• 2019-05-28 08:15:39
  • សេដ្ឋកិច្ច

អស់បារម្ភ! ចង់​បើក​អាជីវកម្មថ្មី អត់ទុនអាចសាកដាក់សំណើទៅមូលនិធិនេះបាន

  • 2019-05-28 08:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូល​និធិសម្រាប់​ការ​វិនិយោគ​មួយ​បាន​ប្រមូល​ថវិកាចំនួន​៥៥​លាន​ដុល្លារ​​ដើម្បី​ទុក​ជួយ​​ជា​ប្រ​ភព​ទុនសម្រាប់​អ្នក​ចង់​បង្កើត​អាជីវកម្ម ឬពង្រីក​អាជីវកម្ម​តែមិនមាន​ទុន​គ្រប់​គ្រាន់ដើម្បី​បំពេញ​ក្ដី​ស្រម៉ៃ​របស់​ខ្លួន។

OOCTANE ​ជាមូល​និធិ​មួយបង្កើតឡើង​កាលពី​ឆ្នាំ​ទៅ​ដោយ​លោក​ សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group ​ដោយ​ចាប់​ផ្ដើម​ពី​ថវិកា​៥​លាន​ដុល្លារ ហើយ​រហូត​មក​ដល់ពេល​នេះ​ មូល​និធិនេះមាន​ថវិកា​រហូត​ដល់​៥៥​លាន​ដុល្លារ។

(លោក Tapas KUILA ពេល​ផ្ដល់បទសម្ភាសន៍ជាមួយ​Sabay ព្រឹក​មិញ)

​​​​​អ្នក​ចាត់ការទូទៅ​របស់​មូល​និធិ​Ooctane លោក Tapas KUILA មាន​ប្រ​សាសន៍​ក្នុងបទសម្ភាសន៍ជា​មួយ​Sabay នៅ​ថ្ងៃ​នេះថា​ថវិកាទាំង​៥៥​លាន​ដុល្លារ​នេះ​បាន​មកពី​ថវិការបស់​លោក សៀ ឫទ្ធី និង​អ្នក​វិនិយោគស្និទ្ធ​នឹង​លោក​ សៀ ឫទ្ធី មួយ​ចំនួន​ទៀត។​

លោក​បន្ត​ថា​មូលនិធិ​នេះ បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ដល់​អ្នក​ចង់​បង្កើត​អាជីវកម្ម​ ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ប៉ុន្តែ​នៅ​ខ្វះ​ធនធាន ឬ​ការ​ប្រឹក្សា​យោបល់​ជា​ដើម។

លោក​បន្ថែមថា៖ «មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​ធ្វើ​រឿង​ទាំងនេះ ប៉ុន្តែ​ពួកគេ​បាន​ជួប​បញ្ហា​ប្រ​ឈម​មួយ​ចំនួន ដូច​ជា​មិន​មាន​ការ​គាំទ្រ​ត្រឹម​ត្រូវ​ណាមួយ​ជាដើម...​មិនត្រឹមតែ​ត្រូវ​ការ​ដើមទុន តែ​ក៏ត្រូវ​ការ​ការ​ជួយ​ផ្ដល់ប្រឹក្សា ការ​ណែនាំ ដើម្បី​ធ្វើអាជីវកម្ម​មួយ​ជោគជ័យ»។

អ្នក​ចង់​បង្កើត​អាជីវកម្មដំបូង ឬ​ចង់ពង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​អាច​ទាក់ទក​ដាក់​សំណើសុំ​មូលនិធិ ឬ​សុំ​ការ​ប្រឹក្សា​យោបល់​របាន ដោយ​មិន​ប្រ​កាន់​ថា​អាជីវកម្ម​លើវិស័យ​អ្វី​នោះទេ។

ទោះយ៉ាងណា លោកTapas KUILA ​មាន​ប្រ​សាសន៍​មូលនិធិ​ក៏​ចង់​ផ្ដោត​សំខាន់​លើ​អាជីវកម្ម​ទាក់​ទង​នឹង​ការ​ដឹក​ជញ្ជូនទំនិញឬ​មនុស្ស​ ការ​ធ្វើអាជីវកម្ម​តាម​អនឡាញ និង​អាជីវកម្ម​ទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​ទិញ លក់​ឬ​ជួល​អចលនទ្រព្យ​ជាដើម។

(សារ​របស់​មូលនិធិ)

លោក​បន្តយ៉ាង​ដូច​នេះថា៖ «ដូចជា​​មាន​App ទិញ​លក់​លើ​អនឡាញ ហើយ​ចង់​ពង្រីក​ទៅ​ខេត្ត​ផ្សេង​ទៀត នឹង​រក​ទុន​បន្ថែម យើងអាច​ជួយ​បាន យើង​អាច​ក្លាយជា​ដៃគូរ​អាជីវកម្ម...​យើងចង់​ធ្វើជា​ដៃគូ​អាជីវកម្ម...យើង​ឲ្យទុន​​ទៅ​អ្នក ហើយ​ត្រឡប់​វិញ​យើង​អាច​ក្លាយជា​ដៃគូអាជីវកម្ម​...​ហើយ​វាមិន​មែន​ជា​ប្រាក់កម្ចីទេ តែ​ជា​ដៃ​គូ យើង​ធ្វើការ​រួមគ្នា ដើម្បី​ភាព​រីក​ចម្រើន​របស់​ក្រុម​ហ៊ុន»។

សម្រាប់​ករណី​អ្នក​បើក​អាជីវកម្មថ្មី មានទុនខ្លួន​ឯង តែចង់បាន​ប្រឹក្សា​យោបល់ លោក​ថាក៏​ខាង​មូល​និធិជួយ​បាន​ផង​ដែរ និង​មិន​មាន​គិតថ្លៃអ្វី​នោះទេ ហើយ​មូលនិធិមាន​អ្នកជំនាញពី​សិង្ហបុរី និង​ម៉ាឡេស៊ីជាដើម​។ លោកTapas KUILA ថា៖ «មិនបាន​ទទួលអ្វីទេ​បើជួយ​ត្រឹម​យោបល់នោះ ប៉ុន្តែ​យើង​គិតថា​សព្វ​ថ្ងៃ​សេដ្ឋកិច្ច​​កំពុងរីកចម្រើន យើង​ត្រូវ​ការ​ធ្វើ​រឿង​នេះ បើ​មិនធ្វើទេ​ប្រាំឆ្នាំក្រោយ​នឹង​ទទេ យើង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ យើង​ជួយ​ដោយ​មិន​សម្លឹង​ឃើញ​ផល​ប្រ​យោជន៍​មក​វិញ​ទេ​»។

គួរ​បញ្ជាក់ថា​អ្នក​ចង់​បង្កើត​អាជីវកម្ម ឬចង់ពង្រីកអាជីវកម្ម​អាច​ទាក់ទង​ទៅ​មូល​និធិ Ooctane​ ដើម្បី​ដាក់​សំណើសុំ​មូល​និធិ​ឬ​ប្រឹក្សាយោបល់​បានចាប់ពីពេលនេះ​តទៅ ហើយ​មូល​និធិ​នេះមិនបាន​ដាក់​របារ​កំណត់​ចំនួន​ទុននោះទេ ពោលគឺតិច​ឬច្រើន​អាស្រ័យ​លើ​ទំហំ​នៃ​អាជីវ​កម្ម៕

អត្ថបទ៖ ទូច សុខា

មតិយោបល់