​ឲ្យ​ធ្លាក់​ចុះ​គុណភាព​ការងារ...៕

ប្រភព៖ careeraddict

មតិយោបល់