• 2019-06-05 03:36:37
  • ព័ត៌មាន

ចុង​បញ្ចប់​នៃមនុស្សជាតិ​អាច​នឹង​កើតមានឡើង​បើ​មនុស្ស​មិនភ្ញាក់​រលឹក​ទប់ស្កាត់​បញ្ហាកំពុង​កើតមាន​

  • 2019-06-05 03:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អរិយធម៌​របស់មនុស្ស​ប្រ​ហែល​ជា​អាច​ផុត​រលត់​​ទៅ​វិញ​នៅ​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ ដែល​នេះ​ជា​កង្វល់​មួយ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ស្រាវ​ជាវ​ថ្មី​មួយ ព្រមានពី​វត្តមាន​មនុស្ស​ជាតិ​នៅលើ​ផែន​ដី។

ការ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​នូវ​ផល​ប៉ះពាល់​កើត​ចេញពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ គួប​ផ្សំ​នឹង​ការ​មិនសូវ​យក​ចិត្ត​ទុក​ដាក់​ផង វា​នឹង​នាំ​ឲ្យ​ផែន​ដី​មិនអាច​សង្គ្រោះបាន និង​បង្កើត​ឲ្យមាននូវ​ភាពវឹក​វរ​នៅក្នុង​សង្គម​ជាតិទូទាំង​ពិភព​លោក​។

ការ​ស្រាវ​ជ្រាវ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ទីក្រុង​មែលប៊ន​ប្រទេស​អូស្រ្តាលី​នៃ​មជ្ឈមណ្ឌលNational Centre for Climate Restoration ​។​ ក្នុង​សេចក្ដី​ផ្តើម​នៃ​របាយការណ៍នេះ​អ្នក​ស្រាវជ្រាវ​សរសេរថា​ស្ថាន​ភាពមនុស្សជាតិ និង​ផែន​ដី​កំពុង​តែ​ជួប​នូវ​ភាព​ច្របូក​ច្របល់​ដែល​អាច​ធ្វើ​ឲ្យ​ជី​វិត​មនុស្ស​នៅ​លើ​ផែនដី​នេះ​ដើរ​ទៅរក​ទីបញ្ចប់​របស់​ខ្លួន ដោយ​សារមហន្តរាយអាក្រក់​មួយ។

ប្រ​ភព​ដដែល​បន្តថា​បច្ចុប្បន្ន​បម្រែ​សម្រួល​អាកាស​ធាតុ​ជាការ​គម្រាមកំហែង​មួយ​ដល់​អរិយធម៌​របស់​មនុស្សជាតិ ហើយបាន​អំពាវ​នាវ​ឲ្យ​ប្រ​ទេស​ទាំងអស់​នាំគ្នា​ទប់​ស្កាត់ ដោះស្រាយ​បញ្ហានេះ​មុន​វា​ឈាន​ដល់​ដំណាក់កាល​អាក្រក់។

​ក្រៅពី​បញ្ហា​បម្រែបម្រួលអាកាសធាតុ បញ្ហា​កង្វះទឹក ស្បៀង ក៏​នឹងក្លាយជា​ដើម​ហេតុ​នាំ​ឲ្យ​សង្គម​​មនុស្ស​ជ្រួលច្របល់​ដែល​ឈាន​ដល់​ជម្លោះ​កើត​ឡើង​នៅ​ប្រហែលជា​បី​ទសវត្សរ៍ខាង​មុខ។​

របាយកាណ៍នេះ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​និយាយថាវាជា​សេណារីយោ​មួយ​សម្រាប់​ការពិចារណា​ចំពោះ​អនាគត​របស់ផែន​ដីដែលអាច​ឈាន​ដល់​ភាព​ជ្រួល​ច្របល់​។​ ប្រ​ភព​ដដែល​អះអាង​ថា​បើ​គ្មាន​វិធាន​ការទាន់​ពេល និង​ច្បាស់លាស់លើ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ទេ នៅ​ឆ្នាំ​២០៣០ឧស្ម័ន​នេះ​នឹង​មានកាន់​តែ​ច្រើន។

​​​​តាមការ​សិក្សា​កន្លង​មក​ អ្នកជំនាញ​សន្និដ្ឋាន​ថា​នៅ​ឆ្នាំ​២០៥០​សីតុណ្ហភាព​នៅ​លើ​ផែន​ដី​អាច​ឡើង​២អង្សាសេ​បន្ថែម​ទៀត។ សមុទ្រទឹក​កក​នឹង​ចាប់​ផ្តើម​រលាយ កម្ដៅ​ក្នុង​សមុទ្រកើនឡើង​ និង​កម្ពស់​ទឹក​សមុទ្រ​ក៏​កើនឡើង​យ៉ាង​លឿនផង​ដែរ។ ទាំងនេះ​នឹងអាច​ធ្វើឲ្យ​តំបន់អាម៉ាហ្សូន​ជួបភាព​រាំងស្ងួត និង​រុក្ខជាតិ​ងាប់។

ប្រ​ភព​ដដែល​ពន្យល់​ថា​នៅ​ទ្វីប​អាម៉េរិក​ខាងជើង​នឹង​រងគ្រោះ​ដោយសារ​អាកាសធាតុ បណ្ដាលឲ្យ​ភ្លើង​ឆេះព្រៃ រកលកម្ដៅកើត​ឡើង ភាព​រាំងស្ងួត និង​វាល​រហោឋាន​។​ ខ្យល់​មូសុង​នៅ​ចិនធ្លាក់​ចុះ​ ទឹក​ហូរ​ចូល​ទន្លេធំៗនៅ​ទ្វីបអាស៊ី​ថម​ថយ​​ជាង​មួយ​ភាគ​បី​។ ក្រៅពីនេះ​ផ្ទាំង​ទឹកក​ក​រលាយ​​ដល់​៧០​ភាគ​រយ​ហើយ​នៅ​ភ្នំAndes ដែលជា​ភ្នំវែងជាងគេ​នៅ​ភាគ​​ខាងលិច​នៃទ្វីប​អាម៉េរិក​ខាង​ត្បូង​​​។

​តាម​ដែល​អ្វី​ដែល​បាន​លើក​ឡើងនេះ​នៅ​ឆ្នាំ២១០០​សីតុណ្ហភាព​នៅ​លើ​ផែន​ដី​នឹង​ឡើង​៥អង្សាសេ​បន្ថែម​ទៀត។​ ឯកសារ​ដដែល​បន្ថែមថា​គ្រាន់តែសីតុណ្ហភាព​នៅ​លើ​ផែន​ដី​ឡើង​២​អង្សា​បន្ថែម​មនុស្ស​មួយ​ពាន់​លាន​នាក់​ប្រហែល​ជា​ត្រូវ​ផ្លាស់កន្លែង​ គ្រោះ​មហន្តរាយកើតមានធ្ងន់ធ្ងរ នឹង​អាច​ឈាន​ដល់​ធ្វើ​ឲ្យ​អរិយធម៌​​មនុស្សជាតិដើរ​ដល់ទី​បញ្ចប់។

ប្រ​ភព​ខាង​លើ​និយាយ​ថា​ពិភព​លោក​សព្វ​ថ្ងៃមិន​ទាន់​បាន​គិត​ដល់​ថ្ងៃខាងមុខនោះទេ ហើយ​ថែម​ទាំង​បានធ្វើ​ការ​តិច​តួច​​ប៉ុណ្ណោះ​ដើម្បី​ដោះស្រាយ​​ផល​ប៉ះពាល់ពី​បម្រែ​បម្រួល​អាកាស​ធាតុ​នេះ​។​ ដើម្បី​គេច​ចេញពីគ្រោះ​ថ្នាក់នេះ​ ពិភព​លោក​ត្រូវ​ខិត​ខំ​ដោះស្រាយ និង​បញ្ចប់​ការ​បំភាយឧស្ម័ន​ផ្ទះ​កញ្ចក់​។

អ្នកស្រាវជ្រាវម្នាក់​និយាយថា៖ «​ចុងបញ្ចប់​នៃភព​ផែន​ដីអាច​ជៀស​ផុត​បាន បើមានការ​យក​ចិត្ត​ទុក​ដាក់ និងមានវិធានការត្រឹម​ត្រូវ។ យើង​ត្រូវ​រួមគ្នា យើង​ត្រូវ​ជួយ​គ្នា ដើម្បី​ធានាពី​និរន្តភាព​របស់​អនាគត​មនុស្ស​ជាតិ»៕​​

​​

​​​​

ប្រភព៖ Independent ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់