• 2019-05-23 08:44:53
  • ព័ត៌មាន

លំអិត​​លក្ខណៈ​ពិសេស​​សួន​​​កម្សាន្ត​បែប​ធម្មជាតិ​​​លំដាប់​​ពិភពលោក​នៅ​កំពង់​ស្ពឺ​

  • 2019-05-23 08:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គម្រោង​សួន​កម្សាន្ត​បែប​ធម្មជាតិ​មួយ​ ​​ដែល​​គ្រោង​សាង​សង់​ក្នុង​ខេត្ត​កំពង់ស្ពឺ​ និង​ចំណាយ​ថវិកា​​ប្រមាណ​ ៥០០​​លានដុល្លារ​អាមេរិក​​​ ត្រូវ​បាន​​​​ប្រភព​​បង្ហើប​ឱ្យ​​ដឹង​ថា មាន​​លក្ខណៈ​ពិសេស​ជា​ច្រើន​ ​​​​មិន​ចាញ់​​​សួន​កម្សាន្ត​​នៅ​តាម​​បណ្ដា​ប្រទេស​ជឿន​លឿន​​នោះ​​​ឡើយ។

ឯកឧត្ដម​ វ៉ី សំណាង ​​​ដែល​​​បាន​ឃើញ​​​​​ប្លង់​​​​មេ​តាម​រយៈ​បទ​បង្ហាញ​​ពី​តំណាង​ក្រុមហ៊ុន​ ឱ្យ​ដឹង​ថា ​​សួន​នេះ​មាន​បែង​ចែក​​ជា​កន្លែង​កម្សាន្ត​ផង​ និង​កន្លែង​ស្នាក់​នៅ​ផង​ ​ពោល​​គឺ​​ចែក​តាម​តំបន់​នីមួយ​ៗ ​(Zone) ​​ដែល​កន្លែង​​ស្នាក់​សុទ្ធ​សឹង​លំដាប់​ផ្កាយ​៥​។​ ​​កន្លែង​​កម្សាន្ត​សម្រាប់​​​កុមារ​តូច​ៗ​​​​​ឱ្យ​មក​កម្សាន្ត​​​។ ពេល​កុមារ​មកកម្សាន្ត​ក៏​​អាច​ទាក់​ចិត្ត​ឪពុក​ម្ដាយ​​កុមារ​បាន​ស្នាក់​នៅ​​កាន់​តែ​យូរ​ដែរ​។

​​​​​ឯកឧត្ដម​ឱ្យ​ដឹង​ទៀត​​ថា សួន​នេះ​​មាន​​កន្លែង​​កម្សាន្ត​បែប​សិប្បនិម្មិត ​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​​ សួន​សត្វ​​ សួន​ទឹក​​​ ​អាហារដ្ឋាន​​ រមណីយដ្ឋាន ​និង​សណ្ឋាគារ​​​។ បន្ថែម​លើ​នេះ​​មាន​កន្លែង​ចិញ្ចឹម​ត្រី​ទឹក​សាប​​គ្រប់​​ប្រភេទ​ ​សួន​កសិកម្ម ​ដើម្បី​ជា​ការ​ស្វែង​យល់​ពី​របៀប​ធ្វើ​កសិកម្ម​ និង​មាន​កន្លែង​ជិះ​កង់​ហាត់​ប្រាណ​​គយ​គន់​ទេសភាព​ព្រៃ​ភ្នំ និង​បឹង​បួរ​ជា​ដើម​​ ។ "ដូច្នេះ​ករណី​ភ្ញៀវ​ទេសចរ​​គាត់​ចង់​នាំ​កូន​ៗ​​ឱ្យ​យល់​ដឹង​ពី​របៀប​ធ្វើ​កសិកម្ម​គឺ​គាត់​អាច​ចូល​រួម​ស្វែង​យល់​បាន​​ទាំង​ការ​ស្ទូង​ស្រូវ​ និង​ដាំ​ដំណាំ​ផ្សេង​ៗ​”​​​។

ឯកឧត្ដម​ថា ​សួន​កម្សាន្ត​បែប​ធម្មជាតិ​ គឺ​យក​គំរូ​ដូច​គ្នា​ទៅ​​នឹង​សួន​កម្សាន្ត​បែប​ធម្មជាតិ​​មួយ​នៅ​ក្នុង​ប្រទេស​ចិន​។ "​អញ្ចឹង​ពេល​ទៅ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​ចិន​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ខ្ញុំ​ក៏​បាន​ឃើញ​សួន​កម្សាន្ត​ហ្នឹង​ដែរ​​នៅ​ចិន​ តែ​ខ្ញុំ​ភ្លាម​ៗ​ ខ្ញុំ​​មិន​ចាំ​ខេត្ត​។​ មាន​ក្មេង​ច្រើន​មែន​ទែន ​ដែល​បាន​កម្សាន្ត​នៅ​ទី​នោះ​​”​​​។ ​​​ យ៉ាង​ណា​ក៏​ដោយ​​ការ​សាង​សង់​នឹង​ត្រូវ​ចំណាយ​ពេល​​​​​៥​ឆ្នាំ​ ​និង​តាម​​ដំណាក់​កាល​​ ខណៈ​ក្រុមហ៊ុន​បាន​សិក្សា​​​ប្លង់​គោល​ និង​វាយ​តម្លៃ​រួចរាល់​អស់​ហើយ​ បន្ទាប់​មក​នឹង​ដាក់​ឆ្លង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ​សម្រេច​​​ ដោយ​សារ​មាន​​ទំហំ​ទឹក​ប្រាក់​ធំ។​ នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្ដម​ វ៉ី សំណាង។ឯកឧត្ដម​ថា ​បើ​សួន​ធម្មជាតិ​នេះ​សាង​សង់​រួច​រាល់​​ ខេត្ត​កំពង់ស្ពឺ​​នឹង​អាច​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរ​ជាតិ​ច្រើន​​ឡើង​បន្ថែម​ទៀត​​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​​ ពិសេស​នឹង​ផ្ដល់​​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​​​ប្រមាណ​ ៥០០​នាក់​។ ការ​ផ្ដល់​ការងារ​មិន​ត្រឹម​​អាច​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ផ្ដល់​នូវ​ចំណេះ​ជំនាញ​ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​​។ ​​​

​​គួរ​បញ្ជាក់​ថា ​គម្រោង​សួន​ធម្មជាតិ​ខាង​លើ​នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃ​ដី​ជាង ២០០​​ហិច​តា​ ស្ថិត​នៅ​ក្នុង​ឃុំ​មហា​សាំង ​ស្រុក​ភ្នំស្រួច​ និង​ឃុំ​កា​ហែង​ ក្នុង​ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​ ក្រោម​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចូ​ហ្រ្គេន​អ៊ិន​វេស​ម៉ិន​ ឯ.ក​ (JOE GRAND ECOIN INEVETMENT Co .LTD)៕

អត្ថបទ៖ សុផល

មតិយោបល់