• 2019-05-27 03:42:11
  • ព័ត៌មាន

សេដ្ឋកិច្ចរីកចម្រើន ប៉ុន្តែសីលធម៌ធ្លាក់ចុះ ព្រោះអ្វី?

  • 2019-05-27 03:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សីលធម៌ជាពាក្យដែលប្រជាជនកម្ពុជាប្រើជាទូទៅ ប៉ុន្តែហាក់ដូចជាពុំសូវយល់ប៉ុន្មានទេ។ ដោយហេតុថា អំពើអសីលធម៌កើតឡើងព្រោងព្រាតនៅក្នុងសង្គម។ អសីលធម៌កើតចេញពីចិត្តមិនបានអប់រំ និងស្ដែងចេញតាមកាយ និងវាចា ហើយក៏ជាអាវុធសម្រាប់វាយប្រហារគ្នាទៅវិញទៅមកផងដែរ។ អ្នកខ្លះសប្បាយរីករាយព្រោះតែឈ្នះគេ ដោយអំពើអសីលធម៌ អ្នកខ្លះមានទោសព្រោះអំពើអសីលធម៌ ហើយអ្នកខ្លះត្រូវគេស្អប់ខ្ពើម ដោយសារអំពើអសីលធម៌។

សេដ្ឋកិច្ចរីកចម្រើន ប៉ុន្តែសីលធម៌ធ្លាក់ចុះ

អ្វីទៅជាសីលធម៌?

យោងតាមវចនានុក្រមខ្មែរ ឫសគល់នៃពាក្យ និងការបកស្រាយរបស់ព្រះសង្ឃតាមរយៈធម្មទេសនានានា យើងអាចយល់បានថា សីលធម៌ជា វិធីសាស្ត្រ បែបបទ ដំបូន្មាននាំឲ្យមនុស្សមានកិរិយា មារយាទល្អ មានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ទាំងកាយ វាចា និងចិត្តគំនិត។ សីលធម៌នេះហើយ ដែលជាហេតុនាំឲ្យមនុស្សមាននូវគុណធម៌ពិតប្រាកដ។

កាលពីពាក់កណ្ដាលខែតុលា ២០១៩ នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលក្នុងវេទិកាអរិយធម៌អាស៊ីនៅប្រទេសចិនថា សព្វថ្ងៃពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ប៉ុន្តែធ្លាក់ចុះផ្នែកសីលធម៌ និងអភិសមាចារគួរឲ្យព្រួយបារម្ភ។

បើក្រឡេកមើលក្នុងសង្គមខ្មែរយើង ទន្ទឹមនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យាក៏រីកចម្រើនខ្លាំង ប្រជាជនប្រមាណជាង៨លាននាក់កំពុងប្រើប្រាស់បណ្ដាញសង្គម និងចែកចាយរឿងរ៉ាវជាច្រើនមានទាំងព័ត៌មាន និងការអប់រំ ជាមួយគ្នានេះរូបភាពអសីលធម៌ក៏វាយប្រហារយ៉ាងសន្ធឹកដែរ។ ជាក់ស្ដែងដូចជាការជេរគ្នារបស់តារាល្បីៗ ការបង្ហោះរូបភាពប៉ះពាល់ដល់សិទ្ធិឯកជន ការវាយប្រហារគ្នារបស់អ្នកនយោបាយ និងអ្នកវិភាគសង្គម នាំឲ្យមានការរើសអើង និងប្រកាន់ទស្សនៈបក្សពួក ការផ្សព្វផ្សាយព័ត៌មានបំពុល និងការចែកចាយរូបភាពជេរប្រមាថគ្នានៃជនធម្មតាជាដើម។

ការរស់នៅប្រចាំថ្ងៃវិញ ស្ដែងតាមរយៈការបើកបរ ការចោលសំរាម ការមិនចេះជួយ និងយោគយល់អធ្យាស្រ័យគ្នាជាដើមនេះ កើតចេញពីការមិនយកចិត្តទុកដាក់គោរពច្បាប់រដ្ឋ ដែលជាប្រភពនៃសីលធម៌ និងមិនគោរពសីលធម៌សង្គម ដែលជាទំនៀមទម្លាប់ជាតិតាំងពីដើមមក។

ការធ្លាក់ចុះផ្នែកសីលធម៌នេះ លោកបណ្ឌិត ប៉ា ចាន់រឿន សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជាមើលឃើញថា មកពីកត្តាសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេស ភាពក្រីក្រក្នុងសង្គម ប្រជាជនគិតពីសេដ្ឋកិច្ចខ្លាំងពេក ភ្លេចសីលធម៌ ផលប៉ះពាល់ពីការចែកចាយរូបភាពអសីលធម៌តាមបណ្ដាញសង្គមខណៈបច្ចេកវិទ្យារីកចម្រើន ហើយបញ្ហាប្រឈមខ្លាំងគឺ ខ្វះខាតការលើកកម្ពស់ការអប់រំផ្នែកសីលធម៌ និងការគិតបែបត្រឹមត្រូវ។ លោកលើកឧទាហរណ៍បញ្ជាក់ថា ជាក់ស្ដែងការបង្កើតឲ្យមានសិក្ខាសាលា វេទិកាជជែកគ្នាពីបញ្ហាសីលធម៌ និងការគិតឲ្យត្រឹមត្រូវ ពុំទាន់មានការចាប់អារម្មណ៍ និងមានអ្នកឧបត្ថម្ភទេ ការផ្សព្វផ្សាយក៏ពុំសូវមានដែរ។ ជាមួយគ្នានេះអ្នកចូលរួមមានតិចតួចណាស់។ ផ្ទុយមកវិញកិច្ចការងារទាក់ទងនឹងសេដ្ឋកិច្ច ការដាក់ទុនរកស៊ី មានការចាប់អារម្មណ៍ច្រើនសន្ធឹកលើសលប់។ នេះបញ្ជាក់ថា ដុំបាយសំខាន់ជាងសីលធម៌

តើកង្វះសីលធម៌ក្នុងសង្គមបង្កជាបញ្ហាអ្វីខ្លះ?

តាមរយៈព្រះរាជបន្ទូលព្រះករុណាព្រះបាទព្រះបរមនាថ កង្វះសីលធម៌ នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូរបុគ្គល និងសង្គម និរន្តរភាពវប្បធម៌ និងចិរភាពសង្គមមនុស្ស។ លោកបណ្ឌិតប៉ា ចាន់រឿនយល់ថា កង្វះការគិតឲ្យបានត្រឹមត្រូវ (គ្រប់ជ្រុងជ្រោយ) និង សីលធម៌ គឺជាជំងឺរ៉ាំរ៉ៃរបស់សង្គម។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច មិនអាចឲ្យសង្គមមាននិរន្តរភាពបានទេ ប្រសិនបើការគោរពសីលធម៌ និងច្បាប់ធ្លាក់ចុះ។ ប៉ុន្តែមនុស្សនឹងងាកមករកសីលធម៌ នៅពេលដែលគេលែងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងសុខុមាលភាព។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់