• 2019-05-21 03:20:07
  • សេដ្ឋកិច្ច

តើ​កម្ពុជា​ចំណាយ​ពេល​​ប៉ុន្មាន​ឆ្នាំ​ ​ទើប​អាច​នាំ​ចេញ​ចេក​ទៅ​កាន់​​មហាយក្សចិន​បាន​?​

  • 2019-05-21 03:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេក​អំបូង​លឿង​របស់​កម្ពុជា​​​បាន​​​នាំ​ចេញទៅ​កាន់​ទីផ្សារ​ចិន​​ ដោយ​​​ផ្ទាល់​នៅ​ដើម​ខែ​ឧសភា​នេះ ខណៈ​​ក្រុម​ហ៊ុន​ចំនួន​ ៥ បាន​ទទួល​ការអនុញ្ញាត​ឱ្យ​នាំ​ចូល ក្នុងចំណោម​ក្រុម​ចំនួន ១០ ផ្សេង​ទៀត​ដែល​បាន​ស្នើ​សុំ​នាំ​ចេញ​​​។ ក្រុម​ហ៊ុន​ទាំង​៥ នោះ​មាន​​ក្រុមហ៊ុន ឡង ​មេត ក្រុមហ៊ុន​​សុវណ្ណ​រាជ​សី​ ​ក្រុមហ៊ុន​ឡុង​ស្រេង​ហ៊ុយ​ជៀន​ ​ ​ក្រុមហ៊ុន​ហ្គែន​ឡែន​ និង​ហ្គ្រីន​អាយ​ឡែន​ ដែល​គោរព​បាន​តាម​លក្ខខណ្ឌ​ច្បាប់​ និង​បច្ចេកទេស​ ហើយ​អាច​ធ្វើការ​នាំចេញ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​ចិន​។

តើ​កម្ពុជា​​បាន​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ទើប​អាច​នាំ​ចេញ​ចេក​អំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ចិន​បាន​?

ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​វេច​ខ្ចប់ និង​នាំ​ចេញ​ផ្លែ​ចេក​អំបូង​លឿង​ស្រស់​របស់​ក្រុមហ៊ុន ឡង មេត​កល​ពី​ចុង​សប្ដាហ៍​មុន​នៅ​ស្រុក​ឈូក​ខេត្ត​កំពត​​ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បា​ន​ឱ្យ​ដឹង​ថា កម្ពុជា​បាន​ចំណាយ​ពេល​ប្រហាក់​ប្រហែល​៥​ឆ្នាំ​ ​​ទម្រាំ​អាច​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​​បាន​ ខណៈ​ការ​​ចរចា​ដើម្បី​​នាំ​ចេញ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ ព្រោះ​ភាគី​អ្នក​​​បញ្ជា​ទិញ​​ពី​កម្ពុជា​គេ​ត្រូវ​ធ្វើ​ការ​ស្ទាប​ស្ទង់​ថា តើ​​កម្ពុជា​បាន​រៀបចំ​ខ្លួន​រួច​ហើយ​ឬ​នៅ ជា​ពិសេស​វិធាន​នៃ​ការ​ដាំ​ដុះ​ត្រូវ​ស្រប​​ទៅ​ ​តាម​បច្ចេកទេស​​របស់​គេ​ ក្នុង​នោះ​មាន​ការ​រៀបចំ​ដី រៀបចំ​ជី ពូជ ការ​គ្រប់​គ្រង និង​ការ​វេច ​ខ្ចប់​ជាដើម​​។

​នៅ​ពេល​​​ឆ្លើយ​តប​តាម​ការ​ទាមទារ​​ហើយ ក្រុម​​ហ៊ុន​​​អ្នក​បញ្ជា​ទិញ​នឹង​​ចុះ​មក​ពិនិត្យ​មើល​ផ្ទាល់​​ ទើប​អនុញ្ញាត​ឱ្យ​​នាំ​ចេញ​បាន​។​ កម្ពុជា​បាន​ចរចា​ជា មួយ​ភាគី​ចិន​អំពី​នីតិវិធី បែបបទ ឯក​សារ​ចាំបាច់​សំខាន់ៗ​ទាំង​ច្បាប់ និង​បច្ចេកទេស ជា​ពិសេស​ឯកសារ​អនាម័យ​និង​ភូតគាម​អនាម័យ​មុន​ឈាន​ទៅ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​​នៃ​ការ​យោគ យល់​គ្នា​កាល​ពី​ថ្ងៃ​ទី​០២ ខែ​សីហា​ ឆ្នាំ​២០១៨ ​ស្ដីពី​ការ​នាំ​ចេក​ស្រស់​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​។​

​ក្រោយ​​ពី​បាន​ចុះ​ពិនិត្យ​ និង​វាយ​តម្លៃ​របស់​ក្រុម​ការងារ​បច្ចេកទេស​វាយ​តម្លៃ​របស់​អគ្គ​រដ្ឋបាល គយ របស់​ចិន​នា​ចុង​ខែ​កុម្ភៈ ​បាន​ចុះ​ពិនិត្យ​ ១០​ ក្រុមហ៊ុន ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​គោលការណ៍​អនុញ្ញាត​នាំ​ចេញ​ផ្លែ​ចេក​អំបូង​លឿង​ស្រស់។ ក្រោយ​ការ​បញ្ចប់​ធ្វើ​ការ​វាយ​តម្លៃ ​គឺ​មាន​តែ​ក្រុមហ៊ុន​ចំនួន​០៥ ​ប៉ុណ្ណោះ​អាច​មាន​សិទ្ធិ​នាំ​ចេញ​បាន​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​សុវណ្ណរាជសី ឡុង​ស្រេងហ៊ុយជៀន ហ្គែន​ឡែន ហ្គ្រីន​អាយ​ឡែន ​និង​ក្រុមហ៊ុន​ឡងមេត ដែល​គោរព​បាន​តាម​លក្ខខណ្ឌ​ច្បាប់ ​និង​បច្ចេកទេស ហើយ​អាច​ធ្វើ​ការ​នាំ​ចេញ​ចេក​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន​លើក​ទី​១ បាន​ចំនួន​ជាង​១០០តោន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា។

ដូច្នេះ​ល្គឹក​ណា​ដែល​យើង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ក៏​ត្រូវ​ការ​ទាម​ទារ​នូវ​ពេល​វេលា​ដែរ។ដូច​ខ្ញុំ​បាន​ជម្រាប​​គេ​បាន​វាយ​តម្លៃ​ និង​ទទួលយក​​៥​ក្រុម​ហ៊ុន ទើប​​នៅ​ដើម​ខែ​នេះ​យើង​អាច​នាំ​ចេញ​បាន​។ អញ្ចឹង​រាល់​កិច្ច​ការ​ទាំងអស់​ត្រូវ​ការ​ពេលវេលា​ជា​ជំហាន​ៗ”។ នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្ដម ​វេង សាខុន​។

កន្លងមក​​​​កម្ពុជា​ក៏​បាន​​​នាំ​ចេក​អំបូង​លឿង​ចេញ​ទៅ​ប្រទេស​ចិន​​ តាម​ប្រទេស​វៀតណាម​​​ជា​បណ្ដោះ​អាសន្ន​​បាន​ប្រមាណ​ជិត ៤​ម៉ឺន​តោន​ផង​ដែរ​​ គិត​ត្រឹម​ដំណាច់​ខែ​មេសា ​ឆ្នាំ​២០១៩។ ការ​នាំ​ចេញ​តាម​បណ្ដោះ​អាសន្ន​តាម​ច្រក​វៀតណាម​នា​ពេល​កន្លង​មក​​​ ដោយ​សារ​កម្ពុជា​ត្រូវ​ការ​ពេលវេលា​​កសាង​​ហេដ្ឋារចនាសម្ព័ន្ធ​ចាំ​បាច់​មួយ​ចំនួន​។ ហេដ្ឋារចនាសម្ពន្ធ​ចាំ​បាច់​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​​​​ការ​ត្រៀម​លក្ខណៈ​របស់​កំពង់​ផែ សម្រាប់​ដឹក​ជញ្ជូន​ចេក​​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ។

អញ្ចឹង​កំពង់​​ផែ​ត្រូវ​រៀបចំ​​ដុយ​សម្រាប់​ដោយ​ភ្លើង​ទូ​កុងទ័រន័រ​ត្រជាក់​ មិន​អាច​លើកដាក់​ពី​រថយន្ត​ហើយ​ យក​ទៅ​គរ​ចោល​បាន​ទេ​ ពោល​គឺ​ត្រូវ​​ដោត​ដុយ​ឱ្យ​ដំណើរ​​ការ​ម៉ាស៊ីនត្រជាក់​ជា​ប្រចាំ​​។ ​នេះ​ហើយ​ជា​បរិបថ​ថ្មី​នៃ​ការ​នាំ​ចេញ​ផលិត​ផល​​កសិកម្ម​របស់​យើង​ ហើយ​ប្រសិន​បើ​យើង​ធ្វើ​បាន​ជោគជ័យ យើង​នឹង​មាន​​ការ​នាំ​ចេញ​ផ្លែ​ស្វាយ ស្រកា​នាគ​ ផ្លែ​មាន ​ជា​បន្ត​បន្ទាប់​ទៀត​ដែល​ភាគច្រើន​ផ្លែ​ឈើ​ទាំង​នោះ​អាច​ឆាប់​រលួយ​ជាង​ចេក​។​ ដូច្នេះ​ប្រសិន​បើ​យន្ត​ការ​នៃ​ការ​សម្របសម្រួល​​ការ​ដឹក​ជញ្ជូន​យើង​មិន​បាន​ល្អ​ទេ នោះ​ជា​បទពិសោធន៍​មួយ​ ដែល​គិត​ថា យើង​មិន​អាច​ឈាន​ទៅ​រក​ការ​នាំ​ចេញ​បាន​ទូលំទូលាយ​នៅ​ពេល​ខាងមុខ​បានទេ​”។

ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ លោក​ ងិន​ ឆាយ​បាន​មាន​ប្រសាសន៍​ឲ្យដឹង​ នៅ​ក្នុង​ពិធី​ពិធីសម្ពោធ​ការ​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​កម្ពុជា​ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​​បាន​ឱ្យ​ដឹង​ថា​​ ផលិតកម្ម​ចេកអំបូង​លឿង​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​នៅ​អន្តរជាតិ​ ហើយ​កំពុង​ត្រៀម​រៀបចំ​ធ្វើការ​នាំចេញ​ជាបន្តបន្ទាប់​នា​ចាប់ពី​ពេលនេះ​តទៅ​។

បន្ថែម​លើ​នេះ​ឧកញ៉ា ផែ ហុកឈួន​ អគ្គនាយក​​ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ​​ ឱ្យ​ដឹង​ថា ការ​វិនិយោគ​ដំណាំ​ចេក​ដ៏​ធំ​ដំបូង​គេ​នៅ​កម្ពុជា​នេះ​គឺ​ជា​ការ​ចូល​រួម​ ចំណែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​តាម​រយៈ​ការ​ផ្ដល់​ការ​ងារ​ កាត់​បន្ថយ​ភាព​ក្រីក្រ​​ជូន​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ការ​ចំណាកស្រុក​។ ក្រុមហ៊ុន​នេះ​​បាន​ដំណើរ​ការ​រៀប​ចំ​ចម្ការ​ចេក​លើ​ផ្ទៃ​ដី​សរុប​​ ១ ០០០​ហិចតា ​ដែល​ត្រូវ​ប្រើ​ប្រាស់​ទុន​វិនិយោគ​ជាង​៣២​លានដុល្លារ ដោយ​វិនិយោគ​រួម​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​​ចិន​។ បច្ចុប្បន្ន ​ផ្ទៃ​ដី​ជាង​៤០០ហិចតា​ កំពុង​ប្រមូល​ផល វេច​ខ្ចប់ និង​ដំណើរ​ការ​នាំ​ចេញ​ដោយ​សង្ឃឹម​ថា ​ក្នុង​ឆ្នាំ២០១៩​ ចេក​ស្រស់​ប្រមាណ​ជាង ​២,២​ម៉ឺន​តោន​ នឹង​ត្រូវ​ធ្វើ​ការ​នាំ​ចេញ​ ហើយ​ឆ្នាំ​២០២០​ រំពឹង​ថា​​បរិមាណ​នេះ​នឹង​កើន​ឡើង​ដល់​ជាង ​៣​ម៉ឺន​តោន​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ ក្នុង​ស្រុក​ជាង​៨០០​នាក់ ​ហើយ​ឆ្នាំ​២០២០​ ត្រូវ​ការ​ពលកម្ម​បន្ថែម​ជាង​ ១ ០០០​នាក់​ទៀត​ផង​ដែរ​។​

ភ្ជាប់​ទៅ​នឹង​ការ​វិនិយោគ​ផ្នែក​កសិកម្ម​នេះ ​ឯកឧត្ដម វេង សាខុន ឱ្យ​ដឹង​ទៀត​ ​​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​រំពឹង​ថា នឹង​​អាច​សម្រេច​បាន​ប្រមាណ​១២​ម៉ឺន​តោន​ ហើយ​ឆ្នាំ​ ២០៣០​ និង​អាច​ផលិត​ចេក​នាំ​ចេញ​ប្រមាណ​ ១លាន​តោន​ទៅ​កាន់​ប្រទេស​​ចិន​ក្នុង​មួយ​ឆ្នាំ។ ​ដូច្នេះ​ស្ថិត​ក្នុង​បរិបទ​នៃ​កំណើន​សេដ្ឋកិច្ច​ ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម ​ការ​កែច្នៃ វេច​ខ្ចប់ និង​នាំ​ចេញ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​និង​កំពុង​ខិត​ខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​ជាមួយ​ដៃ​គូ​​អភិវឌ្ឍន៍​នានា និង​វិស័យ​ឯកជន ដើម្បី​គាំទ្រ និង​វិនិយោគ​លើ​គ្រប់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ចាប់​ពី​ចំណុច​ A ​ដល់ ​Z តាម​រយៈ​ការ​បង្កើន​ផលិត​ភាព​ផលិតផល​ ការ​វេច​ខ្ចប់ ​ការ​រក្សា​ស្តុក​ទុក ​ការ​កែ​ច្នៃ​ប្រកប​ដោយ​គុណភាព​ ​អនាម័យ ​និង​សុវត្ថិភាព​ សម​ស្រប​តាម​ស្តង់​ដារ​នៃ​ទីផ្សារ​នាំ​ចេញ ​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ ដើម្បី​សម្រេច​គោល​ដៅ​នេះ ​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សំណូម​ពរ​បន្ត​រក្សា​កិច្ច​សហប្រតិបត្តិការ​ឲ្យ​មាន​លក្ខណៈ​ប្រទាក់​ក្រឡា​គ្នា​ជាមួយ​គ្រប់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​តាម​អភិក្រម ​“រដ្ឋ-ឯកជន-ដៃ​គូ​អភិវឌ្ឍន៍ និង​សហគមន៍”។

ក្នុង​នាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​អំពាវ​នាវ​ឲ្យ​វិស័យ​ឯកជន​ដែល​មាន​លទ្ធភាព ​ពិនិត្យ​និង​ពិចារណា​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ​ជា​ពិសេស​លើ​ការ​កែ​ច្នៃ​ វេច​ខ្ចប់​កសិផល​ថែម​ទៀត​ ដើម្បី​រួម​គ្នា​កាត់​បន្ថយ​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​ដែល​នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​តម្លៃ​បន្ថែម ​បង្កើត​ការងារ ​និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​៕​

អត្ថបទ៖ សុផល

មតិយោបល់