• 2019-06-04 07:07:12
  • ព័ត៌មាន

កម្របំផុត! ប្រទះឃើញត្រីបាឡែនពិឃាដជាង ៣០ក្បាលនៅឈូងសមុទ្រថៃ (មានវីដេអូ)

  • 2019-06-04 07:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ត្រី​បាឡែន​ពិឃាដ​ជាង ៣០​ក្បាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ឈូង​សមុទ្រ​ថៃ​កាល​ពី​ចុង​សប្ដាហ៍​ដែល​កម្រ​ឃើញ​បំផុត​ពី​មុន​មក។

អ្នក​ទេសចរ​ដែល​មាន​សំណាង​មួយ​ក្រុម បាន​ប្រទះ​ឃើញ​ត្រី​បាឡែន​ពិឃាដ​ទាំង​នោះ និង​ផ្ដិត​យក​រូបភាព​ក៏​ដូច​ជា​វីដេអូ​មក​ចែក​ចាយ​ក្នុង​បណ្ដាញ​សង្គម​ថៃ។ យោង​តាម​បុរស​ជា​អ្នក​បើកបរ​ទូក​ទេសចរ​ឲ្យ​ដឹង​ថា ពួកគេ​បាន​ចាប់​ធ្វើ​ដំណើរ​ចេញ​ពី​ឆ្នេរ Sai Ree កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ខេត្ត Surat Thani ក៏​ស្រាប់​តែ​ប្រទះ​ឃើញ​ត្រី​បាឡែន​ទាំង​នេះ​តែ​ម្ដង។ ចំណែក​ឯ​អភិបាល​ខេត្ត Surat Thani លោក Wichawut Jinto ឲ្យ​ដឹង​ដែរ​ថា នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​ឆ្នាំ​នេះ ដែល​មាន​គេ​ប្រទះ​ឃើញ​ហ្វូង​ត្រី​បាឡែន​ពិឃាដ ដោយ​កាល​ពី​លើក​មុន​កើត​ឡើង​ក្នុង​ខែ​មេសា​កន្លង​ទៅ។

លើស​ពី​នេះ​ទៀត លោក​អភិបាល​ខេត្ត បាន​សំណូម​ពរ​ឲ្យ​ពលរដ្ឋ ឬ​ទេសចរ​ទាំង​អស់​ដែល​ប្រទះ​ត្រី​បាឡែន សូម​មេត្តា​កុំ​ទៅ​ជិត​ឬ​ដេញ​វា​ឲ្យ​សោះ ព្រោះ​អាច​រង​ការ​វាយ​ប្រហារ​ពី​ពួកវា​បាន។ ដោយ​ឡែក ការ​ឲ្យ​ចំណី​ពួកវា​ក៏​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង​ផង​ដែរ​យោង​ទៅ​តាម​ច្បាប់​អភិរក្ស​សត្វ។

គួរ​បញ្ជាក់​ថា ត្រី​បាឡែន​ពិឃាដ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រភេទ​រង​ការ​គំរាម​កំហែង​ខ្ពស់​អាចឈាន​ដល់​កាល​ផុត​ពូជ ហើយ​រដ្ឋាភិបាល​ថៃ​បាន​ចេញ​ច្បាប់​ដើម្បី​អភិរក្ស​សត្វ​ប្រភេទ​នេះ​ដោយ​អ្នក​ល្មើស​ឬ​នេសាទ​ពួកវា​ដោយ​គ្មាន​ការ​អនុញ្ញាត ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ទោស​រហូត​ដល់ ៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤ម៉ឺន​បាត (១ ២៧៥​ដុល្លារ) ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Coconut ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់