• 2019-05-04 08:06:24
  • ព័ត៌មាន

មនុស្ស​ខ្មែរ​សម័យ​បុរាណ​ដាក់​បណ្ដាសា​ដល់​អ្នក​បំផ្លាញប្រាសាទយ៉ាង​ធ្ងន់ធ្ងរ​

  • 2019-05-04 08:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិលា​ចារឹក​ថ្មី​មួយ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវសម្ភុបុរៈ​ដឹកនាំ​ដោយ​លោក​បណ្ឌិត​ ធុយ ចាន់ធួន បាន​រកឃើញ​កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៩ ​នៅ​ប្រាសាទ​ត្រពាំង​ព្រៃ​ ចម្ងាយ​១២គីឡូម៉ែត្រ​ខាង​កើតភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី នៃខេត្តក្រចេះ។ ​ក្នុង​សិលាចារឹកនេះ​បាន​និយាយពី​ដង្វាយ និង​ការ​ដាក់បណ្ដាសា​ដល់​ជន​ទាំងឡាយ​ណាដែល​ហាន​មក​បំផ្លាញ​​ផង​ដែរ។​

លោក​បណ្ឌិត​ធុយ​ ចាន់ធួន សាស្រ្តាចារ្យ​ផ្នែក​បុរាណវិទ្យា​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួននៅ​ថ្ងៃ​នេះ​ថា​ សិលាចារឹក​នេះ​​បាន​ប្រ​គល់​ជូន​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ក្រចេះកាលពី​ថ្ងៃទី​១២​ ខែមេសា ឆ្នាំ២០១៩។

(ទម្រង់អក្សរនៃសិលាចារិកប្រាសាទត្រពាំងព្រៃសតវត្សទី៧ឝ.ស ដែលទើបរកឃើញ/រូបភាព៖ ហ្វេសប៊ុកលោក​បណ្ឌិត ធុយ ចាន់ធួន)

បើ​តាម​ប្រ​ភព​ដដែល​ឲ្យ​ដឹងថា​សិលាចារឹកនេះមាន​បណ្ដោយ​១,៧៦ម៉ែត្រ ទទឹង​០,៤៦​ម៉ែត្រ និង​កម្រាស​មួយ​តឹក មាន​អក្សរ​ចំនួន​២២ជួរ។

លោក​ធុយចាន់ ធួន បាន​ដក​ស្រង់សម្ដី​របស់​លោក​​វង់​ សុធារ៉ា សាស្រ្តាចារ្យ​ផ្នែកសិលាចារឹក​ថា​ សិ​លាចារឹក​មួយ​ផ្ទះ​នេះ​ទំនងចារនៅអំឡុង​សត​វត្សទី៧នៃគ.ស. ដោយ​ផ្អែក​តាម​តួរអក្សរ​បុរាណ។ លោក​សាស្រ្តាចារ្យ ហ៊ុន ឈុនតេង អ្នកបក​ប្រែ សិលាចារឹកនេះ​ក៏​យល់​ឃើញ​ដូចគ្នានេះ​ដែរ។

បើតាម​សំណេរ​របស់​បណ្ឌិតធុយ ចាន់ធួន ​អ្នក​ជំនាញ​បាន​បកប្រែ​ថា​សិលាចារឹកនេះ​ចារឡើង​ក្នុង​គោល​ដៅ​ថ្វាយនូវ​ដង្វាយ​ដល់អាទិទេព​ព្រហ្មញ្ញសាសាន ​ស្រី​ព្រឹទ្ធេស្វរៈ និកាយព្រះឥសូរ។

(លោកគ្រូ ហេ សុខសាយ ពិនិត្យសិលាចារិកដែលទើបរកឃើញ/រូបភាព៖ ហ្វេសប៊ុកលោក​បណ្ឌិត ធុយ ចាន់ធួន)

ប្រ​ភព​ដដែល​បន្តថា​ដង្វាយ​ទាំងនោះមាន​ដូច​ជា​​ប្រេងចន្ទ បន្លែ ស្លា ខ្ញុំ​បម្រើ ច្បារដំណាំ គោ និង​ស្រែជាដើម។

ក្រៅពីបញ្ជាក់ពី​ដង្វាយ​សិលាចារឹក​នេះ​ក៏បាន​និយាយពី​បាប​ដល់​អ្នក​ដែល​មាន​ចេតនា​រារាំង ឬបំផ្លាញ​ប្រាសាទ​នេះ ដោយ​បាន​ដាក់​បណ្ដាសា ដល់​អ្នកណា​ដែល​មក​បំផ្លាញ​ឲ្យ​ធ្លាក់​នរក​២៧​ជាន់ ដរាបណា​នៅ​តែមាន​ព្រះអាទិត្យ និង​ព្រះ​ចន្ទ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់