• 2019-05-06 08:20:00
  • ការអប់រំ

កំពូលបុគ្គលិកលំៗ ៧ប្រភេទនេះធ្វើការតាំងពីតំណែងធំរហូតដេកផ្ទះស្អាត

  • 2019-05-06 08:20:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 757

ចន្លោះមិនឃើញ

ក្រៅ​ពី​បុគ្គលិក​សកម្ម​ៗ​ស្មោះស្ម័គ្រ​នឹង​ការងារ នៅ​តាម​កន្លែង​ធ្វើការ​នីមួយៗ តែង​មាន​ប្រភេទ​បុគ្គលិក​ដែល​​អសកម្ម ឬ​ហៅថា​អ្នក​ធ្វើ​អី​លំ​ៗ យក​តែ​លុយ។ បុគ្គលិក​ក្រុម​នេះ មិន​សូវ​មាន​ទិសដៅ ឬ​គំនិត​វិជ្ជមាន​ ចំពោះ​ការងារ​ដែល​គេ​កំពុង​ធ្វើ​នោះ​ទេ។

រូបតំណាង

៧ប្រភេទ​នេះ ដែល​ចាត់​ចូល​ជា​បុគ្គលិក ​​អសកម្ម​មក​ធ្វើការ​លំ​ៗ យក​តែ​លុយ ដែល​ទៅ​ដល់​កន្លែង​ការងារ​ណា គេ​សុំ​ខ្លាច មិន​ចង់​ហ៊ាន​យក​ចូល​ធ្វើការ៖

១. គ្មាន​ទិស​ដៅ

រូបតំណាង

មិន​ថា​រឿង​តូច ឬ​ធំ មនុស្ស​យើង​បើ​គ្មាន​ទិសដៅ គឺ​ចប់​ហើយ។ បុគ្គលិក​ធ្វើការ​លំ​ៗ គឺ​មិន​ដែល​មាន​ទិសដៅ​ ឬ​ក្ដី​ស្រមៃ​ធំ​ដុំ​នឹង​គេ​ទេ និយាយ​រួម​មក​ធ្វើការ​ដើម្បី​តែ​ប្រាក់​ខែ មួយ​រស់​ៗ ដល់​ខែ​បើក​លុយ។ ចំណុច​នេះ​ហើយ​ ជា​បញ្ហា​ដែល​ក្រុមហ៊ុន​តែង​ជួប មិន​ថា​អ្នក​មាន​វ័យ​ក្មេង​ៗ​ទេ។ អ្នកខ្លះ​មាន​វ័យ​ចាស់​ៗ​មែន តែ​ការ​គិត​មិន​ចាញ់​ក្មេង គ្មាន​ចង់រៀនសូត្រអ្វីថ្មី គឺធ្វើអ្វីតាមទម្លាប់ដដែលៗ។ ចំណុច​នេះ ហើយ​ដែល​គេ​ពិបាក​ប្រគល់​ការងារ​ធំ​ៗ​ឲ្យ ព្រោះ​ពួកគេ​មិន​បាន​បង្ហាញ​ឆន្ទៈ​មោះមុត និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​សម្រេច​ទិសដៅ​រួម​ឲ្យ​ក្រុមហ៊ុន​ទេ។

២. ធ្វើការ​តិច តែ​ចង់​ឡើង​ប្រាក់​ខែ​ច្រើន

រូបតំណាង

មិន​ខុស​ទេ បុគ្គលិក​ប្រភេទ​នេះ​តែង​តែ​រអ៊ូ​រទាំ តែ​រឿង​មេ​មិន​ឃើញ​ឡើង​ប្រាក់​ខែ​ ឬ​តំណែង​ឲ្យ​សោះ ខណៈ​ខ្លួន​ធ្វើការ​យូរ​ហើយ។ សញ្ញា​នេះ នៅ​តាម​ក្រុមហ៊ុន​គឺ​មិន​ខ្វះ​ទេ​បុគ្គល​ធ្វើការ​តិច តែ​ចង់​បាន​មុខ​មាត់ ឬ​សុំ​ឡើង​ប្រាក់​ខែ​ច្រើន​តែ​ម្ដង។

សូម​ចាំ​ថា​តាម​កន្លែង​ធ្វើការ គឺ​ជួល​អ្នក​មក​ធ្វើការ​ឲ្យ​គេ មិនមែន​មក​រអ៊ូ​ដាក់ខែ​ទេ ដូច្នេះ​បើ​អ្នក​មិន​បាន​សាង​គុណសម្បត្តិ​ការងារ​ល្អ​ទេ ឈប់​ដេក​ស្រមៃ ថា​ហេតុអី គេមិនឡើង​ប្រាក់​ខែ​ច្រើន​ឲ្យ​សោះ។ គឺ​ទៅ​មិន​រួច​ទេ បាន​គេ​មិន​ដេញ​ចោល រាប់​ថា​សំណាង​ហើយ ព្រោះ​គេ​នៅ​អាណិត និង​ចង់​ឲ្យ​យើង​កែ​ទម្លាប់​នេះ​ចោល។

រូបតំណាង

៣. ខ្លាំង​ខាង​អួត​ ទ្រឹស្ដី​ដូច​អ្នក​ប្រាជ្ញ!

ចំណាំ​មើល​ទៅ បើ​កន្លែង​ការងារ​ណា​ដែល​មាន​ប្រភេទ​បុគ្គលិក​បែប​នេះ​ច្រើន មន្ត្រី​គ្រប់គ្រង​ធនធាន​មនុស្ស​សូម​ត្រៀម​តែ​ឈឺ​ក្បាល​ទៅ។

រូបតំណាង

បុគ្គលិក​ពូកែ​អួត តែ​អត់​សាច់ការ និយាយ​ពី​ថា ពូកែ​រក​លេស អួត​ៗ​លុះ​ក្ស័យ ហើយ​ទ្រឹស្ដី​ហូរ​ដូច​ទឹក​ ដែល​អ្នក​ប្រាជ្ញ​សឹង​តែ​សុំ​ចាញ់​ក៏​មាន។ ឧទាហរណ៍​ថា៖ មេ​ដាក់​ការងារ​១​ឲ្យ​គេ​ធ្វើ ពេល​នៅ​មុខ​មេ​កើយ គឺថា Ok ឡើង​លឿន! ពាក្យ​ដែល​តែង​លឺ​ពី​មាត់ អ្នក​ខ្លាំង​ខាង​អួត គឺ​មាន​ដូចជា៖ អូហ៍! ការងារ​នេះ វា​ស្រួល​ដូច​បក​ចេក! ធានា ខ្ញុំ​អាច​ធ្វើ​បាន! កុំ​ភ័យ​បង ការងារ​នេះ​តូចតាច​ណាស់​សម្រាប់​គេ​ៗ​ធ្លាប់​ធ្វើ​រាប់​ភ្លេច។

រូបតំណាង

អ្នក​អួត​ច្រើន តែ​មិន​សូវ​បាន​ផល​ទេ ដល់​ពេល​កំណត់ បុគ្គលិក​ក្រុម​នេះ តែង​មាន​១០០​លេស បូក​នឹង​១០០០​ហេតុផល តែ​វា​គ្រាន់​ជា​ពាក្យ​កុហក។ សរុប​ទៅ​គឺ​គេ​ធ្វើ​មិន​ចប់ ហើយ​សុំ​មេ​ពន្យារ​ពេល ព្រោះ​តែ​ហេតុផល​នេះ ឬ​នោះ​បន្ទាន់​មិន​ស្វាង!

រូបតំណាង

៤. មាន​បញ្ហា​អត្តចរិត​ យក Facebook បង្ហាញ​អារម្មណ៍!

រូបតំណាង

នេះ​វា​ជា​រឿង​សំខាន់ រហូត​កន្លែង​ធ្វើការ​ខ្លះ តែង​ដាក់​ជា​ចំណុច​អាទិភាព ក្នុង​ការ​ជ្រើសរើស​បុគ្គលិក។ ខ្វះខាត​ចំណេះដឹង​ជំនាញ អាច​បង្រៀន​បាន តែ​បើ​រើស​ចំ​បុគ្គលិក​មាន​ចរិត​យ៉ាប់​ៗ គឺ​ដឹង​តែ​គ្រាំ​ទ្រូង​ហើយ។ ប្រភេទ​បុគ្គលិក​បែប​នេះ​និយម​ប្រើ​អារម្មណ៍​មក​ដោះស្រាយ​បញ្ហា ជាជាង​ការ​ពិចារណា​រក​ខុសត្រូវ។

រូបតំណាង

និយាយ​ឲ្យ​ចំ បើ​មាន​រឿង​ការងារ នៅ​នឹង​មុខ​ក្រុមការងារ គេ​តែង​គឺ​ធ្វើ​ដូច​ខ្លួនឯង​​ដូច​ព្រះ ឬ​ស្ងប់​ស្ងាត់​ណាស់ ប៉ុន្តែ​កុំ​មើល​តាម Facebook គឺ​ថា Status ម៉ូត​អី​ក៏​មាន​ដែរ ​មួយ​ថ្ងៃ​ៗ បង្ហោះ​ដាច់​ដៃ​ចោល។

រូបតំណាង

ឧទាហរណ៍​កំពូល ​Status ពេល​ខឹង​មេ ​មាន​ដូចជា៖ "ចាញ់​ជា​ព្រះ ឈ្នះ​ជា​មារ! ធ្វើ​ម៉េច​យើង​មិន​ដល់​គេ! ថ្ងៃ​នេះ ធ្វើ​មិន​បាន សូម​កុំ​បោះបង់! មនុស្ស​ល្អ មាន​ព្រះ​ជា​សាក្សី! គង់​មាន​ថ្ងៃ១ អ្នក​នឹង​ស្ដាយ​ខ្ញុំ! កូន​ប្រុស សម្ដី​និយាយ​ហើយ កុំ​លេប​វិញ!”។

៥. ពិបាក​ធ្វើការ​ជា​ក្រុម

រូបតំណាង

ពួកគេ​មិនមែន​ជា​ជន​អាក្រក់ ឬ​ជា​ឧក្រិដ្ឋជន​នោះ​ទេ​ ប៉ុន្តែ​មនុស្ស​បែបនេះ គឺ​តែង​មាន​គំនិត​អវិជ្ជមាន​ ពិបាក​ចុះ​ចំណោម​នឹង​គេ​បន្តិច។ ពួកគេ​តែង​មាន​បញ្ហា​ជា​ប្រចាំ​នៅ​ពេល​ត្រូវ​ធ្វើ​ការងារ​រួម​ជា​ក្រុម។ ពួកគេ មិន​សូវ​ហ៊ាន​ទទួល​ការ​កែតម្រូវ​ពី​ក្រុម​ និយាយ​រួម​ បើ​គេ​ធ្វើ ឬ​និយាយ​អ្វី​១ គឺ​ទាមទារ​ឲ្យ​ក្រុម ​ត្រូវ​តែ​យក​តាម​គំនិត​ខ្លួន​ជានិច្ច។

៦. តាំងខ្លួនជា Google!

រូបតំណាង

Google ជា​បណ្ដុំ​កន្លែង​ស្រាវជ្រាវ​ដ៏​សម្បូរ​បែប គ្រប់​រឿង សួរ​អី​ក៏​ដឹង។ មិន​ខុស​ទេ បុគ្គលិក​ប្រភេទ​នេះ​ មិន​ដឹង​យ៉ាងម៉េច តែង​តាំង​ខ្លួន​ជា Google ធ្វើ​ដូច​ខ្លួន​ឯង​ដឹង​គ្រប់​រឿង​ជុំវិញ​ពិភពលោក​ដែរ មិនថា​​នៅ​គម្លាត​ណា​ក៏​មិន​ចន្លោះ។ នេះ​ជា​បញ្ហា​មួយ បន្ថែម​ពី​បញ្ហា​​រឿង​មិន​ចេះ​ធ្វើ​ការងារ​ក្រុម​។ ផ្ទុយ​ទៅ​វិញ​បុគ្គលិក​ប្រភេទ​នេះ តែង​តាំង​ខ្លួន​ជា​អ្នក​ចេះ​ដឹង​គ្រប់​រឿង និង​គ្រប់​ប្រធានបទ។ អ្វី​ដែល​ចម្លែក​ហើយ​ Google ក៏​សុំ​ចាញ់​បុគ្គល​បែប​នេះ​ដែរ គឺគេ​មិន​ដែល​ខ្វល់​រឿង​ដែល​គេ​ដឹង​ ឬ​សម្ដី​នោះ ​ថា​ត្រូវ ឬ​ខុស​ទេ! សំខាន់​គេ​ដឹង​ ហើយ​និយាយ​ចេញ​មក​ហើយ គឺ​បាន​រួចខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ថា​អន់!

៧. ស៊ី​ត្រាវ​កន្លែង​ចាស់​ពេល​លា​ឈប់

រូបតំណាង

ដោយ​សារ​ហេតុផល​មាន​ដូច​ខាងលើ​មក មិន​ខ្វះ​ទេ បុគ្គលិក​ដែល​ធ្វើការ​លំ​ៗ​មួយ​ចំនួន​ ក្រោយ​ពេល​ចាកចេញ​ពី​កន្លែង​ចាស់។ គេ​តែងតែ​លួច​និយាយ​ដើម​ក្នុង​ន័យ​ឌឺដង​មិន​ចប់ ឲ្យ​សហការី​ចាស់។ គេ​មិន​ដែល​ឃើញ​ពី​កំហុស​ខ្លួន​ឯង​ទេ។ គេ​តែង​មាន​គំនិត​អវិជ្ជមាន​ជា​ប្រចាំ និង​មើល​ឃើញ​តែ​កំហុស​អ្នក​ដទៃ ជាជាង​រក​ចំណុច​ខ្សោយ​ខ្លួនឯង។

រូបតំណាង

សម័យ Facebook បុគ្គល​បែប​នេះ តែង​ប្រើ​អារម្មណ៍​បង្ហោះ​សារ​និយាយ​ដើម ឬ​ភាសា​និយាយ​គេ​ហៅថា ស៊ី​ត្រាវ លេង​បន្លំ​មែន ក្នុង​ន័យ​ឌឺដង ករណី​មាន​បញ្ហា​អ្វី​មួយ​កើត​មាន។ បុគ្គលិក​បែប​នេះ កម្រ​នឹង​ហ៊ាន​ផ្ដល់​យោបល់​ចំ​ៗ​ណាស់ គឺ​ពួកគេ​មាន​ជំនាញ​លួច​និយាយ​ក្រោយ​ខ្នង ទោះ​រឿង​តូច ឬ​ធំ​ក៏​ដោយ។

តើ​អ្នក​ធ្លាប់​ជួប​កំពូល​បុគ្គលិក​ខ្លាំង​ខាង​អួត​ ដែល​មាន​ចំណុចដូចបានរៀបរាប់​ខាងលើ​ហើយ​ឬ​នៅ?

ប្រភព៖ careeraddict ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់