• 2019-06-05 08:23:30
  • សុខភាព

EZECOM ត្រៀមបរិច្ចាគថវិកា ២០លានរៀល ជួយដល់មន្ទីរពេទ្យកុមារអង្គរ

  • 2019-06-05 08:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា បានប្រកាសសម្ពោធនូវគម្រោងលើកស្ទួយសង្គមថ្មីមួយ ដែលមានឈ្មោះថា EzeCare ។ EzeCare គឺជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តមួយកម្រិតទៀតរបស់ក្រុមហ៊ុន EZECOM ក្នុងការចូលរួមចំណែកកែលម្អជីវភាពប្រជាជននិងសហគមន៍នៅក្នុងប្រទេសកម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាសព័ត៌មាន​ ដែល​ Sabay ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ២០១៩ នេះ។

យោងតាមក្រុមហ៊ុន EZECOM ឆ្នាំនេះ ក្រុមហ៊ុនបានសហការជាមួយមន្ទីរពេទ្យកុមារអង្គរ ក្នុងគោល​បំណង​ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យ ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីសកម្មភាពមនុស្សធម៌ដ៏សំខាន់របស់មន្ទីរពេទ្យនេះ ក្នុងការផ្តល់សេវាសុខភាពឥតគិតថ្លៃ និងមានគុណភាពខ្ពស់ ដល់កុមារកម្ពុជារាប់សែននាក់នៅក្នុងខេត្តសៀមរាប និងមកពីទូទាំងប្រទេសកម្ពុជា។ EzeCare គឺជាគម្រោងរយៈពេលវែងមួយ ហើយជារៀងរាល់ឆ្នាំ ក្រុមហ៊ុន EZECOM នឹងរិះរកសកម្មភាពមនុស្សធម៌ថ្មីស្រឡាងមួយ ដើម្បីគាំទ្រលើកស្ទួយ ឬឧបត្ថម្ភចំពោះសកម្មភាពណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

តាមរយៈ​សេចក្ដីប្រកាសព័ត៌មាន លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា “គម្រោង EzeCare គឺជាកិច្ចផ្តួចផ្តើមថ្មីមួយ ដែលពង្រីកការយកចិត្តទុកដាក់របស់ក្រុមហ៊ុន EZECOM ចំពោះសង្គមកម្ពុជា ថែមមួយកម្រិតទៀត។ តាមរយៈការបង្កើតគំនិតផ្តួចផ្តើមដោយផ្ទាល់ខ្លួនឯង យើងអាចធ្វើការកាន់តែជិតស្និទ្ធជាមួយក្រុមអ្នកទទួលផល និងបង្កើតលទ្ធផលដែលយើងចង់ទទួលបានដោយផ្ទាល់តែម្តង។”

មន្ទីរពេទ្យកុមារអង្គរ បានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ​១៩៩៩ ហើយដោយពឹងផ្អែកលើការឧបត្ថម្ភ និងវិភាគទានពីប្រភពផ្សេងៗទាំងក្នុងស្រុកនិងក្រៅស្រុក មន្ទីរពេទ្យនេះបាននិងកំពុងផ្តល់ក្តីសង្ឃឹមថ្មីដល់កុមារកម្ពុជារាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងនេះក្តី ដោយសារចំនួនអ្នកជំងឺកើនឡើង ចំណាយប្រតិបត្តិការរបស់មន្ទីរពេទ្យក៏បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយវាមានសារសំខាន់ណាស់ ដែលយើងនាំគ្នាផ្សព្វផ្សាយ​ការងាររបស់មន្ទីរពេទ្យនេះអោយបានដឹងលឺទូលំទូលាយ ដើម្បីអោយតួអង្គក្នុងស្រុកកាន់តែច្រើនអាចចូលរួមបរិច្ចាគ និងឧបត្ថម្ភថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីមន្ទីរពេទ្យអាចបន្តផ្តល់ការព្យាបាលឥតគិតថ្លៃដល់កុមារកម្ពុជាទូទាំងប្រទេស។

ដើម្បីចូលរួមចំណែកជាមួយគម្រោង EzeCare ក្នុងបេសកកម្មរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងផ្សព្វផ្សាយអំពីមន្ទីរពេទ្យនេះ សាធារណជនគ្រាន់តែចូលទៅកាន់ផេចហ្វេសប៊ុករបស់ក្រុមហ៊ុន EZECOM និងចែករំលែក(share) វីដេអូពីគម្រោង EzeCare នេះដែលនឹងបង្ហោះនៅថ្ងៃទី ០៤ មិថុនា ជាការស្រេច។ សម្រាប់រាល់ការចែករំលែកវីដេអូដើម ១ដង ក្រុមហ៊ុន EZECOM នឹងបរិច្ចាគទឹកប្រាក់ ២០០០រៀលជំនួសលោកអ្នករហូតដល់ ២០លានរៀល ដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ។

គួរកត់សម្គាល់ផងដែរថា យោងតាមក្រុមហ៊ុន EZECOM គម្រោង EzeCare នឹងមិនមកផ្លាស់ជំនួសសកម្មភាពសង្គមដែលមានស្រាប់ ដែលក្រុមហ៊ុនតែងបានធ្វើជាទៀងទាត់នោះទេ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន EZECOM តែងមានវត្តមានចូលរួមឧបត្ថម្ភគម្រោងនិងសកម្មភាពសង្គមចម្រុះជាច្រើន ក្នុងវិស័យអប់រំ បច្ចេកវិទ្យា និងសុខាភិបាល ជាដើម៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់