• 2019-05-29 08:58:22
  • ព័ត៌មាន

នារីខ្មែរ​ម្នាក់​បង្ហាញអារម្មណ៍​ពិត​ពេលបាន​ឡើង​ដល់​ជុំរុំភ្នំអេវើរ៉េស​

  • 2019-05-29 08:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​ជនជាតិ​ខ្មែរ​បម្រើការ​នៅ​ស្ថានទូត​អូស្រ្តាលី​ប្រ​ចាំកម្ពុជា​បាន​លើកឡើងថា​​នៅ​តាម​ផ្លូវ​ទៅ​កាន់​ជុំរុំ​ភ្នំអេវើរ៉េស​មាន​ទិដ្ឋភាព​ដ៏អស្ចារ្យ ស្រស់ស្អាត និង​មានឱកាស​បាន​ប្រាស្រ័យទាក់ទង​ជាមួយ​ប្រ​ជា​ជន​នៅ​ក្នុង​តំបន់​ផង។

(រូបភាព៖ ស្ថានទូតអូស្រ្តាលីប្រ​ចាំកម្ពុជា)

ស្ថានទូតអូស្រ្តាលី​នៅ​ថ្ងៃនេះ បាន​សរសេរនៅលើទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​​​ពី​ដំណើរ​ទៅ​កាន់​ប្រ​ទេស​នេប៉ាល់​របស់​បុគ្គលិក​របស់​ខ្លួនមាន​ឈ្មោះថា​ សុជាតា។ ប្រ​ភព​ខាង​លើ​បន្តថា​ សុជាតា ទើប​បាន​ត្រឡប់មកពី​ប្រ​ទេស​នេប៉ាល់​បន្ទាប់ពី​បាន​បញ្ចប់​ការ​​ឡើង​ទៅ​កាន់​ជុំ​រុំ​​ភ្នំអេវើរ៉េស។

(រូបភាព៖ ស្ថានទូតអូស្រ្តាលីប្រ​ចាំកម្ពុជា)

ស្ថាន​ទូត​សរសេរ​ថា៖ «សុជាតា បាន​ប្រាប់យើង​ថា ការ​ឡើង​ទៅ​កាន់ជុំរុំ​ភ្នំអេវើរ៉េស គឺមិន​គ្រាន់តែ​ជាការធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​គោល​ដៅនោះ​ទេ តែ​វាក៏​ជា​ការ​ចំណាយ​ពេល​រីករាយ​ចំពោះ​​ដំណើរ​កម្សាន្ត​​នៅតាម​ដងផ្លូវ​ផងដែរ​​។ អ្វី​ដែលរឹត​តែគួរ​ឲ្យចាប់​អារម្មណ៍​នោះគឺ ​ទិដ្ឋភាព​ដ៏អស្ចារ្យ​ សម្រស់​ដ៏ស្រស់​ស្អាត​នៃ​ជួរ​ភ្នំ និង​ការប្រា​ស្រ័យ​ទាក់​ទង​ជាមួយ​ប្រជាជន​ក្នុង​តំបន់»។

(រូបភាព៖ ស្ថានទូតអូស្រ្តាលីប្រ​ចាំកម្ពុជា)

បើ​តាម​ស្ថានទូតដដែល​បទពិសោធន៍​ឡើង​ភ្នំនេះ​មិនមែនជា​លើកទី​មួយ​របស់​ សុជាតា នោះទេ​ ដោយថា​កន្លង​មក​សុជាតា​ ធ្លាប់​ឡើង​ភ្នំវេនស៊ីផាន​ក្នុង​ប្រទេស​វៀតណាម​ ដែល​ជាភ្នំខ្ពស់ជាង​គេក្នុងតំបន់ឥណ្ឌូចិន​ និងភ្នំឱរ៉ាល់ ​ដែលជាភ្នំខ្ពស់​ជាងគេក្នុង​ប្រទេសកម្ពុជាថែម​ទៀត​ផង​​។

ស្ថានទូតអូស្រ្តាលីសរសេរ​បន្ថែមថា៖ «សុជាតា​លើក​ទឹកចិត្ត​ឲ្យអ្នក​រាល់​គ្នា​ក្នុង​ស្ថានទូត ​ទទួលយក​ការសាកល្បង​ដើម្បី​យក​​ឈ្នះ​លើ​​​ខ្លួន​ឯង​។ ​ជា​ធម្មតា សុជាតា មិនមែនជាអ្នក​ដែលចូល​ចិត្តប្រថុយ​ប្រថាន​នឹងគ្រោះថ្នាក់នោះទេ តែ​នាងតែង​តែបង្ហាញយើងនូវភាព​ក្លាហាន​ ដោយជ្រើស​រើសយក​ភាពរំភើប​​រីករាយ ​ជា​ជាង​ភាពភ័យខ្លាច»​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់