• 2019-04-22 05:12:02
  • ចរាចរណ៍

កម្ពុជា-ថៃ ចាប់​ដៃ​គ្នា​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មីមួយទៀត​ តាមរយៈស្ពាន ស្ទឹងបត់-បានណងអៀន

  • 2019-04-22 05:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ និង​ថៃ បាន​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត តាម​រយៈ​​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​​ធ្វើ​ពាណិជ្ជកម្ម​​ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ក្រោយ​សម្ដេច​នាយករដ្ឋមន្ត្រី​សម្ដេច​ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​កម្ពុជា និង​លោក ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្ត្រី​ថៃ បាន​អញ្ជើញ​ចាក់​បេតុង​ តភ្ជាប់​មុខ​តំណ​ស្ពាន​ស្ទឹងបត់-បាន​ណងអៀន កាល​ពី​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ២០១៩​នេះ។

សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា និង​លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បាន​អញ្ជើញ​ចាក់បេតុង​តភ្ជាប់​មុខតំណស្ពាន​ស្ទឹងបត់-បាន​ណងអៀន កាល​ព្រឹកមិញ

ស្ពាន​ខាង​លើ​នេះ​ត្រូវ​បាន​កសាង​ឡើង​កង​វិស្វកម្ម​នៃ​កង​ទ័ព​ភូមិន្ទ​នៃ​ព្រះរាជាណាចក្រ​ថៃ ហើយ​សិក្សា​ និង​ត្រួត​ពិនិត្យ​បច្ចេកទេស​ដោយ​នាយកដ្ឋាន​ហាវ៉េ (DOH) ក្រសួង​ដឹក​ជញ្ជូន​ថៃ ក្រោម​ជំនួយ​ឥត​សំណង​ពី រាជរដ្ឋាភិបាល​ថៃ​ប្រមាណ​ជា ៦៧០លាន​បាត​ (​ស្មើ​នឹង​ប្រមាណ​ជាង ១៩​លាន​ដុល្លារ​អាមេរិក)។ ក្រៅពី​ជំនួយ​ឥត​សំណង​ពី​រាជរដ្ឋាភិបាល​ថៃ លើ​គម្រោង​សាងសង់​ស្ពាន​ខាង​លើ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូល​រួម​ថវិកា​បដិភាគ​សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ការ​បោស​សម្អាត​មីន​ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធ​អាករ​ផ្សេងៗ។

គម្រោង​សាងសង់​ស្ពាន​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បាន​ផ្ដួច​ផ្ដើម​គំនិត​រៀប​ចំ​តាំង​ពី​ឆ្នាំ ២០០៧ មក​ម៉្លេះ ដោយ​ភ្ជាប់​ជាមួយ​គម្រោង​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់-បាន ណង​អៀន។ ដ្បិតតែ​គម្រោង​នេះ​ប្រើប្រាស់​រយៈពេល​យូរ​ក៏​ពិត​មែន សម្ដេច​តេជោ ហ៊ុនសែន បាន​ថ្លែង​ក្នុង​សន្ទរកថា​ឲ្យ​ដឹង​ថា យើង​ប្រើ​រយៈពេល​យូរ​ក្នុង​ការ​រៀប​ចំ​គម្រោង​ យ៉ាង​ណា​ក៏​ពេល​នេះ​សុបិន​បាន​ក្លាយ​ជា​ការ​ពិត វា​ជា​ផល​វិជ្ជមាន​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ស្អិត​រមួត​រវាង​ប្រទេស​ទាំង​ពីរ។

សម្ដេច​តេជោ​ ហ៊ុន សែន​ បន្ថែម​ថា ស្ពាន​នេះ​អាច​និយាយ​បាន​ថា​ជា​ស្ពាន​ភ្ជាប់​និស្ស័យ​រវាង​ប្រជាជន​ខេត្ត​បន្ទាយ​មានជ័យ​ និង​ប្រជាជន​ខេត្ត​ស្រះ​កែវ។ និយាយ​ជា​រួម​ស្ពាន​នេះ​គឺ​ភ្ជាប់​និស្ស័យ​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ ទាំង​មូល​ដែល​ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំង​ពីរ។

ស្ពាន​ខាង​លើ​នេះ​មាន​ប្រវែង ៦២០ម៉ែត្រ ទទឹង​១៧ម៉ែត្រ ដោយ​នៅ​ផ្នែក​កម្ពុជា​មាន​ប្រវែង​ ២១៥ម៉ែត្រ​ នៅ​ផ្នែក​ខាង​ថៃ​មាន​ប្រវែង​ ៤០៥ម៉ែត្រ ហើយ​នៅ​ចំណុច​ដែល​សាងសង់​ស្ពាន​ ស្ទឹង​មាន​ទទឹង​ប្រមាណ​ ៣០ម៉ែត្រ តែ​អ្នក​បច្ចេកទេស​បាន​សាងសង់​ប្រឡោះ​ស្ពាន​ដល់​ទៅ​ ៦០ម៉ែត្រ​ ដោយ​សសរ​ស្ពាន​ទាំង​សង​ខាង​ស្ទឹង​ ឈរ​ផុត​មាត់​ស្ទឹង​ប្រមាណ ១៥ម៉ែត្រ សំដៅ​ការពារ​ប្រែប្រួល​បរិស្ថាន​ព្រំដែន​ ទៅ​តាម​អនុសាសន៍​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា (JBC)។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី