- 2019-06-13 00:28:33
- ការអប់រំ
គ្រូបារម្ភពីការប្រើទូរស័ព្ទទំនើបរបស់សិស្សមិនត្រឹមត្រូវ នាំឲ្យរំខានការរៀនសូត្រ
- 2019-06-13 00:28:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបារម្ភពីការប្រើទូរស័ព្ទទំនើបរបស់សិស្សមិនត្រឹមត្រូវ នាំឲ្យរំខានការរៀនសូត្រ
ចន្លោះមិនឃើញ
មិនថាតែសិស្សនៅទីក្រុងទេ សូម្បីសិស្សនៅទីជនបទឆ្ងាយៗ ក៏មាន Smartphone ភ្ជាប់ជាមួយប្រព័ន្ធ Internet ដើម្បីប្រើប្រាស់ដែរ។ ប៉ុន្តែការប្រើប្រាស់របស់ពួកគេ ធ្វើឲ្យលោកគ្រូអ្នកគ្រូព្រួយបារម្ភខ្លាំង ពីបញ្ហាដែលអាចនាំឲ្យរំខានដល់ការសិក្សា។ ព្រោះបើតាមការសង្កេតមើលរបស់ពួកគាត់ផ្ទាល់ឃើញថា សិស្សានុសិស្សដែលមាន Smartphone ប្រើ ភាគច្រើនប្រើសម្រាប់តែការកម្សាន្ត ដូចជាលេង ហ្គេម ស្ដាប់តន្ត្រី លេងFacebook Chat ជាដើម ច្រើនជាងការប្រើដើម្បីស្រាវជ្រាវមេរៀន ឯកសារ តាមដានដំណឹងដែលពាក់ព័ន្ធការសិក្សា និងមុខងារមានប្រយោជន៍មួយចំនួនទៀត។
លោកគ្រូចេង ស៊ីថា គ្រូបង្រៀនមុខវិជ្ជារូបសាស្ត្រ និងគីមីសាស្ត្រ នៃវិទ្យាល័យព្រៃឃ្លៃ នាស្រុកជុំគិរី ខេត្តកំពតលើកឡើងថា ក្នុងចំណោមសិស្ស ២៥ ទៅ ៣០ នាក់ សិស្សដែលមានទូរស័ព្ទទំនើបប្រើ យ៉ាងហោចណាស់ពី ៨០ ភាគរយទៅ ៩០ ភាគរយ សម្រាប់សិស្សនៅជនបទ តួយ៉ាងសាលារបស់លោកគ្រូ។ ការប្រើប្រាស់របស់ពួកគេមិនបានបម្រើឲ្យការសិក្សានោះទេ។ បើតាមការបញ្ជាក់របស់លោកគ្រូ ស៊ីថា លោកគ្រូអ្នកគ្រូបន្ទុកថ្នាក់ ក៏ដូចជាគ្រូគ្រប់មុខវិជ្ជា តែងតែណែនាំជារឿយៗទៅកាន់សិស្សពីផលអវិជ្ជមានដោយសារការប្រើ Smartphone មិនបម្រើដល់ការសិក្សាស្រាវជ្រាវ។
អ្នកគ្រូកែវ មីលី ជាបណ្ណារក្ស និងជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរប្រាប់ថា សមត្ថភាពនៃការប្រើប្រាស់ និងការយល់ដឹងពីប្រព័ន្ធបច្ចេកវិទ្យារបស់គ្រូៗ និងប្រព័ន្ធផ្សព្វផ្សាយ នៅមានកម្រិត ជាហេតុដែលធ្វើឲ្យមានការលំបាកដល់ការពន្យល់ទៅកាន់សិស្សានុសិស្សពីផលប៉ះពាល់ និងអត្ថប្រយោជន៍នៃឧបករណ៍ទាំងនោះ។ អ្វីដែលបារម្ភជាងគេ គឺសិស្សថ្នាក់ទី ១២ ដែលត្រូវប្រលងនាពេលខាងមុខនេះ។ ពួកគេមានទូរស័ព្ទទំនើបប្រើគ្រប់ដៃ។ នេះបើតាមការលើកឡើងរបស់លោកគ្រូស៊ីថា។ គាត់ថា នេះជាឱកាសល្អបំផុតសម្រាប់ពួកគេដែលមានរបស់ទំនើបប្រើ បើពួកគេប្រើក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកឯកសារ និងតាមដានដំណឹងដែលពាក់ព័ន្ធនឹងការសិក្សា។ ប៉ុន្តែពួកគេបែរជាប្រើដើម្បីកម្សាន្តច្រើនលើសលប់ទៅវិញ។
លោកគ្រូស៊ីថា ក៏ដូចជាអ្នកគ្រូ មីលី បានមានប្រសាសន៍ដាស់តឿនសិស្សានុសិស្សទាំងឡាយ ជាពិសេសសិស្សដែលត្រូវប្រលងមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ឲ្យប្រុងស្មារតី កុំធ្វេសប្រហែស ខិតខំរៀនសូត្រ កុំកម្សាន្តជាមួយទូរស័ព្ទច្រើនលើសលប់ពេក សូមប្រើវាឲ្យត្រឹមត្រូវមានប្រយោជន៍ បើមិនដូច្នោះទេវានឹងបំផ្លាញអនាគតយើងមិនខាន។