• 2019-06-07 02:53:30
  • សេដ្ឋកិច្ច

វីងរៀបចំទិវានៃភាពច្នៃប្រឌិត ដើម្បីណែនាំសេវាកម្មហិរញ្ញវត្ថុថ្មីសំដៅជួយដល់ការរីកចម្រើន នៃអាជីវកម្មនៅកម្ពុជា

  • 2019-06-07 02:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មធនាគារចល័តនៅកម្ពុជាបានរៀបចំ ទិវានៃភាពច្នៃប្រឌិតប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីសេវាកម្មហិរញ្ញវត្ថុថ្មីរបស់ធនាគារមួយនេះ សំដៅជួយលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងជួយដល់ការរីកចម្រើននៃអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

ទិវានៃភាពច្នៃប្រឌិតរបស់ធនាគារឯកទេសវីង ត្រូវបានរៀបចំឡើងជាលើកដំបូងនៅសណ្ឋាគារកាំបូឌីយ៉ាណាដែលមានអ្នកចូលរួមប្រមាណជាង ២00 នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធ ដៃគូសហការ និងអតិថិជនរបស់ធនាគារឯកទេសវីង។ ព្រឹត្តិការណ៍នេះ ក៏មានជាកម្មវិធីកិច្ចពិភាក្សា​លើ​ប្រធានបទស្តីពី "ដំណើរទៅកាន់ប្រព័ន្ធឌីជីថលនៃអាជីវកម្មខ្នាតតូច និងមធ្យម" ដែលអ្នកជំនាញនឹងពិភាក្សាអំពីការដាក់ប្រព័ន្ធឌីជីថលសម្រាប់ដំណើរការនៃសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ក្នុងអំឡុងកម្មវិធីនេះ ធនាគារឯកទេសវីង ក៏បានប្រកាសអំពីការដាក់សម្ពោធជាថ្មីនៃផលិតផលសហគ្រាសខ្នាតតូចនិងមធ្យមរបស់វីង តាមរយៈការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកគណនេយ្យ ដែលត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។ ភាពជាដៃគូនេះ មានន័យថា អតិថិជនដែលប្រើប្រាស់ផលិតផលសហគ្រាសខ្នាតតូចនិងមធ្យមរបស់វីង នឹងអាចប្រើប្រាសប្រព័ន្ធគណនេយ្យនៃក្រុមហ៊ុន BanhJi ដោយឥតគិតថ្លៃ សម្រាប់ដំណើរការអាជីវកម្មរបស់ពួកគេ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា ទោះបីជាសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា កំពុងជួបប្រទះនឹងបញ្ហាប្រឈម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ យើងឃើញថាអាជីវកម្មប្រភេទនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ ហេតុដូច្នេះ សេវាកម្មរបស់ធនាគារឯកទេសវីង នឹងជួយសម្រួលលើបន្ទុកមួយនេះ ដើម្បីឲ្យម្ចាស់អាជីវកម្មទាំងអស់ អាចផ្តោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ពួកគេ។

លោក ម៉ាឡូឡស បានបន្តថា គន្លឹះនៃភាពជោគជ័យរបស់យើង ស្ថិតនៅត្រង់ថា យើងតែងតែធ្វើអ្វីៗដែលមានភាពខុសប្លែកពីមុន តែជាមួយគោល​បំណង​ដូចគ្នា ពោលគឺផ្តល់ជូនប្រជាជនកម្ពុជាទាំងអស់នូវសេវាកម្មហិរញ្ញវត្ថុដែលមានងាយស្រួលសម្រាប់រាល់ប្រជាជនកម្ពុជា។ ធនាគារឯកទេសវីង មានសេចក្តីរីករាយក្នុងការប្រកាសភាពជាដៃគូ ជាមួយក្រុមហ៊ុន BanhJi ដែលជាក្រុមហ៊ុនច្នៃប្រឌិតថ្មី ដែលគុណតម្លៃដូចនឹងគុណតម្លៃរបស់វីងក្នុងការធ្វើអ្វីៗដែលមានភាពខុសប្លែកពីមុន។

លោក ស៊ីម ចាន់គិរិរ័ត្ន អគ្គនាយកក្រុមហ៊ុន BanhJi មានប្រសាសន៍ថា ការចាប់ដៃគូសហការជាមួយធនាគារឯកទេសវីង នឹងបើកឱកាសដ៏ធំធេងនិងគួរឱ្យចាប់អារម្មណ៍សម្រាប់អាជីវកម្មរាប់ពាន់នៅក្នុងប្រទេស។ ក្រុមហ៊ុន BanhJi សង្ឃឹមថានឹងមានការផ្លាស់ប្តូរលើផ្នែកប្រព័ន្ធឌីជីថលជាវិជ្ជមាន នៅលើសហគ្រាសខ្នាតតូចនិងមធ្យម។

លោក ស៊ីម មានប្រសាសន៍បន្តថា "យើងសង្ឃឹមថា ដំណើរផ្លូវដែលយើងកំពុងត្រួសត្រាយ នាពេលនេះ នឹងជម្រុញក្រុមហ៊ុនដទៃទៀតនៅទូទាំងប្រទេស ឱ្យបន្តណែនាំផលិតផលនិងសេវាកម្មដែលមានភាពច្នៃប្រឌិត ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមិនធ្លាប់ប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុពីមុនមក។ នេះគឺដោយសារតែអាជីវកម្មខ្នាតតូចៗរាប់ពាន់នេះនឹងដើរតួនាទីសំខាន់ក្នុងការកសាងអនាគតនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា"។

តាមរយៈចក្ខុវិស័យរបស់ធនាគារឯកទេសវីង ក្នុងការដាក់បញ្ចូលហិរញ្ញវត្ថុ នាពេលអនាគតខាងមុខ ធនាគារនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្នុងការដំណើរការបង់ថ្លៃអាជ្ញាប័ណ្ណសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមប្រព័ន្ធឌីជីថល ដល់គ្រប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។ ដំណើរការបង់ថ្លៃអាជ្ញាប័ណ្ណនេះ ត្រូវបានគេរំពឹងថានឹងអាចធ្វើបាននៅតាមភ្នាក់ងារវីងជាង ៦ 000កន្លែង ទូទាំងប្រទេសឬតាមរយៈគណនីវីង នៅលើគេហទំព័រសហគ្រាសខ្នាតតូចនិងមធ្យមរបស់ក្រសួង នាពេលខាងមុខ។

  • សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

  • ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

  • អ៊ីម៉ែល: marketing@wingmoney.com

  • ក្រុមហ៊ុន Banhji FinTech Co., Ltd

  • អ៊ីម៉ែល: roth@banhji.com

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង ផ្តល់ជូននូវការរួមបញ្ជូលហិរញ្ញវត្ថុ ទៅកាន់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដូចជា ផ្ទេរប្រាក់និងទទួលប្រាក់នៅក្នុងស្រុក បង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទិញទំនិញតាមអនឡាញ និងទូទាត់ដោយស្កេន QRកូដ ព្រមទាំងសេវាផ្ទេរប្រាក់អន្តរជាតិពីជាង ២០០ប្រទេសទូទាំងពិភពលោក។

ធនាគារឯកទេសវីង ជាក្រុមហ៊ុនឈានមុខគេ ផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់១០០% តាមរយៈបណ្ដាញភ្នាក់ងារវីងជាង ៦ ០០០កន្លែងនៅទូទាំងប្រទេស។ វីង បានចងសម្ព័ន្ធភាពជាមួយ អាជីវករជាង ៣០ ០០០ កន្លែង និងក្រុមហ៊ុនអន្តរជាតិរួមមាន Mastercard Western Union MoneyGram និងក្រុមហ៊ុន WorldRemit។ លើសពីនេះទៀត សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាក្រុមហ៊ុនធំៗ អាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់វីង ដើម្បីជួយសម្រួលដល់ប្រព័ន្ធនៃប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់។

អំពីក្រុមហ៊ុន Banhji FinTech Co., Ltd:

BanhJi គឺជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់ FinTech Startup (ពានរង្វាន់ ICT Award - ក្រុមហ៊ុនចាប់ផ្តើមថ្មីដែលល្អបំផុតប្រចាំឆ្នាំ 2018) ដែលផ្តល់ជូននូវវេទិកានិងកម្មវិធីហិរញ្ញវត្ថុសម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម ដែលមានការភ្ជាប់យ៉ាងពេញលេញជាមួយនឹងការទូទាត់និង ប្រព័ន្ធអេកូស៊ីស្ទែមផ្នែកហិរញ្ញវត្ថុ ដើម្បីអនុញ្ញាតឲ្យអាជីវកម្មទាំងនោះ ទទួលបាននូវការគណនេយ្យនិងសម្រួលដល់ការពន្ធរបស់ពួកគេ ក៏ការទូទាត់និងសេវាកម្មហិរញ្ញវត្ថុនិងលទ្ធភាពទទួលបានហិរញ្ញប្បទានមូលធន។ បច្ចុប្បន្ននេះមានសហគ្រាសខ្នាតតូច និងមធ្យមជាង ៣000 នាក់កំពុងប្រើប្រាស់ប្រព័ន្ធគណនេយ្យរបស់ក្រុមហ៊ុន។

អត្ថបទ៖ Sponsor

មតិយោបល់