• 2019-05-05 06:32:37
  • ការអប់រំ

សិស្សវិទ្យាល័យ ៧រូបតំណាងកម្ពុជា នឹងប្រកួតសរសេរគម្រោងអាជីវកម្មជម្រើសពិភពលោក

  • 2019-05-05 06:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាលើកទី៧ ដែលកម្ពុជាបានចូលរួមក្នុងកម្មវិធីការប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោក ដោយប្រទេសសរុបចំនួន១០ ស្ថិតក្នុងទ្វីបអឺរ៉ុប ទ្វីបអាមេរិកខាងជើងនិងអាមេរិកខាងត្បូង និងនៅអាស៊ី។

មែនទែនទៅ ការប្រកួតគម្រោងអាជីវកម្មនេះសម្រាប់យុវជនសិក្សាកម្រិតវិទ្យាល័យប៉ុណ្ណោះ ដែលកន្លងមកកម្ពុជាធ្លាប់ទទួលជោគជ័យលេខ១លើតារាងដល់ទៅ២លើក គឺឆ្នាំ២០១៤ និង២០១៧។

ក្នុងឆ្នាំនេះ កម្ពុជាដែលមានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ជាអ្នកជ្រើសរើសបេក្ខជនចូលរួមផ្ទាល់ ពោលគឺមានតែ១ក្រុមគត់ចំនួន៧នាក់ក្នុងនោះមានសិស្សមកពីវិទ្យាល័យខេត្តកំពង់ចាមផងដែរ។

នៅព្រឹកថ្ងៃ ០៥ ឧសភាមុនការប្រកួតមកដល់ យុវជនវ័យក្មេងទាំង៧ រូប ហ្វឹកហាត់ ដោយទទួលប្រធានបទសាកល្បង និងការណែនាំពីគ្រូជំនាញបន្ថែម។ យុវជន លុយ អ៊ឹងតេកហុង ពីសាលាមហាសាស្ត្រា ថ្នាក់ទី១១ វ័យ១៨ឆ្នាំជាប្រធានក្រុម ប្រាប់ថា ប្អូនបានរៀនរយៈពេល ១ខែហើយ ហើយសមាជិកនីមួយៗសុទ្ធតែចំណុចខ្លាំងពិសេសរៀងៗខ្លួន និងមានភាពសហការយ៉ាងចុះសម្រុង។

យុវជន លុយ អ៊ឹងតេកហុង

ហុង ជាសិស្សពូកែមួយរូប មានជំនឿចិត្តក្នុងការប្រកួតដោយសង្ឃឹមច្រើន បើទោះបីជ័យជំនះមិនមែនរង្វាន់ថវិកាក៏ដោយ ប៉ុន្តែប្អូនយល់ថា វាជាមេរៀនសំខាន់នៃជំហានដំបូងមុនគេ ពេលបញ្ចប់ថ្នាក់វិទ្យាល័យចូលដល់ថ្នាក់ឧត្តមសិក្សាក្នុងជំនាញធុរកិច្ចខាងមុន ។

គួរដឹងថា ការប្រកួតប្រជែងប្រធានបទគឺអាជីវកម្មទាក់ទិននឹងវិទ្យាសាស្ត្រ ក្នុងនោះផ្ដោតសំខាន់ គំនិតអាជីវកម្ម គម្រោងអាជីវកម្ម ធ្វើវិដេអូពីConcept អាជីវកម្មរយៈពេល ៣នាទី។ ក្នុងនោះសិស្សមានជាបេក្ខជនដទៃទៀត យុវជន ជុន សុខធូធារាជ មកពីវិទ្យាល័យព្រះសីហនុ យុវតី ឡាវ ជាសីង មកពីសាលាឯកជន ELT យុវតី ឡេវ មុយឡាង និងយុវតី ឡេង សុផារី មកពីវិទ្យាល័យទួលទំពូង យុវតី សារី វង្សចេង មកពីសាលាមហាសាស្ត្រា និងចុងក្រោយ យុវតី ទេព សុម៉ាវត្តី មកពីវិទ្យាល័យសន្ធរម៉ុក។

កញ្ញា ណែម ចិន្តា អ្នកសម្របសម្រួល «កម្មវិធីការប្រកួតប្រជែងសរសេរគម្រោងអាជីវកម្មពិភពលោកសម្រាប់យុវវ័យ GYEC ឆ្នាំ២០១៩» ឲ្យដឹងពីលក្ខខណ្ឌដើម្បីចូលរួមប្រកួតបាន ចាំបាច់គឺជាសិស្សវិទ្យាល័យមានអាយុចាប់ពី១៥ ដល់១៩ឆ្នាំ មានចំណេះដឹងកុំព្យូរទ័រ និងភាសាអង់គ្លេស ជាពិសេសមានចំណូលចិត្តភាពជាសហគ្រិន។ កញ្ញាបញ្ជាក់ថា ការប្រកួតប្រជែង គឺបែបលក្ខណៈសកលជាមួយសិស្សដទៃទៀតតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដែលចាប់ផ្ដើមនៅថ្ងៃ១២ ឧសភា សិស្សមានពេល ១២ម៉ោង ចាប់ពី ៦ព្រឹក ដល់ ៦ល្ងាច។

លើសពីនេះទៅទៀត កម្មវិធីនេះផ្តល់ឲ្យសិស្សដែលចូលរួម ទទួលបានឱកាសក្នុងការពង្រឹងនូវចំណេះដឹង ឱកាសក្នុងការបង្កើតទំនាក់ទំនង រៀនពីរបៀបធ្វើការងារជាក្រុម និងទទួលបានបទពិសោធន៍នៃការសរសេរគម្រោងអាជីវកម្មដោយផ្ទាល់ ពីគ្រូបង្វឹកដែលមានជំនាញ នឹងបទពិសោធន៍ទៅលើការបង្កើតអាជីវកម្មជាច្រើនឆ្នាំ។ ចំពោះក្រុមដែលឈ្នះការប្រកួតប្រជែងនឹងទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រពីប្រទេសជប៉ុន និងត្រូវផ្សព្វផ្សាយនៅជុំវិញសាកលលោក៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់