• 2019-05-07 07:56:54
  • ព័ត៌មាន

គ្រួសារ​មួយ​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​លោក Scott Neeson បង្កើត​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​ជួយ​គ្រួសារ​ក្រីក្រ

  • 2019-05-07 07:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ឆ្នាំ​មុន យើង​បាន​ណែនាំ​អ្នក​ឱ្យ​ស្គាល់​អំពី​ក្រុម​គ្រួសារ​លោក​ជា។ ផ្ទះ​បែកបាក់​របស់​ពួកគេ​បាន​ធ្វើ​ឱ្យ​យើង​ចាប់​ផ្ដើម​យុទ្ធនាការ GivingTuesday ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​គ្រួសារ​ ដែល​មាន​វិបត្តិ។ នេះ​ជា​ការ​រៀបរាប់​របស់​ លោក​ ​ស្កុត​នី​សិន​ (Scott Neeson) ដែល​ជា​ស្ថាបនិក​ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ រឺ​ Cambodian Children's Fund (CCF) បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​គណនី​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី ៧ ខែ​ឧសភា ២០១៩។

"ពួក​យើង​អរគុណ​ណាស់​ចំពោះ​ការ​បរិច្ចាគ​របស់​អ្នក​ចំពោះ​គ្រួសារ​នេះ​ ដែល​មាន​កន្លែង​សុវត្ថិភាព​មួយ​សម្រាប់​រស់​នៅ។ ផ្ទះ​ចំនួន​បី​ត្រូវ​បាន​សាងសង់​ឡើង​ដោយសារ​តែ​យុទ្ធនា​ការ​នេះ។"

លោក​បាន​បន្ត​​ទៀត​ថា ពួកគេ​ក៏​ទទួល​បាន​ម៉ូតូ​មួយ​ផង​ដែរ​ ដែល​ជា​អំណោយ​មួយ​សម្រាប់​ឱ្យ​ម្ដាយ​ និង​ឪពុក​របស់​ពួកគេ​ផ្ដល់​ឱ្យ​គ្រួសារ ហើយ​វា​បាន​បង្ហាញ​តាម​រយៈ​ស្នាម​ញញឹម​របស់​ពួកគេ

ប្រវត្តិ​សង្ខេប​ លោក ស្កុត​នី​សិន​ (Scott Neeson)

លោក ស្កុត​នី​សិន​​​បាន​កើត​នៅ​ក្នុង​​តំបន់​មួយ​នៃ​ប្រទេស​ស្កុត​ឡែន​ ស្ថិត​ក្នុង​ចក្រភព​អង់គ្លេស​ ហើយ​​គ្រួសារ​​របស់​លោក​បាន​​​ផ្លាស់​ទី​​​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​តាំង​ពី​លោក​មាន​​អាយុ​៥​ឆ្នាំ​ម្ល៉េះ​។​ ពេល​​វ័យ​ជំទង់​ ​លោក​បាន​​​​​​​ទៅ​ធ្វើ​ការ​​នៅ​​ក្រុម​ហ៊ុន​ភាព​យន្ត​ រហូត​លោក​អាច​​ក្លាយ​ខ្លួន​​ជា​​​ប្រធាន​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​នៅ​ក្នុង​ឧស្សាហកម្ម​ភាព​យន្ត​​ហូលីវ៉ូដ​ (20 Century Fox International)​ ទៀត​ផង​។​

​​អំឡុង​​ឆ្នាំ​ ២០០៣​ គឺ​ជា​ពេល​​ដែល​លោក​​បាន​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​ប្រទេស​កម្ពុជា​​។​ លោក​បាន​ទៅ​ខេត្ត​សៀម​រាប​ សារមន្ទីរ​ទួល​ស្លែង​ និង តំបន់​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ​​​។​ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​អោយ​លោក​ចង់​ចាំ​មិន​ភ្លេច​ រហូត​ឈាន​ដល់​ការ​កែប្រែ​ខ្សែ​​ជីវិត​​របស់​លោក​​ទាំង​ស្រុង​នោះ​គឺ​ គ្រា​​មួយ​ ​ដែល​លោក​បាន​ទៅ​ទី​​លាន​ចាក់​សំរាម​នៅ​​តំបន់​ស្ទឹង​មាន​ជ័យ​​ រាជ​ធានី​ភ្នំពេញ។​

ពេល​ទៅ​ដល់​ទី​នោះ​ លោក​មាន​អារម្មណ៍​​សង្វេគ​ជា​ខ្លាំង​​​នៅ​ពេល​ដែល​​ លោក​បាន​ឃើញ​កុមារ​តូច​ៗ​ និង មនុស្ស​​ជា​ច្រើន​រស់​នៅ​​ទី​នោះ​ពោរពេញ​ដោយ​ការ​លំបាក​ ​ខ្វះ​អនាម័យ​ និង រស់​នៅ​​​ក្នុង​បរិស្ថាន​ដ៏​អាក្រក់​​បំផុត​។​ ​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​អោយ​លោក​គិត​ថា​ លោក​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជួយ​ដល់​ពួក​គេ​ ហេតុ​​នេះ​ហើយ​ ទើប​នៅ​ឆ្នាំ​ ២០០៤​ លោក​​បាន​សម្រេច​ចិត្ត​​លា​ឈប់​​ពី​ការ​ងារ​​​។​ ​បន្ទាប់​មក​លោក​បាន​លក់​​​ផ្ទះ​ លក់​រថយន្ត​​ លក់​កប៉ាល់​ទេសចរណ៍​ផ្ទាល់​ខ្លួន និង ​ទ្រព្យ​​សម្បត្តិ​មួយ​ចំនួន​​​​ទៀត​ ដើម្បី​យក​លុយ​មក​​​​​បើក​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CCF) ​ជំនួស​វិញ​។​

បេសកកម្ម​របស់​លោក​គឺ​ធ្វើ​យ៉ាង​ណា​ ដើម្បី​អោយ​កុមារ​ទាំង​នោះ​ទទួល​បាន​ការ​អប់​រំ​ក្នុង​កម្រិត​មួយ​ខ្ពស់​ និង ​​​ការ​ជួយ​ដល់​​គ្រួសារ​ក្រីក្រ​របស់​ពួក​គេ​អោយ​មាន​ចំណី​អាហារ​បរិភោគ​ ព្រម​ទាំង​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ​​ទៀត​ផង​៕

គ្រួសារក្រីក្រ ដែល​ទទួល​បាន​ផ្ទះ​ថ្មី ក្រោម​យុទ្ធនាការ GivingTuesday ដើម្បី​រៃ​អង្គាស​ប្រាក់​សម្រាប់​គ្រួសារ​ ដែល​មាន​វិបត្តិ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់