• 2019-06-01 07:29:40
  • ចរាចរណ៍

ក្រុមហ៊ុន​ធំ៣ ចាប់​ដៃគ្នា លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ សម្រាប់​សិស្សានុសិស្ស

  • 2019-06-01 07:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា បាន​សហការ​ជាមួយ​ធនាគារឯក​ទេស​វីង (ខេមបូឌា) លីមីតធីត និង​ក្រុមហ៊ុន CHEVRON​ ដើម្បី​បរិច្ចាគ​រនាំង​សុវត្ថិភាព​ចំនួន ៧0ផ្ទាំង ដល់​សាលា​រៀន​ចំនួន ១៧ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ដល់​សិស្សានុសិស្ស​នៅ​កម្ពុជា។

បើ​តាម​តួលេខ​ក្នុង​ឆ្នាំ ២០១៨ គ្រោះ​ថ្នាក់​ចរាចរណ៍​ឆក់​យក​ជីវិត​មនុស្ស​ជាង ១ ៥០០ នាក់។ បញ្ហា​គ្រោះថ្នាក់​ចរាចរ បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​សង្គម​កម្ពុជា។ គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​បាន​បណ្តាល​ឱ្យ​មនុស្ស​រាប់ពាន់​នាក់​រង​របួស​ និង​ទទួល​ពិការ​ភាព​ផ្នែក​រាងកាយ ដែល​ទាំង​នេះ​បាន​ជះ​ជា​ផល​ប៉ះពាល់​ដល់​លទ្ធភាព​របស់​ជន​រងគ្រោះ​ ក្នុង​ការ​ប្រកប​ការងារ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។

យោង​តាម​អ្នក​ជំនាញ ប្រទេស​កម្ពុជា​បាន​បាត់បង់​រហូត​ដល់ ៤00 លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ ជា​លទ្ធផល​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​មក​លើ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្រុម​គ្រួសារ និង​ប្រទេសជាតិ​ទាំង​មូល។

ការ​បរិច្ចាគ​រនាំង​សុវត្ថិភាព​នេះ គឺជា​ផ្នែក​មួយ​ នៃ​កម្មវិធី​វិនិយោគ​សហគមន៍​របស់​ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា​ ក្នុង​ការ​ចូលរួម​លើក​កម្ពស់​សុវត្ថិភាព​កុមារ​កម្ពុជា ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ពី​ផ្ទះ​ទៅ​សាលារៀន​ និង​ពី​សាលារៀន​ទៅ​ផ្ទះ។ ទាំង​នេះ​ក៏​ដោយ​សារ​តែ​កុមារ​ទាំងអស់ ជា​ធនធាន​មនុស្ស​ជំនាន់​ក្រោយ​ និង​ជា​អ្នក​ដឹក​នាំ​នា​ពេល​អនាគត​ដ៏​សំខាន់​សម្រាប់​ប្រទេស​ជាតិ។

កុមារ​ជាង ៥000 នាក់ រស់​នៅ​ក្នុង​ខេត្ត​កណ្តាល​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សកម្មភាព​នេះ តាម​រយៈ​ការ​ដាក់​រនាំង​សុវត្ថិភាព​នៅ​លើ​ផ្លូវ​ធំៗ នៅ​ជុំវិញ​សាលា​រៀន​របស់​ពួកគេ។

លោក David Nutman​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា មាន​ប្រសាសន៍​ថា "ការ​បរិច្ចាគ​នេះ គឺ​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន ក្នុង​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ និង​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស។ កុមារ​ គឺជា​សសរស្តម្ភ​ដ៏​សំខាន់​នៃ​អនាគត​របស់​ប្រទេស​កម្ពុជា​ ហើយ​ការ​ការពារ​សុវត្ថិភាព​របស់​ពួកគេ នឹង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ជា​យូរ​អង្វែង​ និង​ប្រកប​ដោយ​និរន្តរភាព ​សម្រាប់​ប្រទេស​កម្ពុជា។"

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បរិច្ចាគ​រនាំង​សុវត្តិភាព ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ សាលា​បឋម​សិក្សា​ទេព​ប្រណម្យ លោក​ឈុន វឌ្ឍនភក្តី នាយក​ផ្នែក​អាជីវកម្ម​សហគ្រាស នៃ​ធនាគារ​ឯកទេស​វីង បាន​បង្ហាញ​ថា "វា​គឺ​ជា​កិត្តិយស​មួយ​សម្រាប់​ធនាគារ ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​មួយ​នេះ។ ធ្វើ​ការ​រួមគ្នា​ដើម្បី​កម្ពុជា គឺជា​គោល​ជំហរ​របស់​ធនាគារ ហើយ​គោល​ជំហរ​នេះ​រមែង​ស្ថិត​នៅ​ក្នុង​សកម្ម​ទំនួល​ខុស​ត្រូវ​សង្គម​របស់​យើង​លើ​វិស័យ​មួយ​ចំនួន​រួមមាន៖ អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ សហគ្រិនភាព ការអប់រំ និង​បរិស្ថាន។ វីង ជឿ​ជាក់​ថា​គម្រោង​រនាំង​សុវត្ថិភាព​មួយ​នេះ នឹង​រួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​កសាង​អនាគត​សម្រាប់​កុមារ​កម្ពុជា។"

លោក សម សុវត្ថារ៉ា តំណាង​ក្រុមហ៊ុន CHEVRON ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា "យើង​មាន​មោទនភាព ក្នុង​ការ​ចូល​រួម​ក្នុង​គម្រោង​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​មួយ​នេះ ដោយ​សារ​សុវត្ថិភាព​តាម​ដង​ផ្លូវ គឺជា​សសរស្តម្ភ​មួយ នៃ​ក្រុមហ៊ុន​កាល់តិច។ យើង​មាន​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ ក្នុង​ការ​ធានាការ​ធ្វើ​ដំណើរ​ដោយ​រលូន​ និង​មាន​សុវត្ថិភាព មិន​ត្រឹមតែ​សម្រាប់​អ្នក​បើកបរ​ម៉ូតូ​របស់​យើង​ទេ ​ប៉ុន្តែ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់​មិន​ថា​នៅ​ទី​ក្រុង​ធំ ៗ ឬ​នៅ​តាម​បណ្ដា​ខេត្ត​នានា។ ក្នុង​នាម​ជា​ក្រុមហ៊ុនមួយ​ដែល​ជឿជាក់​លើ​ការ​ការពារ​មនុស្ស​ និង​បរិស្ថាន​ ការ​ការពារ​កុមារ​កម្ពុជា​មាន​ន័យថា​ការ​ការពារ​អនាគត​ នៃ​ប្រទេស​កម្ពុជា​ទាំង​មូល។"

អត្ថបទ៖ Sponsor

មតិយោបល់