• 2019-05-03 06:00:00
  • ព័ត៌មាន

នេះៗ! ៧ស្នៀត ដើរលេងនៅថៃសប្បាយចាស់ដៃហើយ អស់លុយតិច

  • 2019-05-03 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដើរលេង​ទៅ​ប្រទេស​ថៃ កំពុង​ទទួល​ការ​ពេញ​និយម​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​មធ្យម ឬ​អ្នក​មាន​ជីវភាព​ធូរធារ។ នេះ​បើ​តាម​ប្រភព​ពី​ក្រុម​អ្នក​ទេសចរណ៍​ខ្មែរ​​ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ទៅ​បរទេស ពិសេស​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

កញ្ញា ស្រី សុភារី វ័យ​២៩​ឆ្នាំ ជា​អ្នក​ធ្វើការ​ក្នុង​វិស័យ​ឯកជន​មួយ​កន្លែង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​គន្លឹះ​វៃ​ឆ្លាត ៧​ចំណុច​ មក​កាន់ Sabay ដើម្បី​ជា​ការ​ចែករំលែក​បទពិសោធន៍ ចាយ​លុយ​ត្រូវ​ខ្ទង់ និង​មាន​សុវត្ថិភាព​។

មុន​ទៅ​ដើរ​លេង​នៅ​ថៃ​ឲ្យ​សប្បាយ​ចិត្ត និង​មិន​ជះ​លុយ​ចោល សូម​​ដឹង៧​ស្នៀត​ងាយ​ៗ​នេះ​ ត្រៀម​ទុក​មុន​ក្នុង​ដៃ។ ជាក់ស្ដែង វា​ពិត​ជា​ប្រភព​ព័ត៌មាន​ ដ៏​មាន​ប្រយោជន៍ និង​អាច​ជួយ​សន្សំ​ច្រើន ជា​ជាង​យក​លុយ​ទៅ​ចាក់​ចោល​នៅ​បរទេស​ហួសហេតុ តែ​មិន​បាន​អ្វី​ដែល​យើង​ចង់​បាន​ទៀត ឬ​នាំ​ទុក្ខ​ដាក់​ខ្លួន​ក៏​ថា​បាន។

១. ដូរ​លុយ​បាត​ថៃ

នេះ​ជា​រឿង​សំខាន់​ត្រូវ​ដឹង ព្រោះ​នៅ​ថៃ​គេ​មិន​ប្រើ​រូបិយប័ណ្ណ​ផ្សេង​ សម្រាប់​ចរាចរណ៍​ទូទៅ​ទេ។ អ្នក​ដំណើរ​ខ្មែរ​យើង​បើ​ចង់​ទៅ​ថៃ អាច​មាន​២ជម្រើសដើម្បីដូរលុយបាតទុកមុន ១. ដូរ​ពី​ខ្មែរ​ទៅ​ឲ្យ​ហើយ​ បើ​ចង់​ស្រួល​ខ្លួន។ ២. ដូរ​នៅ​ថៃ អ្នក​ក៏​អាច​ចាំ​ទៅ​ដូរ​លុយ​បាត​នៅ​ព្រលាន​យន្តហោះ ដូចជា​ព្រលាន​សុវណ្ណភូមិ (សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ)​ ព្រោះ​អត្រា​ដូរ​លុយ អាច​លើស​គ្នា​តិចតួច​ បើ​ធៀប​នឹង​ការ​ដូរ​ពី​ខ្មែរ​យើង​ទៅ ប៉ុន្តែ​បើ​ដូរ​នៅ​កន្លែង​ផ្សេង អត្រា​ដូរ​លុយ គឺ​ខុស​គ្នា​ច្រើន ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ គឺ​ខាត​ទឹក​ខ្លាំង។

មួយវិញទៀត ក្រោយ​ដូរ​លុយ​បាត​រួចរាល់ នៅ​ថៃ​ស្រុក​គេ​ក៏​និយម​ចាយ​កាក់​ដែរ ដូច្នេះ​អ្នក​ក៏​ត្រូវ​ត្រៀម​លក្ខណៈ លៃលក​ចាយ​ឲ្យ​អស់​តាម​វិធី​នានា ដើម្បី​ចាយ​កាក់​ឲ្យ​អស់ កុំ​ឲ្យ​ពិបាក​យក​មក​ដូរ​វិញ ព្រោះ​នៅ​ខ្មែរ​​មិន​ងាយ​មាន​កន្លែង​ដូរ​ឲ្យ​វិញ​ទេ។

២. ប្រយ័ត្នជាប់​គុក ព្រោះតែបាច​ចំណី​សត្វ​ព្រាប​នៅ​ទី​សាធារណៈ

​រឿង​ធំ កុំ​ចេះ​តែ​ហ៊ាន! អ្នក​ទៅ​ប្រទេស​ថៃ គួរ​តែ​កត់​សម្គាល់ និង​ចងចាំ​ថា ការ​ឲ្យ​ចំណី​សត្វ​ព្រាប​នៅ​ទី​សាធារណៈ អាច​នាំ​ឲ្យ​អ្នក​ជួប​បញ្ហា​ធំ ដោយសារតែ​រដ្ឋាភិបាល​បាន​រឹត​បន្តឹង​បទបញ្ជា​ប្រឆាំង​នឹង​សកម្មភាព​នេះ បន្ទាប់​ពី​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ និង​ការ​កើន​ឡើង​ខ្លាំង​នៃ​ចំនួន​សត្វ​ព្រាប។

យោង​តាម​ប្រភព​ព័ត៌មាន worldofbuzz បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​រំលោភ​លើ​បទ​បញ្ជា​នេះ អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ២៥ ០០០បាត ឬ​ប្រហែល ៧៧០ដុល្លារ ឬ​ក៏​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ជាប់​គុក ៣ខែ។ សកម្មភាព​ដ៏​តឹងរ៉ឹង​ប្រឆាំង​មិន​ឲ្យ​ចំណី​សត្វ​ព្រាប​នៅ​ទី​សាធារណៈ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​ចេញ​សេចក្ដី​បង្គាប់​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៨​។

៣. មធ្យោបាយ​​ធ្វើ​ដំណើរ​​ទៅ​មក​ ឲ្យ​ដល់​ដី​ថៃ

អ្នក​គួរ​ដឹង​មុន​បាន​ទៅ​ដល់​ដី​ថៃ ដោយ​សុវត្ថិភាព និង​មិន​លើស​ខ្ទង់​ចាយ​លុយ។ បើ​និយាយ​ដល់​ចំណុច​នេះ គឺ​មាន​២ជម្រើស​ឲ្យ​អ្នក​ស្រួល​​សម្រេច​ចិត្ត​មិន​ស្មុគស្មាញ។ ទី១​គឺ ជិះ​ឡាន​ក្រុង សរុប​ចំណាយ​ធ្វើ​ដំណើរ​ទាំង​ទៅ​មក អស់​ប្រហែល ៥០ដុល្លារ និង​ត្រូវ​ប្រើ​ពេល​ប្រមាណ ជាង​១០ម៉ោង ទើប​ទៅ​ដល់​ទីក្រុង​បាងកក ​ប្រទេស​ថៃ។ មធ្យោបាយ​នេះ ហត់​នឿយ​ និង​អស់​កម្លាំង​បន្តិច សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ បើ​អ្នក​ចង់​សន្សំ​លុយ​កាក់។

ចំណែក​ទី២ គឺ​មធ្យោបាយ​ជិះ​យន្តហោះ​វិញ ប្រើ​ពេល​តែ​ជាង​៤០នាទី ប៉ុន្តែ​ចាយ​លុយ​រាង​ច្រើន ប្រមាណ​ជិត ២០០ដុល្លារ ឬ​លើស​នេះ (ករណី​ទៅ​មក​ចំ​រដូវ​កាល​ឈប់​សម្រាក)។ តែ​មធ្យោបាយ​នេះ គឺ​ស្រួល​ខ្លួន មាន​សុវត្ថិភាព​ខ្ពស់ មិន​ទ្រោម​ខ្លួន ហើយ​អាច​ចំណេញ​ពេល​ច្រើន​បើ​ធៀប​នឹង​ការ​ជិះ​ឡាន​ក្រុង។

៤. បណ្ដុំ​តំបន់​សម្រាក និង​ហាង​ញ៉ាំ​អាហារ​ឆ្ងាញ់ ៗ អស់​លុយ​តិច

បើ​តាម​ការ​សាកសួរ​ ខ្មែរ​យើង​ភាគ​ច្រើន គឺ​សម្រុក​ទៅ​សម្រាក និង​ស្គាល់​តំបន់ Pratunam។ មិន​ខុស​ទេ​! ទីនោះ​នៅចំ​កណ្ដាល​ក្រុង ហើយ​ប្រមូល​ផ្ដុំ​ហាង​លក់​អាហារ​ញ៉ាំ ស្នាក់នៅ និង​អាច​ដើរ​ទិញ​ទំនិញ​ស្រួល​ទៀត។ បើ​គិត​ពី​កន្លែង​ស្នាក់នៅ​ ករណី​ទៅ​ច្រើន​គ្នា អាច​គេង​នៅ​ផ្ទះ​សំណាក់ ឬ​កន្លែង​ដែល​អនុញ្ញាត​ឲ្យ​គេង​រួមគ្នា​បាន។ ឧទាហរណ៍ បើ​អ្នក​ទៅ​លេង​៣យប់ គឺ​ចំណាយ​ប្រមាណ​ជាង ១០០០ថៃ​បាត្រ ឬ​ស្នើ​ជាង ៣០​ដុល្លារ​ម្នាក់។

ចំណែក​ហាង​អាហារ​កម្រិត​ល្មម​ៗ ឬ​លក់​តាម​ផ្លូវ​វិញ​​រសជាតិ​ និង​អនាម័យ គឺ​អាច​ទទួល​យក​បាន ចាយ​លុយ​ប្រហែល ៥ ទៅ​១០​ដុល្លារ​យ៉ាង​ច្រើន ក្នុង​១​ពេល។ បើ​អ្នក​ចូល​ហាង តូច ឬ​ធំ គឺ​ត្រូវ​ចាយ​ច្រើន​ជាង​នេះ ក្នុង​១​ពេល ម្នាក់​អស់​ប្រហែល​ ៣០ដុល្លារ ឬ​លើស​នេះ​ក៏​ថា​បាន។

៥. តំបន់​កម្សាន្ត និង​ទិញ​ទំនិញ​ដ៏​សម្បូរ​បែប

សម្រាប់​អ្នក​ទើប​ទៅ​ថៃ​ថ្មីថ្មោង​លើក​ទី​១ កុំ​ឲ្យ​ពិបាក​ស្មុគស្មាញ​ អ្នក​អាច​ទៅ​ផ្សារ​ទំនើប​ Platinum-mallឬ ​Big-C-mallសម្រាប់​អ្នក​ចង់​ទិញ​របស់​កម្រិត​មធ្យម តម្លៃ​ចាប់​ពី ១០ ទៅ ២០ដុល្លារ​ឡើង​ទៅ និង​ងាយ​ដើរ​រក​ ព្រោះ​ទីនេះ​ ចាត់​ទុក​ជា​តំបន់​ប្រមូល​ផ្ដុំ​ហាង​ទំនិញ ពិសេស​សំលៀកបំពាក់​ជា​ច្រើន​ប្រភេទ ដែល​មាន​ទាំង​លក់​រាយ ឬ​បោះ​ដុំ។

តែ​បើ​អ្នក​ចង់​បាន​ទំនិញ ដែល​មាន​តម្លៃ​ថោក​ជាង​នេះ តម្លៃ​ចន្លោះ​ពី ៣ ទៅ៥ដុល្លារ​វិញ អ្នក​អាច​ដើរ​ទៅ​រក​នៅ​តំបន់​ផ្សារ​រាយរង ក្នុង​ម្ដុំ​ Pratunam ដែល​នៅ​ជិត​ផ្សារ​ទំនើប​ Platinum-mall ដែរ។

៦. ពេទ្យ​ពិនិត្យ​សុខភាព

ជ្រុល​ជា​ទៅ​ដើរ​លេង​ហើយ ក៏​ត្រូវ​ចេះ​ស្រឡាញ់​សុខភាព​ដែរ។ បើ​តាម​ប្រភព​ពី​ អ្នក​បក​ប្រែ​ភាសា​ថៃ ដែល​ជា​ជនជាតិ​ខ្មែរ លោក សុខ សុផារ៉ា បាន​ប្រាប់ Sabayថា ពេទ្យ​នៅ​ថៃ ដែល​ភ្ញៀវ​ខ្មែរ​និយម​​ទៅ​លេង​ផង និង​​ទៅ​ពិនិត្យ​សុខភាព​ផង​ គឺ​មាន​២ ប្រភេទ គឺ​ពេទ្យ​ឯកជន និង​ពេទ្យ​រដ្ឋ សរុប​៧​មន្ទីរ​ពេទ្យ ល្បី​ដែល​ខ្មែរ​យើង​និយម​ទៅ​បំផុត​​។ ចំណែក​តម្លៃ​ក៏​ខុស​គ្នា​តាម​នឹង​ដែរ គឺ​ចាប់​ពី ១០០ដុល្លារ រហូត​ដល់​ជាង ១៥០០ដុល្លារ​អាមេរិក សម្រាប់​ការ​ពិនិត្យ​សុខភាព​ម្ដង តាម​កញ្ចប់​សុខភាព។

៧​មន្ទីរ​ពេទ្យ​នៅ​បាងកក មាន​ឈ្មោះ​ដូចជា៖

មន្ទីរពេទ្យ Phyathai1 Hospital-1

មន្ទីរពេទ្យ Phyathai1 Hospital-2

មន្ទីរពេទ្យ Bumrungrad International

មន្ទីរពេទ្យ Rama

មន្ទីរពេទ្យ Bangkok Hospital

មន្ទីរ​ពេទ្យ​ស្ដេចChulalongkorn Memorial

មន្ទីរពេទ្យ Siriraj Piyamaharajkarun (មាន២ផ្នែកគឺរដ្ឋ និង​ឯកជន)។

៧. សេវា​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ថៃ

មធ្យោបាយ​មាន ៤​ប្រភេទ​សំខាន់ ដែល​អ្នក​គួរ​មាន​ព័ត៌មាន​​ក្នុង​ដៃ មុន​ពេល​ជាន់​ដល់​ដី​ថៃ​ភ្លាមៗ ព្រោះ​ស្រុក​នេះ ភាគ​ច្រើន​គេ​មិន​​សូវ​ប្រើ​ការ​បើកបរ​បែប​ឯកជន​ទេ។ នៅ​ថៃ​គេ​និយម​បំផុត​មាន​ដូចជា Tuk Tuk ឡាន​តាក់​ស៊ី ម៉ូតូ​ឌុប និង​រថភ្លើង​លើ​អាកាស។ ក្នុង​ចំណោម ៤នេះ គឺ​មាន​តែ​រថភ្លើង​លើ​អាកាស ដែល​ចាយ​លុយ​តិច ហើយ​អាច​គេច​ចេញ​ពី​រឿង​កក​ស្ទះ​ចរាចរណ៍ និង​អាច​ជិះ​ទៅ​ច្រើន​កន្លែង​បាន​ មិន​ថា​ដើរ​លេង ឬ​ទៅ​ពេទ្យ​ទេ។

ការ​ជិះ​រថភ្លើង​លើ​អាកាស​វា​ពិត​ជា​ចំណេញ​មែន តែ​អ្នក​ក៏​គួរ​ដឹង​រឿង​ទាំងនេះ​មុនដែរ ​ចៀសវាង​ជិះ​ខុស​ខ្សែ ហួស​គោលដៅ នាំ​ខាត​លើស​ដើម៖

  • យក​លុយ​ទៅ​បាត ទៅ​ទិញ​កាក់​ បន្ទាប់​មក​យក​កាត​ទុក​ប្រើ​ពេល​ជិះ​រថភ្លើង​
  • មើល​ផែនទី​នៅ​តាម​ស្ថានីយ​និមួយៗ ឲ្យ​ច្បាស់​មុន​ឡើង​ជិះ
  • ហាម​ថតរូប​ក្នុង​តំបន់​ហាម​ឃាត់​មួយ​ចំនួន នៃ​តាម​ស្ថានីយ

  • រក្សា​សុវត្ថិភាព​ជាចម្បង ចៀសវាង​ការ​ទៅ​ឈរ​ ឬ​អង្គុយ​ចាំ​កៀក​នឹង​ផ្លូវ​រថភ្លើង​ពេក អាចនាំគ្រោះថ្នាក់ដល់ជីវិត។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់