• 2019-04-30 00:39:00
  • សុខភាព

កុំ​បណ្ដោយ​ឱ្យ​សោះ! ទម្លាប់​អាក្រក់​៦​យ៉ាង​ធ្វើ​ឱ្យ​ខួរក្បាល​ចុះ​ខ្សោយ​ទាំង​វ័យ​ក្មេង

  • 2019-04-30 00:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខួរ​ក្បាល​គឺ​ជា​ផ្នែក​សំខាន់​​ និង​ងាយ​រងការ​ប៉ះពាល់​ជាងគេក្នុង​ចំណោម​សរីរាង្គ​សំខាន់ៗ​របស់​មនុស្ស។ ដូច្នេះ​បើ​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ វា​អាច​បណ្ដាល​ឱ្យ​ដាច់​សរសៃ​ប្រាសាទ ឬ​ហៅ​ថា​​ដាច់​សរសៃ​ខួរក្បាល ឬ​ខួរ​ក្បាល​លែង​ដំណើរ​ការ​ជាដើម។ នៅ​ពេល​នោះ រាងកាយ​ទាំងមូល​នឹង​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ មិន​អាច​​បញ្ជា​ផ្នែក​ណា​មួយ​នៃ​រាងកាយ​បាន​ដូច​ពី​មុន​ឡើយ។

អាហារ និង​ទម្លាប់​ប្រចាំ​ថ្ងៃ​អាច​ជះ​ឥទ្ធិពល​ដល់​ខួរក្បាល​បាន​យ៉ាង​ងាយ។ ហេតុ​នេះ​ហើយ​ទើប​គ្រូ​ពេទ្យ​តែង​តែ​ណែ​នាំ​ឱ្យ​ញ៉ាំ​អាហារ​ណា​ដែល​មាន​ប្រយោជន៍ និង​​ជៀស​វាង​ទម្លាប់​អាក្រក់​ដូច​ខាង​ក្រោម​ទើប​ខួរក្បាល​អាច​ដំណើរ​ការ​បាន​ល្អ​ ទោះ​ឈាន​ដល់​​អាយុ​ច្រើន​ក៏​ដោយ។

ចុចអាន៖ ៥​ សញ្ញាច្បាស់​ៗបញ្ជាក់​​​​ថា​​ អ្នក​​កើត​​​ជំងឺ​​​​​គិត​​ច្រើន​ជ្រុល​

១. អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក

គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ ថា​អាហារ​ពេល​ព្រឹក​គឺ​ជា​អាហារ​ដែល​ចាំបាច់​បំផុត​ក្នុង​ចំណោម​អាហារ​ទាំង​៣​ពេល។ ហេតុ​ផល​ព្រោះ​​ថា ពេល​ភ្ញាក់​ឡើង​នៅ​ពេល​ព្រឹក ខួរ​ក្បាល​របស់​យើង​បាន​បាត់​បង់​ថាមពល​អស់​យ៉ាង​ច្រើន ទើប​ត្រូវ​ការ​អាហារ​បំប៉ន​ដើម្បី​បំពេញ​បន្ថែម​សារធាតុ​ចិញ្ចឹម​ដែល​បាន​បាត់​បង់​ក្នុង​ពេល​គេង​លក់​ពេញ​មួយ​យប់​នោះ។

ដូច្នេះ បើ​អ្នក​ចេះ​តែ​អត់​ញ៉ាំ​អាហារ​ពេល​ជា​ប្រចាំ ឬ​ញឹក​ញាប់ វា​នឹង​ធ្វើ​ឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​ធ្លាក់​ចុះ ហើយ​ប៉ះពាល់​ដល់​ខួរក្បាល​ធ្ងន់ធ្ងរ​ទៀត​ផង ហើយ​បើ​កាល​ណា​ចេះ​តែ​បន្ត​បែប​នេះ​យូរ​ទៅៗ វា​នឹង​​ធ្វើ​ឱ្យ​កោសិកា​ខួរក្បាល​​វិវត្ត​ទៅ​រក​ភាព​កាន់​ចាស់ បាត់​បង់​ភាព​រំញោច ស្ពឹក​ស្រពន់ គិត​អ្វី​មិន​បាន​លឿន​ដូច​ពី​មុន​ឡើយ។

២. ទម្លាប់​ញ៉ាំ​អី​ច្រើន​ៗ​ពេក

ផ្ទុយ​ពី​រឿង​អត់​អាហារ​ពេល​ព្រឹក ការ​ញ៉ាំ​អាហារ​ច្រើន​ៗ​ពេក​​រយៈ​កាល​យូរ​ទៅ​នឹង​ទៅ​ប៉ះពាល់​ដល់​មុខងារ​រំលាយ​អាហារ បង្កើន​ហានិភ័យ​នៃ​ការ​ដុះ​ក្បាល​ពោះ ថែម​ទាំង​ឈាន​ដល់​ការ​ប៉ះពាល់​ខួរក្បាល​ទៀត​ផង។ ពេទ្យ​ជំនាញ​បាន​បក​ស្រាយ​ថា ដោយ​សារ​តែ​ភាព​ធាត់​ជ្រុល ឬ​ការ​ដុះ​ក្បាល​ពោះ​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​ក្រពះ​ពោះវៀន ងាយ​ស្ទះ​សរសៃ​ឈាម ខ្វះ​អុកស៊ីសែន ឬ​ដំបៅ​រលួយ​ជាលិកា​ជាដើម។ ចំណែកឯ​ខួរក្បាល​​វិញ​ក៏​ស្ពឹក​លែង​ដំណើរ​ការ​ដូច​មុន ហើយ​អាច​ឈាន​ដល់​បញ្ហា​វិកល​ចរិត​ក៏​ថា​បាន។

ចុចអាន៖ ហានិភ័យ​​សុខភាព​​​ ​៧យ៉ាង​​​ ស្រីៗ​​មិន​គួរ​មើល​​រំលង​​ដាច់​ខាត

៣. មិន​សូវ​ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់

ដឹង​អត់? ក្នុង​ខ្លួន​យើង​មាន​ជាតិ​ទឹក​ដល់​ទៅ​៧០%។ អ៊ីចឹង​ហើយ​ទើប​ទឹក​មាន​សារសំខាន់​ណាស់​សម្រាប់​គ្រប់​​មុខ​ងារ​របស់​រាងកាយ រួម​ទាំង​ខួរក្បាល​ផង។ ការ​សិក្សា​ជា​ច្រើន​សុទ្ធ​តែ​បង្ហាញ​ថា ​បើ​អ្នក​ហាត់​ប្រាណ​ដោយ​ប្រើ​កម្លាំង​​ខ្លាំង​ៗ​រយៈ​ពេល​២​ម៉ោង តែ​មិន​​ផឹក​ទឹក​ចូល​បង្គ្រប់​ជាតិ​ទឹក​ដែល​បាត់​បង់​វិញ​ទេ​នោះ វា​នឹង​នាំ​ឱ្យ​សមត្ថភាព​ចងចាំ​របស់​យើង​ចុះ​អន់​ខ្សោយ ប៉ះពាល់​ដល់​​មុខ​ងារ​ខួរ​ក្បាល​ធ្ងន់ធ្ងរ​។

៤. ញ៉ាំ​ជាតិ​ផ្អែម​ច្រើន​ពេក

ទោះ​បី​ថា​រាងកាយ និង​ខួរក្បាល​របស់​យើង​ត្រូវ​ការ​ជាតិ​ស្ករ​ដើម្បី​ឱ្យ​ដំណើរ​ការ​បាន​ល្អ​ក៏​ពិត​មែន តែ​បើ​សិន​អ្នក​ញ៉ាំ​ជាតិ​ផ្អែម​ទាំង​នោះ​ច្រើន​ពេក វា​នឹង​បណ្ដាល​ឱ្យ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ជា​មិន​ខាន។ ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ញូវយ៉ក សហរដ្ឋអាមេរិក​បាន​រក​ឃើញ​ថា ក្នុង​មួយ​ថ្ងៃ មនុស្ស​មិន​គួរ​តែ​ញ៉ាំ​ស្ករ​​​​ឱ្យ​លើស​២​ស្លាបព្រាបាយ​កន្លះ​ឡើយ។

៥. ធ្វើការ​ក្នុង​បរិយាកាស​ការងារ​ស្ត្រេស​ច្រើន

អ្នក​ណា​ក៏​ដឹង​ថា ស្ត្រេស​បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​រាងកាយ និង​សុខភាព​ទាំង​មូល រួម​ទាំង​ខួរ​ក្បាល។ កាល​ណា ស្ត្រេស​កាន់​តែ​ខ្លាំង រាងកាយ​នឹង​បញ្ចេញ​អរម៉ូន Cortisol ដែល​ជា​អរម៉ូន​ស្ត្រេស​តែ​ម្ដង។ កាល​ណា​អរម៉ូន​ប្រភេទ​នេះ​បញ្ចេញ​មក​កាន់​តែ​ច្រើន វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​កោសិកា​ខួរ​ក្បាល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្កើន​លទ្ធភាព​នៃ​ការ​កើត​ជំងឺ​​សតិ​អារម្មណ៍ បាត់​បង់​ការ​ចងចាំ​ទៀត​ផង។

ដូច្នេះ​ទោះ​បី​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​បច្ចុប្បន្ន​នេះ ប្រហែល​គ្មាន​អ្នក​ណា​អាច​ជៀស​ផុត​ពី​ការ​កើត​ស្ត្រេស​ក៏​ដោយ តែ​គួរ​​យល់​ដឹង​ពី​វិធី​កាត់​បន្ថយ​រាល់​ពេល​មាន​អារម្មណ៍​ស្ត្រេស​ម្ដងៗ ដូច​ជា គេង​ឱ្យ​​បាន​គ្រប់​គ្រាន់ ធ្វើ​លំហាត់​ប្រាណ ច្រៀង​លេង ស្ដាប់​ចម្រៀង ជជែក​លេង​ឱ្យ​បាន​ច្រើន ឬ​ទៅ​ជួប​គ្រូពេទ្យ​បើ​ចូល​ដល់​កម្រិត​ធ្ងន់ធ្ងរ។

៦. ជក់​បារី

គុណ​វិបត្តិ​នៃ​ការ​ជក់​បារី​មាន​ច្រើន​ណាស់ ដូច​ជា​ធ្វើ​ឱ្យ​ជាតិ​ខា្លញ់​ក្បាល​ពោះ​កើន​ឡើង សរសៃ​ឈាម​ខួរក្បាល​​ត្រូវ​រួញ ប៉ះពាល់​កោសិកា​ខួរក្បាល បណ្ដាល​ឱ្យ​វិកលចរិត​ជា​ដើម។ មួយ​វិញ​ទៀត ទោះ​បី​ជា​ក្រសោម​ខួរក្បាល​ត្រូវ​​ស្ដើង​ឡើងៗ​នៅ​ពេល​អាយុ​កាន់​តែ​ចាស់​ក៏​ដោយ​ តែ​ការ​ជក់​បារី​នឹង​ចូល​ទៅ​ជំរុញ​ឱ្យ​ក្រសោម​ខួរ​ក្បាល​សឹក​លឿន​ជាង​អាយុ ហើយ​ប៉ះពាល់​ខ្លាំង​ដល់​ការ​ចង​ចាំ។

ចុចអាន៖ ​​៦យ៉ាង បង្ហាញ​ថា​​ខួរ​​ក្បាល​​​​អ្នក​កំពុង​​​​​ផ្ទុក​​​​សម្ពាធ​​​ធ្ងន់ គួរ​​​សម្រាក​​​​​លំហែ​​បន្តិច​​សិន

ដូច​បាន​រៀបរាប់​ខាង​លើ ដើម្បី​កុំ​ឱ្យ​ឆាប់​ភ្លេច​ភ្លាំង​ទាំង​ខ្លួន​ឯង​នៅ​ក្មេង​នៅ​ឡើយ​នោះ គួរ​ក្រលេក​មើល​ខ្លួន​ឯង​មើល៍ ថា​តើ​មាន​បាន​ធ្វើទម្លាប់​ណា​មួយ​ក្នុង​ចំណោម​ទម្លាំង​ខាង​លើ​ដែរ​អត់? បើ​មាន គួរ​បញ្ឈប់​ឱ្យ​បាន​ជា​ប្រញាប់ តែ​បើ​អត់​ទេ ក៏​គួរ​ស្វែង​រក​វិធី​ល្អៗ​ផ្សេង​ទៀត​ដើម្បី​ឱ្យ​ខួរ​ក្បាល​កាន់​តែ​ដំណើរ​ការ និង​មាន​សុខភាព​ល្អ៕

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី

មតិយោបល់