• 2019-05-16 03:31:03
  • ព័ត៌មាន

ឆ្នាំ​នេះ​ ខ្យល់​កន្ត្រាក់​កើន​ទ្វេ​ដង ខណៈ​អ្នក​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​ថយ​ចុះ បើ​ធៀប​នឹង​ឆ្នាំ ២០១៨

  • 2019-05-16 03:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាតុភូត​ធម្មជាតិ​ នៃ​ការ​កើត​មាន​ខ្យល់​កន្ត្រាក់​មាន​ការ​កើន​ឡើង​ទ្វេដង​​នៅ​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​ការ​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​មាន​ការ​ថយ​ចុះ​ បើ​ប្រៀប​ធៀប​រយៈពេល​៥ខែ​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក កែវ វី មន្ត្រី​នាំ​ពាក្យ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ប្រាប់​ Sabay នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​ឧសភា​នេះ។

ចំពោះ​របាយការណ៍​ដែល​គិត​ត្រឹម​ពី​ថ្ងៃ​ទី ២៥ មេសា រហូត​ដល់​ថ្ងៃ​ ១៣ ឧសភា​ ឆ្នាំ​២០១៩​នេះ​វិញ ត្រូវ​បាន​រក​ឃើញ​ថា បាតុភូត​បណ្ដាល​មក​ពី​ភ្លៀង​ខ្យល់​កន្រ្តាក់​ កើត​មាន​ចំនួន ៧១​លើក កើត​មាន​ក្នុង​ខេត្ត​ចំនួន ២១។

ឥទ្ធិពល​ខ្យល់​កន្ត្រាក់​នេះ​បាន​សម្លាប់​មនុស្ស និង​ធ្វើ​ឲ្យ​ខូចខាត​ដូច​ខាង​ក្រោម៖

  • មនុស្ស​​ចំនួន ២នាក់​ស្លាប់ និង​ របួស​៤នាក់

  • ​ផ្ទះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​មាន​ចំនួន ២៩៣​ខ្នង

  • របើក​ដំបូល​ (ការ​ខូចខាត​កម្រិត​មធ្យម) មាន​ចំនួន ៣០១០ ខ្នង។

  • របើក​ដំបូល​សាលា​រៀន​ ទី​ចាត់​ការ សរុប​១៧​អគារ

  • ដួល​រលំ​អាគារ​សាលា​រៀន​១ខ្នង​ នៅ​ខេត្ត​កំពង់​ចាម

  • របើក​ដំបូល​អាគារ​រដ្ឋបាល​ចំនួន​៤

  • ខូច​ខាត​រោង​ម៉ាស៊ីន​កិន​ស្រូវ ចំនួន​៥

  • ខូច​ខាត​​ព្រះ​វិហារ​២

  • ខូចខាត​សាលាឆទាន​៤

បាតុភូត​ធម្មជាតិ​រន្ទះ​បាញ់​ធ្វើ​ឲ្យ​ប៉ះពាល់​មាន​ដូច​ជា៖

  • មនុស្ស​ស្លាប់​ចំនួន​ ២០នាក់ ក្នុង​នេះ​មាន​ស្រី​ ០៦នាក់

  • មនុស្ស​រង​របួស​ដោយ​សារ​រន្ទះ​មាន​ចំនួន ១៨នាក់

  • ងាប់​គោ ក្របី​ សរុប​ចំនួន ០៨ ក្បាល

តួលេខ​នេះ​ខាង​លើ​នេះ គឺ​បូក​សរុប​ចាប់​ពី​ថ្ងៃ​ទី ២៥ មេសា រហូត​ដល់​ ១៣ ឧសភា ក្នុង​ឆ្នាំ ២០១៩ ដោយ​មិន​ទាន់​មាន​តួលេខ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៅ​អំឡុង​ឆ្នាំ ២០១៨​ឡើយ។ ប៉ុន្ដែ​បើ​បូក​សរុប​របាយការណ៍​ជារួម រយៈពេល​ ៥ខែ ២០១៩ និង ២០១៨ គឺ​ឆ្នាំ​នេះ ឥទ្ធិពល​ខ្យល់​កន្រ្តាក់​កើន​ឡើង​ទ្វេដង ឯ​ករណី​រន្ទះ​បាញ់​មាន​ការ​ថយ​ចុះ។ កាល​ពី​ឆ្នាំ​ ២០១៨​ អ្នក​ស្លាប់​ដោយរន្ទះ​មាន​ចំនួន ៦៥នាក់ ឯឆ្នាំ​ ២០១៩ មាន​អ្នក​ស្លាប់​ដោយ​សារ​រន្ទះ ៣៥នាក់។

លោក កែវ វី បាន​ឲ្យ​ដឹង​ថា ឥទ្ធិពល​ខ្យល់​កន្ត្រាក់​ គឺ​ជា​បាតុភូត​ធម្មជាតិ ដែល​ទទួល​រង​ឥទ្ធិពល​អេលនីណូ (El Nino) ដែល​ត្រៀម​អស់​ឥទ្ធិពល​នៅ​អំឡុង​សប្ដាហ៍​ទី​៣ នៃ​ខែ​ឧសភា ឆ្នាំ​២០១៩។ ចំពោះ​ការ​ថយ​ចុះ​នៃ​បាតុភូត​រន្ទះ​បាញ់​ អាច​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ការ​ផ្សព្វផ្សាយ​ អំពី​វិធានការ​ ការពារ​រន្ទះ ហើយ​ប្រជាជន​នៅ​តាម​ទី​ប្រជុំ​ជន​មាន​ការ​យល់​ដឹង​ច្រើន ដើម្បី​ការពារ​មុន។

ដើម្បី​ឲ្យ​វិធានការ​ខាង​លើ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រោះ​មហន្តរាយ អំពាវ​នាវ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​អំពី​​វិធានការ​ការពារ​រន្ទះ និង​ការប្រែប្រួល​អាកាស​ធាតុ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ជ្រាប​ច្បាស់​ ការពារ​សម្រាប់​ឆ្នាំ​ក្រោយ​ៗ​ទៀត៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់