• 2019-05-07 09:34:36
  • សុខភាព

តិចអត់ដឹង! វិស័យ​សុខាភិបាល​សម័យ​បុរាណ​​ខ្មែរ​មាន​ទម្រង់​ប្រហាក់ប្រហែល​សម័យទំនើប​ដែរ​

  • 2019-05-07 09:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​​អ្នក​ទាំង​អស់​គ្នា​អាច​ថា​ធ្លាប់បាន​ឭ​ហើយ​មែនទេក្នុង​រជ្ជកាលព្រះ​បាទ​ជ័យវរ្ម័នទី​៧ ទ្រង់​បានបញ្ជា​ឲ្យ​​កសាង​មន្ទីរ​ពេទ្យ​ជា​ច្រើន​ក្នុងព្រះ​រាជាណា​ចក្រ​ខ្មែរ​យើង។​ ​ថ្ងៃនេះ​ Sabay នឹង​ដកស្រង់​ខ្លឹម​សារ​មួយ​ចំនួន​ដែល​និយាយ​ពី​មន្ទីរ​ពេទ្យ​ខ្មែរ​សម័យ​នោះ​ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សៀវ​ភៅ​មួយ​របស់​សាស្រ្តាចារ្យ​បុរាណ​វិទ្យា ធុយ ចាន់ធួន។

លោក​សាស្រ្តា​ចារ្យ​ ធុយ ចាន់ធួន បាន​សរសេរ​ក្នុង​សៀវភៅ​ប្រ​វត្តិសុខាភិបាល​ និង​រុក្ខជាតិ​ឱសថ​​របស់​លោក​ថា សិ​លាចារឹកបាន​កត់​ត្រា​ថានៅ​ក្នុង​រាជព្រះ​បាទជ័យវរ្ម័នទី៧​មាន​មន្ទីរពេទ្យ​ឬ​អរោគ្យ​សាលា​ចំនួន​១០២​កន្លែង​នៅ​ទូទាំង​ប្រទេស​។

(លោក​សាស្រ្តាចារ្យ​ ធុយ ចាន់​ធួន កំពុង​សិក្សា​ពី​ឱសថ​បុរាណខ្មែរ និង​វិស័យ​សុខាភិបាល​ខ្មែរ​សម័យ​បុរាណ)

លោក​សាស្រ្តាចារ្យ​រកឃើញ​ទៀតថា​នៅ​តាម​មន្ទីរពេទ្យ​ទាំងនោះ​មាន​គ្រូពេទ្យ​ចំនួន​ពីរនាក់ អម​ដោយ​​គិលានុបដ្ឋាយិកាចំនួន​ពីរនាក់ មនុស្ស​ប្រុស​ម្នាក់ គ្រូ​ថ្នាំពីរនាក់​កាន់​ឃ្លាំង និង​ចែកចាយ​ថ្នាំ អ្នក​ដាំ​ស្ល​ពីរ​នាក់​ និង​មាន​ទាំង​អ្នក​សម្អាត​​ផង។ អ្វីដែល​បាន​រកឃើញ​ទាំង​នេះ​លោក​ថា​ជា​ភត្តុតាង​នៃ វិស័យ​សុខា​ភិបាល​របស់​អាណាចក្រ​ខ្មែរ​នា​ពេល​នោះ​។

លោក​សាស្រ្តាចារ្យ​បាន​ដក​ស្រង់​ខ្លឹម​សារ​សិលាចារិក​សាយ​ហ្វុង​យ៉ាង​ដូចនេះ​ថាៈ «ដោយ​សារ​ពល​យោធា​ទាំង​នោះ ​ប្រៀប​បាន​ដូច​វេជ្ជបណ្ឌិត ​ពោរ​ពេញ​ដោយ​យុទ្ធសាស្រ្ត ​វេជ្ជបណ្ឌិត​ទាំង​នោះ​ គាត់​នឹង​កម្ចាត់​សត្រូវ​ ដែល​យារ​យី​ដល់​ព្រះរាជាណាច័ក្រ​គឺជំងឺ​ ដោយ​មធ្យោបាយ​របស់​គាត់​តែ​មួយ​គត់​«អាវុធ​​គឺឱសថ»។​​​

(ក្រប​សៀវភៅ​ប្រវត្តិ​សុខាភិបាល​ខ្មែរ ដែល​សៀវភៅនេះ​ចង​ក្រង​ដោយ​លោក​សាស្រ្តាចារ្យ​ ធុយ ចាន់ធួន)

តាម​លោក​សាស្រ្តាចារ្យ​ ធុយ ចាន់ធួន ប្រ​វត្តិវិស័យ​សុខាភិបាល​នៅកម្ពុជា​មិន​មាន​កត់​ត្រាជាអក្សពី​វិធីសាស្រ្ត​ព្យាបាលនោះទេ​ តែលោក​ថាអ្នកស្រាវជ្រាវ​អាច​ដឹង​ពី​វិធិសាស្រ្ត​ព្យាបាល​តាម​រយៈ​ភស្តុតាង​វត្ថុបុរាណ​មួយចំនួន​ដូច​ជាអង្រែ​កិន​ថ្នាំ​ឬ​បុក​ថ្នាំ ​និង​ថ្មកិនថ្នាំ​ជាដើម។

លោក​សាស្រ្តាចារ្យសរសេរ​បន្ត​ថា​ខ្មែរ​យើង​មាន​ប្រើ​ឧបករណ៍​ទាំងនេះ​តាំងពី​សម័យ​អាណាចក្រ​ភ្នំមក​ម្លេះ។ មួយ​វិញ​ទៀត​លោក​ថា​ឧបករណ៍​ប្រ​ភេទនេះ​ក៏​មាន​ឃើញ​ប្រើ​ដែរ​នៅ​តាម​បណ្តា​ប្រ​ទេស​មួយ​ចំនួន​ដូច​ជា​នៅ​ម៉ាឡាយូ​ (ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី) ហ៊្វីលីពីន​និង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ទៀត​ផង​ដែរ​៕​​​

រូបភាព៖ សាស្រ្តាចារ្យ ធុយ ចាន់ធួន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី