• 2019-04-24 07:47:58
  • សេដ្ឋកិច្ច

អគ្គិសនី​កម្ពុជា​បកស្រាយ​​រឿង​ដាច់​​ភ្លើង​​ញឹក​ តែ​ចេញ​​​វិក្កយបត្រ​អស់​លុយ​ច្រើន

  • 2019-04-24 07:47:58
  • ចំនួនមតិ 3 | ចំនួនចែករំលែក 1818

ចន្លោះមិនឃើញ

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ឆ្លើយ​បំភ្លឺ​ទៅ​​នឹង​ចម្ងល់​​អតិថិជន​​មួយ​ចំនួន​ ទាក់ទង​នឹង​​​មូលហេតុ​ដាច់​​ភ្លើង​ញឹកញាប់​​តែ​ពេល​​វិក្កយបត្រ​មក​អស់​លុយ​ច្រើន​​ជាង​​ការ​​ផ្គត់​ផ្គង់​ចរន្ត​​​ក្នុង​ផ្ទះ ដែល​មិន​សូវ​ដាច់​។ ​ជាង​កន្លះ​ខែ​មក​ហើយ​ប្រជាពលរដ្ឋ​​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ​នៅ​តាម​បណ្ដា​ខេត្ត​ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​​​ហ្វេសបុក​​មួយ​ចំនួន​ ​មាន​ការ​ងឿង​ឆ្ងល់​ជុំវិញ​បញ្ហា​នេះ។

តាមរយៈ​បណ្ដាញ​សង្គម​​ហ្វេសបុក​​​ផ្លូវ​ការ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​​បាន​សរសេរ​ថា អគ្គិសនី​ដែល​អ្នក​ផ្គត់ផ្គង់​លក់​ឲ្យ​អ្នក​ប្រើ​នីមួយៗ តម្រូវ​ឲ្យ​រត់​កាត់​នាឡិកា​ស្ទង់​អគ្គិសនី​ ឬ​ជញ្ជីង​វាស់​អគ្គិសនី​របស់​អ្នក​ប្រើ​នោះ ដើម្បី​ឲ្យ​នាឡិកា​ស្ទង់​នោះ ធ្វើ​ការ​វាស់​វែង​ និង​កត់ត្រា​ចំនួន​គីឡូវ៉ាត់​ម៉ោង​ ដែល​អ្នក​ផ្គត់ផ្គង់​បាន​ផ្តល់​ទៅ​ឲ្យ​អ្នក​ប្រើ រយ:ពេល​១ខែ ទើប​គេ​ស្រង់​យក​ចំនួន​គីឡូ​អគ្គិសនី​ដែល​បាន​ផ្តល់​នោះ​ យក​ទៅ​ធ្វើ​វិក្កយបត្រ​គិត​ប្រាក់ ។ ដូច្នេះ ទាំង​ចំនួន​ទឹក​ប្រាក់​ និង​ទាំង​ចំនួន​គីឡូវ៉ាត់​ម៉ោង​អគ្គិសនី​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ គឺ​ឋិត​នៅ​លើ​ការ​វាស់វែង និង​កត់ត្រា​របស់​នាឡិកា​ស្ទង់​វាស់​នោះ ត្រឹមត្រូវ​ឬ​ទេ?

សូម​កុំ​យល់​ច្រឡំ​ថា ឲ្យ​តែ​ឧបករណ៍​ប្រើ​អគ្គិសនី​របស់​ខ្លួន​នៅ​ដដែល​ ចំនួន​គីឡូ​អគ្គិសនី​ដែល​ខ្លួន​ប្រើ​តាម​ខែ ត្រូវតែ​នៅ​ដដែល​នោះ​ទេ ។ ចំនួន​គីឡូវ៉ាត់​ម៉ោង ដែល​អ្នក​ប្រើប្រាស់​ ទោះ​ជា​ឧបករណ៍​ប្រើប្រាស់​នៅ​ដដែល​ក៏ដោយ ឬ​ទោះ​ជា​សមាជិក​គ្រួសារ​តិច ឬ​ច្រើន​ក៏​ដោយ​ ក៏​វា​ប្រែប្រួល​ទៅ​តាម​រយៈ​ពេល និង​លក្ខខណ្ឌ​ដែល​ឧបករណ៍​នីមួយៗ​បើក​ប្រើ។ ដូច្នេះ ចង់​ឲ្យ​គីឡូ​ចុះ​តិច​ត្រូវ​បើក​ឧបករណ៍​នីមួយៗ​ឲ្យ​រយៈពេល​តិច​ជាង​មុន​ និង​ត្រូវ​ចង​ចាំ​ថា​ឧបករណ៍​ណា​មួយ​ក៏ដោយ​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​គីឡូ​អគ្គិសនី​ដែរ បើ​បើក​វា​ប្រើ ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ប្រសិន​បើ​សង្ស័យ​ថា​ជញ្ជីង​វាស់​មិន​ត្រឹម​ត្រូវ​ អ្នក​ប្រើប្រាស់​អគ្គិសនី​នៅ​តំបន់​ណា​ក៏​ដោយ​អាច​បំពេញ​ពាក្យ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ដែល​ជា​អាជ្ញាកណ្ដាល​យក​ឧបករណ៍​ផ្ទៀងផ្ទាត់​ទៅ​ផ្ទៀង​ផ្ទាត់​នាឡិកា​វាស់​អគ្គិសនី​នោះ​មើល​ថា​តើ​វា​ដើរ​ត្រឹមត្រូវ​ទេ។ ការងារ​នេះ​ធ្វើ​ជូន​ដោយ​មិន​យក​កម្រៃ​ទេ។

ប្រសិន​បើ​ផ្ទៀង​ផ្ទាត់​រួច​ហើយ​ អ្នក​នោះ​នៅតែ​សង្ស័យ​មិន​ជឿ​លើ​ការ​ផ្ទៀងផ្ទាត់​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​នេះ​ទេ អ្នក​នោះ​អាច​ទៅ​ទិញ​នាឡិកា​ស្ទង់​ណា​ដែល​គេ​យល់ថា​ត្រឹមត្រូវ​ ទោះ​ជា​ទិញ​ពី​កន្លែង​ណា និង​ពី​ប្រទេស​ណា​ក៏​ដោយ អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក ។ល។

រួច​ស្នើ​សុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា យើង​ខ្ញុំ​នឹង​ពិនិត្យ​ព្រមទាំង​អនុញ្ញាត​ឲ្យ​ដាក់​នាឡិកា​ស្ទង់​នោះ ​វាស់​និង​កត់ត្រា​ទន្ទឹមគ្នា​ជាមួយ​នាឡិកា​ស្ទង់​ចាស់​របស់​អ្នក​ផ្គត់ផ្គង់​ក្នុង​រយៈពេល ៣ខែ ដើម្បី​ផ្ទៀងផ្ទាត់​សាក​មើល​ទាំង​អស់​គ្នា ថា​តើ​នាឡិកា​ស្ទង់​ចាស់​ដែល​អ្នក​ផ្គត់ផ្គង់​តំបន់​នោះ​កំពុង​ប្រើ​ វាស់​ខុស​ពី​នាឡិកា​ស្ទង់​ ដែល​អ្នក​សង្ស័យ​ទិញ​មក​នោះ​ទេ ។ បើ​ដាក់​វាស់​ទន្ទឹមគ្នា​រួច​ឃើញ​ថា​វា​ខុស​គ្នា​មែន យើង​ខ្ញុំ​នឹង​រក​ខុស​ត្រូវ​ជូន​អ្នក​សង្ស័យ​នោះ​ភ្លាម។

ដូច្នេះ​បើ​ចង់​បាន​ភាព​ត្រឹមត្រូវ​សូម​ធ្វើ​តាម​នីតិ​វិធី​ខាង​លើ ​ប៉ុន្តែ​បើ​ចង់​តែ​ឃើញ​គីឡូ​តិច​ដោយ​មិន​សំអាង​លើ​ជញ្ជីង​អគ្គិសនី​ទេ យើង​ខ្ញុំ​ជា​អាជ្ញាកណ្ដាល​ពិត​ជា​មិន​អាច​ធ្វើ​ជូន​បាន​ទេ ​ពី​ព្រោះ​ការ​ទិញ​លក់​អគ្គិសនី​ត្រូវ​តែ​ឈរ​លើ​មូលដ្ឋាន នៃ​ជញ្ជីង​វាស់​អគ្គិសនី​ មិន​អាច​សំអាង​លើ​ការ​ប្រៀបធៀប​ថា​គីឡូ​ខែ​នេះ​តិច​ ឬ​ច្រើន​នោះ​ទេ៕    

អត្ថបទ៖ សុផល

មតិយោបល់