• 2019-05-17 11:03:25
  • ព័ត៌មាន

សាលា​ក្រុង​ជូន​ដំណឹង​បន្ត​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ជូន​អ្នក​បើកបរ​ម៉ូតូ រ៉ឺម៉ក

  • 2019-05-17 11:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​អម្បាញ់មិញ​នេះ បណ្ដាញ​សង្គម​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​បន្ត​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ជូន​អ្នក​បើកបរ​ ត្រីចក្រយានយន្ត​ ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក និង​ទោចក្រយានយន្ត​មាន​ទំហំ​ស៊ីឡាំង​លើស​ពី 125CC ឬ ម៉ូតូ​ដែល​ប្រើ​ថាមពល​អគ្គិសនី​លើស​ពី 11KW។

ក្នុង​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ឲ្យ​ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ រៀប​ចំ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន ០៩​វគ្គ រយៈពេល ២​ខែ ដោយ​មាន​អ្នក​ចូលរួម​ជាង​ ៦​ពាន់​នាក់ ដែល​ស្មើ​នឹង​ ៣០​% នៃ​អ្នក​បើកបរ​ត្រីចក្រយានយន្ត​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ។

ដោយ​មាន​សំណូមពរ​ពី​បងប្អូន​អ្នក​បើកបរ​ខាង​លើ និង​តាម​ការ​ត្រួតពិនិត្យ​ថា​ នៅ​មាន​អ្នក​បើកបរ​ដែល​មិន​ទាន់​មក​ចូល​រៀន​ និង​ប្រឡង​យក​ប័ណ្ណបើកបរ​ប្រភេទ (ក) ទើប​សាលា​រាជធានី​នឹង​បន្ត​វគ្គ​បណ្ដុះបណ្ដាល​ចំនួន ៣​ខែ​ទៀត​។

វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​ដោយ​ឥត​គិត​ថ្លៃ​ ហើយ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ​សៅរ៍​ ម៉ោង​ ៨​ព្រឹក​ ដល់ ៤​ល្ងាច​ គិត​ចាប់​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ដល់​ ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០១៩ នៅ​ទីតាំង​ទី១ អង្គភាព​ផ្ដល់​ប័ណ្ណបើកបរ​យានយន្ត និង​ទីតាំង​ទី២ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ៕

ខាង​ក្រោម​នេះ​ជា​ សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់